អ្នកការពារសិទ្ធិមនុស្សចុងក្រោយនៅកម្ពុជា លោក អុំ សំអាត បានរងការវាយដុំ ក្នុងអំឡុងពេលលោកកំពុងបំពេញការងារឃ្លាំមើលប្រជាពលរដ្ឋជាអ្នករងគ្រោះដោយការបណ្តេញចេញពីលំនៅស្ថានប្រារព្ធទិវា “សិទ្ធិលំនៅស្ថានពិភពលោក” ខួបលើកទី៣១នៅព្រឹកមិញនេះ។ ក្រៅពីមន្ត្រីសិទ្ធិមនុស្សលីកាដូរូបនេះ អ្នកចូលរួមមួយចំនួនទៀត ក៏បានរងរបួសផងដែរ។
ការប៉ះទង្គិចគ្នាបានកើតឡើង នៅពេលដែលអាជ្ញាធរទីក្រុងភ្នំពេញបានព្យាយាមដណ្តើមយកសំភារៈពីប្រជាពលរដ្ឋដែលកំពុងហែរក្បួននៅក្នុងទិវា“សិទ្ធិលំនៅស្ថានពិភពលោក” ខួបលើកទី៣១ ថ្ងៃទី១០ តុលា ឆ្នាំ២០១៦នេះ។ ក្បួនដង្ហែរដែលផ្តើមចេញពីអតីតសហគមន៏ដីក្រហមស្ថិតនៅក្បែមន្ទីររដ្ឋសភា ដែលជាតំបន់រងការបណ្តេញចេញពីលំនៅស្ថានកាលពីជាង៦-៧ឆ្នាំមុន។ ប៉ុន្តែក្បួនដង្ហែររបស់អតីតអ្នករងគ្រោះដោយការបណ្តេញចេញពីលំនៅស្ថានទាំងនេះ បានរងការបង្ក្រាប នៅពេលក្បួនបានដើរទៅដល់ជិតវត្តឧណ្ណាលោម ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។
ជាតុល្យការក្រោយនៃការប៉ះទង្គិចគ្នានោះ អ្នកការពារសិទ្ធិមនុស្សលីកាដូម្នាក់ គឺលោក អុំ សំអាត ដែលជាប្រធានផ្នែកស៊ើបអង្កេត បានរងរបួសលើផ្ទៃមុខនិងរង្វង់ករ នៅពេលលោកបានព្យាយាមចូលទៅសម្របសម្រួលរវាងកម្លាំងសន្តិសុខនិងប្រជាពលរដ្ឋ។ ក្រៅពីនេះ លោក ចាន់ ពុទ្ធិស័ក ដែលជាជនរងគ្រោះដីធ្លីមកពីសហគមន៏បឹងកក់ម្នាក់ទៀត ក៏ត្រូវបានកម្លាំងសន្តិសុខវាយឲ្យបែកឈាម ក្នុងពេលលោកកំពុងថតពីសកម្មភាពនៃការវាយបង្ក្រាបនេះ។
នៅហ្នឹងកន្លែងកើតហេតុ លោក អុំ សំអាត បានថ្លែងថ្កោលទោសចំពោះសកម្មភាពវាយប្រហារមកលើរូបលោក និងបានចាត់ទុកសកម្មភាពនេះថា ជាការរំលោភសិទ្ធិមនុស្សថ្មីមួយទៀត ដែលរដ្ឋាភិបាលមិនអាចបដិសេធបានឡើយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អាជ្ញាធរទីក្រុងភ្នំពេញនៅមិនទាន់មានការពន្យល់នៅឡើយទេ។
គួរជំរាបជូនថា ការប្រារព្ធទិវា “សិទ្ធិលំនៅស្ថានពិភពលោក” ខួបលើកទី៣១ ថ្ងៃទី១០តុលាឆ្នាំ២០១៦នេះ ត្រូវបានប្រជាពលរដ្ឋជាជនរងគ្រោះដោយការបណ្តេញចេញពីលំនៅស្ថានផ្ទាល់ជាង២០០នាក់មកពីសហគមន៍បឹងកក់ សហគមន៍ដីក្រហម បុរីកីឡា និងសហគមន៏មួយចំនួនទៀតប្រារព្ធឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញប្រជាពលរដ្ឋពីលំនៅស្ថានក្រោមពាក្យ “អភិវឌ្ឍន៍។ ការប្រារព្ធទិវា “សិទ្ធិលំនៅស្ថានពិភពលោក” នៅថ្ងៃនេះ ក៏ភ្ជាប់ជាមួយយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងមន្ត្រី គ.ជ.ប មួយរូបដែលកំពុងជាប់ពន្ធនាគារព្រៃសរផងដែរ។
