ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើទៅសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាំងអស់បន្តពង្រីកឥណទានដល់វិស័យកសិកម្ម ជាពិសេសលើផ្នែកស្រូវ-អង្ករ ក្នុងអត្រាការប្រាក់សមរម្យ ព្រមទាំងពិចារណាបន្ធូរបន្ថយលើលក្ខខណ្ឌសងឥណទានចំពោះអតិថិជន និងប្រជាកសិករដែលកំពុងប្រឈមការធ្លាក់ចុះនៃតម្លៃកសិផល។ ទន្ទឹមគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុថា នឹងពិចារណាលើសំណើនេះ។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ថានឹងបន្តពង្រីកឥណទានដល់វិស័យកសិកម្ម ជាពិសេសលើផ្នែកស្រូវ-អង្ករ ក្នុងអត្រាការប្រាក់សមរម្យ ព្រមទាំងពិចារណាលើលក្ខខណ្ឌសងឥណទានរបស់ប្រជាកសិករទៅតាមស្ថានភាពជាក់ស្ដែង។
ការលើកឡើងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើឡើងក្រោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម ដោយបានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តផ្ដល់ឥណទាន និងបង្កើនទំហំឥណទានដល់រោងម៉ាស៊ីនកិនស្រូវក្រុមហ៊ុននាំចេញ ឬពាណិជ្ជករប្រមូលទិញស្រូវតាមលទ្ធភាពជាក់ស្ដែង ដើម្បីបង្កើនលទ្ធភាពក្នុងការទិញស្រូវរបស់កសិករ។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA) លោក អ៊ិន ចាន់នី មានប្រសាសន៍ថា បច្ចុប្បន្នធនាគារអេស៊ីលីដា មានជាង ២៥០កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយគិតដល់ខែសីហា ឆ្នាំ២០១៦ អេស៊ីលីដា បានផ្ដល់កម្ចីក្នុងវិស័យកសិកម្មប្រមាណជាង ៥០០លានដុល្លារអាមេរិក។ ហេតុនេះ ធនាគារលោកនឹងបន្តគាំទ្រផ្ដល់ឥណទាន និងបង្កើនទំហំឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ ឬពាណិជ្ជករ ព្រមទាំងកសិករលើវិស័យនេះ។
លោកបញ្ជាក់ឲ្យដឹងថា កន្លងទៅ មុនផ្ដល់កម្ចីឥណទានក្នុងវិស័យកសិកម្ម ធនាគារលោកតែងគិតទៅលើកត្តាហានិភ័យចំនួនបីសំខាន់ គឺកត្តាទឹកជំនន់ កត្តាសត្វបំផ្លាញ និងខ្វះទីផ្សារលក់កសិផលកសិកម្ម។ ចំពោះបញ្ហាប្រឈមធំៗទាំងបីនេះ ធនាគារអេស៊ីលីដា តែងបានពិភាក្សាជាមួយអតិថិជនមុននឹងផ្ដល់ឥណទាន។ ហេតុនេះករណីមានអតិថិជន ឬកសិករជួបបញ្ហាប្រឈមក្នុងវិស័យកសិកម្មក្នុងកត្តាណាមួយ ធនាគារអេស៊ីលីដា នឹងពិនិត្យមើលហេតុផល ឬអាចបន្ធូរបន្ថយលើលក្ខខណ្ឌជាក់ស្ដែងលើការសងឥណទាននេះ៖ «បើមានវិធានការហើយ តែគាត់ជួបវិធានការអ៊ីចឹង ហេតុនេះយើងនឹងពិភាក្សាជាមួយគាត់ទៅតាមហេតុផល និងស្ថានភាពជាក់ស្ដែង ហើយបើគាត់គ្មានលទ្ធភាពសងនៅពេលហ្នឹង ដូចជាគាត់ជួបគ្រោះពិតប្រាកដ មានតែខាងយើងពិនិត្យមើលមួយករណីៗ»។
ករណីនេះដែរ នាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លោក ស៊ីម សេនាជាតិ ឲ្យដឹងដែរថា ស្ថាប័នរបស់លោកមាននីតិវិធី និងគោលនយោបាយត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានេះ ដូចជាសិក្សាលើមុខរបររបស់កសិករផ្ទាល់ ឬក៏អាចឈានទៅការពន្យារពេលក្នុងការសងជាដើម៖ «យើងអាចនឹងសិក្សាបញ្ហាប្រឈមរបស់ប្រជាកសិករ ហើយយើងសម្រេចទៅតាមគោលនយោបាយរបស់យើង ដូចជាពន្យារពេលសងប៉ុន្មានខែៗអ៊ីចឹងទៅ ហេតុនេះយើងមិនមែនចេះតែទៅរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិរបស់គាត់នោះទេ»។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ក៏បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពអនុវត្តគោលនយោបាយទន់ភ្លន់ និងអនុគ្រោះចំពោះកសិករដែលជួបប្រទះបញ្ហាជាក់ស្ដែង ដែលមានឥណទានដល់កាលកំណត់សង។
សេចក្ដីថ្លែងការណ៍រួមរបស់ស្ថាប័នទាំងពីរនេះ ត្រូវបានគេសង្កេតឃើញថា ធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាធ្លាក់ថ្លៃតម្លៃស្រូវ ព្រមទាំងក្រោយមានរបាយការណ៍ជាច្រើនពីស្រូវដែលកសិករផលិតបានតែគ្មានទីផ្សារលក់ ឬលក់បានក្នុងតម្លៃថោកមិនរួចថ្លៃដើមផលិត និងឈានដល់ការធ្វើបាតុកម្មសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ពីបញ្ហានេះ។
ជាងនេះទៀត ដោយសារខ្វះអន្តរាគមន៍ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធក៏បានធ្វើឲ្យកសិករខ្លះក្លាយជាកូនបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មាន៕
ប្រភព៖ RFA