សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បដិសេធមិនអនុវត្តតាមលិខិតសំណូមពររបស់អាជ្ញាធរស្រុកសុំឲ្យសហគមន៍បញ្ឈប់ត្រួសត្រាយធ្វើព្រំដីសហគមន៍ដោយគ្មានការសហការពីអាជ្ញាធរពាក់ព័ន្ធ។ សហគមន៍ទាមទារឲ្យអាជ្ញាធរខេត្តប្រញាប់ដោះស្រាយការតវ៉ារបស់សហគមន៍ទាក់ទិនគម្រោងផ្ដល់សម្បទានសង្គមកិច្ចដែលបង្កផលប៉ះពាល់ដីសហគមន៍អភិរក្ស។ តំណាងសហគមន៍មកពីភូមិចំនួនពីរ នៅឃុំប៊ូស្រា បានលើកបដាបង្ហាញជំហរមិនទទួលយកសំណូមពររបស់អាជ្ញាធរស្រុកដែលចាត់ទុកថា អ្នកភូមិធ្វើខុសច្បាប់។ ការលើកបដាតវ៉ារបស់សហគមន៍ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា បន្ទាប់ពីតំណាងសហគមន៍ និងសមាជិកគណៈកម្មការសហគមន៍ក្នុងឃុំប៊ូស្រា មានគ្នាប្រមាណ ៣០នាក់ជួបពិភាក្សាគ្នានៅភូមិទី៧ ហើយលើកបដាថតរូបបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គមរបស់សហគមន៍ជាសារបង្ហាញជាសាធារណៈថា សហគមន៍មិនបានធ្វើអ្វីខុសច្បាប់ដូចការលើកឡើងរបស់អាជ្ញាធរស្រុកនោះទេ។ អាជ្ញាធរស្រុកពេជ្រាដា កាលពីថ្ងៃទី២០ ខែមេសា បានធ្វើលិខិតជូនដំណឹងទៅតំណាងសហគមន៍ប៊ូស្រា ទាំង ៧ភូមិ ឲ្យណែនាំសមាជិកសហគមន៍គោរពច្បាប់ និងបញ្ឈប់ធ្វើសកម្មភាពទាំងឡាយដែលផ្ទុយច្បាប់ ហើយរង់ចាំការសម្រេចរបស់អាជ្ញាធរខេត្ត ពីព្រោះអ្នកភូមិបាននាំគ្នាចុះត្រួសត្រាយធ្វើព្រំដីសហគមន៍ដោយពុំមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន។ តំណាងសហគមន៍លោក ថ្លាង ថូ បញ្ជាក់នៅថ្ងៃទី២៣ ខែមេសា ថា អ្នកភូមិប្រើប្រាស់សិទ្ធិជនជាតិដើមដើម្បីការពារព្រៃឈើ និងដីធ្លីសហគមន៍អភិរក្ស ខណៈអាជ្ញាធរមិនអាចទប់ស្កាត់ការកាប់រានព្រៃអនាធិបតេយ្យប៉ះពាល់ព្រៃសហគមន៍។ លោកថា អ្នកភូមិបានតវ៉ាដោយសន្តិវិធីច្រើនឆ្នាំមកហើយ សុំឲ្យអាជ្ញាធរដោះស្រាយដីធ្លីសហគមន៍ដែលកំពុងរកការទន្ទ្រានកាន់កាប់ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន ព្រៃឈើតំបន់សហគមន៍អភិរក្សរាប់ពាន់ហិកតារត្រូវបានគេកាប់រានដើម្បីយកដីក្រោមហេតុផលជាដីសម្បទានសង្គមកិច្ច៖ «អត់ទទួលយកទេ ខេត្តក៏មានតាមការពិតដីសង្គមកិច្ចហ្នឹងវាផ្ទុយទេ ដីសង្គមកិច្ចហ្នឹងពួកខ្ញុំបដិសេធអត់ឲ្យ»។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន