Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

តំណាងរាស្រ្តបក្ស​ប្រឆាំង​​ស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ​ករណីចាប់ខ្លួន លោក អ៊ុំ សំអាន

$
0
0
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណ៤០រូប បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី សុំឲ្យព្រះអង្គព្រះរាជអន្តរាគមន៍ ករណីចាប់ខ្លួនតំណាងរាស្រ្តមណ្ឌលសៀមរាប លោក អ៊ុំ សំអាន។ ក្នុងលិខិតមួយចុះថ្ងៃទី២២ខែមេសា ដែលមានហត្ថលេខាតំណាងរាស្រ្តបក្សប្រឆាំង តំណាងរាស្រ្តទាំងនោះលើកឡើងថាកាលពីថ្ងៃទី១២ ខែមេសា រដ្ឋសភាបានបើកកិច្ចប្រជុំមួយដោយមានវត្តមានតំណាងរាស្រ្ត៦៣រូបមកពីគណបក្សប្រជាជនកម្ពុជាហើយបានអនុម័តឲ្យតុលាការបន្តនីតិវិធីលើលោក អ៊ុំ សំអាន។ តំណាងរាស្រ្តបញ្ជាក់ថានេះ”រំលោភទាំងស្រុង”លើមាត្រា៨០នៃរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យមានសំឡេង២ភាគ៣ ឬ៣ភាគ៤នៃសមាជិករដ្ឋសភាទាំងមូល ដើម្បីសម្រេចឬផ្អាកការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា។ ក្នុងលិខិតនោះ សមាជិកសភាមកពីបក្សប្រឆាំងបានស្នើព្រះរាជអន្តរាគមន៍ឲ្យដោះលែង លោក អ៊ុំ សំអាន ដោយថាព្រះមហាក្សត្រជា”អាជ្ញាកណ្តាលដើម្បីធានាប្រព្រឹត្តទៅអំណាចសាធារណៈឲ្យមានភាពទៀងទាត់ដូចមានចែងក្នុងមាត្រា៩នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាការចាប់ខ្លួនលោក អ៊ុំ សំអាន ត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដោយថាតំណាងរាស្រ្តរូបនោះបានញុះញង់បង្កឲ្យមានភាពស្មុគស្មាញនិងមានជម្លោះជាមួយប្រទេសជិតខាង។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកជាការដកស្រង់សម្តីរបស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា៖ “ការឃាត់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដែលឋិតនៅក្នុងបន្ទុកនៃការញុះញង់ ធ្វើឲ្យមានភាពស្មុគស្មាញនិងជម្លោះជាមួយប្រទេសជិតខាងដែលប្រឆាំងនិងរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជា”។ ទាក់ទងនឹងការឃាត់ខ្លួននិងឃុំខ្លួនលោក អ៊ុំ សំអាន អង្គការសង្គមស៊ីវិលនិងគណបក្សសង្រ្គោះជាតិចាត់ទុកថាជាការរំលោភលើរដ្ឋធម្មនុញ្ញនិងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារួមតូច។ អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ធ្លាប់បានលើកឡើងថាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន នៅតែមានអភ័យឯកសិទ្ធិ ដោយលោកថាសភានឹងដកអភ័យឯកសិទ្ធិរបស់លោក ប្រសិនមានការស្នើពីតុលាការនិងទទួលបានការគាំទ្រពីសំឡេង២ភាគ៣នៃសមាជិករដ្ឋសភា។ គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មនឹងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។ លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដោយស្ថិតនៅក្រោមការពិនិត្យលើបទចោទទាំងពីរ៕ ប្រភពៈ VOA

Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>