លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងមកដល់ប្រទេសខ្មែរនៅថ្ងៃចន្ទស្អែកនេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេល១០ថ្ងៃ។ ចំពោះដំណើរទស្សនកិច្ចនេះ សមាគមការពារសិទ្ធិមនុស្សអាដហុកនឹងស្វែងរកអន្តរាគមន៍ពីអ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សរូបនេះក្នុងការឈានទៅរកការដោះលែងមន្ត្រីរបស់ខ្លួនចំនួន៤នាក់ និងមន្ត្រីគ.ជ.បម្នាក់ទៀតឲ្យមានសេរីភាពឡើងវិញ។
លោកស្រីឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមាររបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា សមាគមអាដហុកនឹងបញ្ជូនតំណាងរបស់ខ្លួនពីរឫបីនាក់ទៅជួបលោកស្រីរ៉ូណា ស្មីត នៅពេលដែលលោកស្រីមកដល់ប្រទេសកម្ពុជាភ្លាមៗ ពោល គឺអាចនឹងនៅដើមដំណើរទស្សនកិច្ចរបស់លោកស្រីតែម្តង។ សមាគមអាដហុកនឹងរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅកាន់លោកស្រីរ៉ូណា ស្មីត ហើយរឿងចាំបាច់បំផុតនៅពេលបានជួបជាមួយលោកស្រីរ៉ូណា ស្មីតនោះ អាដហុកនឹងសុំអន្តរាគមន៍ពីលោកស្រី ដើម្បីស្វែងការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សរបស់ខ្លួនចំនួន៤នាក់ និងមន្ត្រីគ.ជ.បម្នាក់ទៀតឲ្យមានសេរីភាពឡើងវិញ។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុកទាំង៤នាក់រួមលោកនី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដា និង អ្នកស្រី លឹម មុនី ។ ពួកគេទាំងនេះ ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។ ចំណែកលោកនី ចរិយា ដែលជាអគ្គលេខាធិការរងគ.ជ.ប និងជាអតីតមន្ត្រីជាន់ខ្ពស់របស់សមាគមអាដហុក ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងរឿងសូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងអាស្រូវស្នេហាដ៏រវាងលោកកឹម សុខា និង កញ្ញាខុម ចាន់តារ៉ាទីហៅស្រីមុំ។ មកដល់ពេលនេះ ពួកគេទាំង៥នាក់ត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារជាង៥ខែមកហើយ។
ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សដូចគ្នា លោកស្រីឆន សុគន្ធា ដែលក៏ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅទៅបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះដែរចង់ឃើញពួកគេទាំងនេះ ត្រូវបានដោះលែងក្នុងពេលឆាប់។ ដូច្នេះហើយ លោកស្រីបានជំរុញឲ្យលោកស្រីរ៉ូណា ស្មីត ត្រូវបានបង្កើនការងារអន្តរាគមន៍របស់គាត់ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជាក្តីសង្ឃឹមដល់អ្នកការពារសិទ្ធិមនុស្ស។
សូមជម្រាបជូនថា លោកស្រីរ៉ូណា ស្មីតនឹងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ខែតុលាហើយនេះជាដំណើរទស្សនកិច្ចលើកទី៣ហើយរបស់លោកស្រីមកកាន់កម្ពុជា។ដំណើរទស្សនកិច្ចលើកនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យស្ថានភាពនយោបាយជាទូទៅ ក៏ដូចជាទិដ្ឋភាពសិទ្ធិមនុស្សសំខាន់ៗនៅកម្ពុជា ដើម្បីចងក្រងជារបាយការណ៍មុននឹងបង្ហាញទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១។ នៅក្នុងអំឡុងពេល១០ថ្ងៃនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងជួបជាមួយមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងសហគមន៍ការទូតជាដើម។ អ្នករាយការណ៍ពិសេសរូបនេះ ក៏នឹងអញ្ជើញចុះទៅដល់មូលដ្ឋានផងដែរ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់ពីសហគមន៍ពលរដ្ឋ។ លោកស្រីរ៉ូណា ស្មីត នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រីជាមួយការធ្វើសន្និសីទកាសែត មួយនៅរសៀលថ្ងៃទី១៩ខែតុលា៕
ប្រភព៖ rfi