គួរកត់សំគាល់ថា ការវាយប្រហារមកលើអ្នកការពារសិទ្ធិមនុស្សនៅពេលនេះ បានធ្វើឡើងចំពេលដែលអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជារបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូ ណាស្មីត កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១០តុលានេះតទៅ៕
ប្រភព៖ rfi
ព័ត៌មានទាក់ទង៖ លោក អំ សំអាត ត្រូវកម្លាំងសន្តិសុខខណ្ឌដូនពេញវាយអោយរបួស
មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) មួយរូប ត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញ វាយឲ្យរបួស ខណៈលោកកំពុងឃ្លាំមើលការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅព្រឹកថ្ងៃទី១០ តុលា។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ដែលកំពុងតាមឃ្លាំមើលការដង្ហែក្បួនរបស់សហគមន៍មានទំនាស់ដីធ្លីក្នុងឱកាសទិវាសិទ្ធិលំនៅឋានពិភពលោក ថ្ងៃចន្ទនេះ ត្រូវបានសន្តិសុខខណ្ឌដូនពេញ ព្យាយាមចាប់ខ្លួន និងវាយចំក និងក្បាល។ ប៉ុន្តែលោកបានរើបម្រាស់ និងគេចខ្លួនបាន ដោយរងរបួសស្រាល។
ការប្រើអំពើហិង្សារបស់កម្លាំងសន្តិសុខខណ្ឌដូនពេញនេះ កើតឡើងខណៈ ពលរដ្ឋសហគមន៍មានទំនាស់ដីធ្លី នាំគ្នាដង្ហែក្បួនចេញពីតំបន់ដីក្រហម ក្នុងក្រុងភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចរារាំងមិនឲ្យធ្វើពិធីនេះ។ ពួកគេនាំគ្នាដង្ហែក្បួនក្រោមតំណក់ភ្លៀង មានបដាក្នុងដៃ និងឆៃយ៉ាំបំពងសំឡេងផង ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។ ពេលក្បួនមកដល់ម្ដុំសាលាវិចិត្រសិល្បៈ ក៏មានសន្តិសុខខណ្ឌដូនពេញមួយឡាន បានចុះមកដណ្ដើមបដារបស់អ្នកតវ៉ា ប្រតាយប្រតប់គ្នា និងវាយអ្នកចូលរួមមានលោក ចាន់ ពុទ្ធិស័ក្តិ និងអ្នកដទៃឲ្យរងរបួស។
នៅព្រឹកថ្ងៃច័ន្ទ ទី១០ តុលានេះ សហគមន៍មានទំនាស់ដីធ្លីនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តជាច្រើនរយនាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច រារាំងមិនឲ្យ ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅតំបន់ដីក្រហមតាមគម្រោងទេ ដោយឲ្យទៅធ្វើពិធីនេះ នៅទីលានប្រជាធិបតេយ្យជំនួសវិញ។
តាមគម្រោងសហគមន៍មានទំនាស់ដីធ្លីគ្រោងជួបជុំគ្នានៅតំបន់ដីក្រហម ជាទីកន្លែងដែលរដ្ឋាភិបាលជាមួយក្រុមហ៊ុន បានប្រើហិង្សាបណ្ដេញពលរដ្ឋចេញពីទីនោះនៅឆ្នាំ២០០៩ ។គម្រោងប្រមូលម្តុំនៅទីនោះ គឺដើម្បីថ្លែងសារទុក្ខលំបាកនានាផ្ញើទៅរដ្ឋាភិបាល និងដង្ហែញត្តិដាក់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើកុំឲ្យប្រើប្រព័ន្ធតុលាការចាប់អ្នករងគ្រោះដីធ្លី ស្នើឲ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដីធ្លី និងទាមទារថា រាល់ការអភិវឌ្ឍត្រូវផ្ដល់សំណងសមរម្យ ឬអភិវឌ្ឍនៅនឹងកន្លែង។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
ប្រភព៖ RFA