សុំបញ្ជាក់ការទាមទាររបស់សហគមន៍បានទេ នៅថ្ងៃទី២៣ ខែមេសា។ យ៉ាងនេះក្ដី អភិបាលរងខេត្តមណ្ឌលគិរី លោក ចឹង សុចន្ថា ថ្លែងថា អាជ្ញាធរខេត្តគោរពសិទ្ធិដីធ្លី និងការអភិរក្សធនធានធម្មជាតិរបស់សហគមន៍ ក៏ប៉ុន្តែការអនុវត្តសិទ្ធិសហគមន៍ក៏ត្រូវអនុលោមតាមច្បាប់កំណត់។ លោកថា អាជ្ញាធរខេត្តនឹងចាត់វិធានការដោះស្រាយការតវ៉ារបស់សហគមន៍នៅពេលឆាប់ៗនេះ ពីព្រោះក្រុមការងារប្រមូលទិន្នន័យស្រាវជ្រាវពាក់ព័ន្ធរឿងរ៉ាវដែលអ្នកភូមិតវ៉ាបានធ្វើរួចរាល់ហើយ៖ «យើងមិនដែលឲ្យអ្នកណាមួយទៅរំលោភយកដីកម្មសិទ្ធិរបស់គាត់ដែលច្បាប់បានទទួលស្គាល់ជាកម្មសិទ្ធិរបស់ពួកគាត់ទាំងដីសហគមន៍ ទាំងដីកម្មសិទ្ធិឯកជន។ យើងក៏ពិនិត្យដែរ ជាក់ស្ដែងបើពាក់ព័ន្ធការគ្រប់គ្រងដីធ្លីនេះត្រូវមានផែនទីច្បាស់លាស់ មានការទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធមិនអាចថា សិទ្ធិគាត់ចង់ទៅយកកន្លែងណាក៏បាន»។ ទាក់ទិនករណីនេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍ថា បំណងរបស់សហគមន៍ដែលនាំគ្នាចូលត្រួសត្រាយធ្វើព្រំដីសហគមន៍ គឺដើម្បីរារាំងកុំឲ្យជនខិលខូចបន្តកាប់រាន និងចូលទៅកាន់កាប់ដីបានមកពីការកាប់រានព្រៃឈើខុសច្បាប់។ លោកបន្តថា ការផ្ដល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរខេត្តមិនបានត្រឹមត្រូវ គឺជាមូលហេតុនាំឲ្យសហគមន៍ប្រើសិទ្ធិរបស់ខ្លួនដើម្បីការពារដីធ្លី និងព្រៃឈើត្រៀមចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមូហភាព៖ «គាត់គ្រាន់តែទៅកំណត់ ហើយទុកកន្លែងទាំងអស់ហ្នឹង ជម្រាបជូនអាជ្ញាធរវិញ ថាតំបន់ហ្នឹងត្រូវតែការពារដើម្បីទុកឲ្យគាត់ចុះបញ្ជីនៅថ្ងៃណាមួយ ចៀសវាងកុំឲ្យជនខិលខូចយកលេសថា ខ្លួនបានដីសម្បទានសង្គមកិច្ច ហើយចេះតែរានព្រៃបន្ថែម»។ តំណាងសហគមន៍ប៊ូស្រា ឲ្យដឹងថា ពួកគេនឹងបន្តនាំគ្នាធ្វើព្រំដីសហគមន៍ ប្រសិនអាជ្ញាធរមិនចុះដោះស្រាយបញ្ចប់បញ្ហា។ សហគមន៍ស្នើសុំឲ្យរាជរដ្ឋាភិបាលលុបចោលការផ្ដល់ដីសម្បទានសង្គមកិច្ច ៣ពាន់ហិកតារនៅតំបន់វាលយោង ក្នុងឃុំប៊ូស្រា ពីព្រោះគម្រោងនេះមានភាពមិនប្រក្រតី និងអំពើខុសច្បាប់ច្រើន៕ ប្រភពៈ RFA
↧