នៅសហរដ្ឋអាមេរិក បញ្ហាសុខភាពរបស់លោកស្រីហ៊ីលឡារី គ្លីនតុន បេក្ខនារីប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យកំពុងបន្តក្លាយជាបច្ចុប្បន្នភាពយ៉ាងក្តៅគគុក។ រឿងសុខភាពលោកស្រីគ្លីនតុនបានផ្ទុះឡើង បន្ទាប់ពីលោកស្រីមានអារម្មណ៍មិនស្រួលខ្លួន និងឈរមិននឹងជើងនៅក្រោយការចូលរួមក្នុងពិធីប្រារព្ធខួបគម្រប់ ១៥ឆ្នាំនៃមហាភេរវកម្មថ្ងៃ១១ កញ្ញាកាលពីថ្ងៃអាទិត្យ ទី១១ កញ្ញា។ បន្ទាប់ពីបានសម្រេចផ្អាកធ្វើយុទ្ធនាការឃោសនារយៈពេល ២ថ្ងៃ លោកស្រីបានប្រកាសពីការផ្តើមចេញយុទ្ធនាការជាថ្មីក្នុងសប្តាហ៍នេះ។ ចំណែកលោកដូណាល់ ត្រាំដែលជាគូប្រជែងបានជូនពរលោកស្រីឲ្យឆាប់ជា និងត្រឡប់ចូលសៃវៀនប្រកួតជាថ្មី។
តាំងពីថ្ងៃចន្ទឈានចូលដល់ថ្ងៃអង្គារ ទី១៣ កញ្ញានេះ លោកស្រីហ៊ីឡារី គ្លីនតុនកំពុងសម្រាកយកកម្លាំងនៅគេហដ្ឋានរបស់លោកស្រីស្ថិតក្បែរទីក្រុងញូយ៉ក។ នាឱកាសឈប់សម្រាកយកកម្លាំង លោកស្រីគ្លីនតុនបានឆ្លៀតផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍ CNN ដោយអះអាងថា លោកស្រីមានកម្លាំងកំហែងល្អឡើងវិញហើយ និងថា លោកស្រីមិនសន្លប់បាត់ស្មារតីទេ គ្រាន់តែវិលមុខ និងបាត់លំនឹងប្រមាណជា ១នាទីប៉ុណ្ណោះ។ លោកស្រីបានបន្ថែមថា នៅពេលចូលអង្គុយក្នុងរថយន្តបានមួយភ្លែតមក លោកស្រីក៏មានអារម្មណ៍ធម្មតាឡើងវិញភ្លាមៗដែរ។
ក្រៅពីបញ្ជាក់ពីសុខភាពល្អធម្មតាដែលគ្មានអ្វីគួរឲ្យព្រួយបារម្ភ បេក្ខនារីគណបក្សប្រជាធិបតេយ្យរូបនេះក៏ឆ្លៀតនិយាយវាយប្រហារគូប្រជែងមកពីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំទាក់ទងនឹងតម្លាភាពស្តីពីសុខភាពដែរ។ លោកស្រីគ្លីនតុនបានអះអាងថា លោកស្រីបានផ្សព្វផ្សាយជាសាធារណៈនូវឯកសារជាច្រើនទាក់ទងនឹងសុខភាពរបស់លោកស្រី តែចំពោះលោកដូណាល់ ត្រាំវិញ គឺមានតិចតួចណាស់។
« ឱព្រះជាម្ចាស់ ចូរអ្នកប្រៀបធៀបនូវអ្វីដែលអ្នកដឹងអំពីខ្ញុំជាមួយនឹងគូប្រជែងរបស់ខ្ញុំ។ វាល្មមដល់ពេលដែលគាត់ត្រូវផ្តល់ព័ត៌មានឲ្យដូចខ្ញុំហើយ។ អស់ជាច្រើនឆ្នាំកន្លងមក លោក អ្នកធ្លាប់មានព័ត៌មានជាច្រើនស្តីពីសុខភាពរបស់លោកបារ៉ាក់ អូបាម៉ា ឬមួយលោក Mitt Romney។ គ្រូពេទ្យរបស់លោកដូណាល់ ត្រាំនិយាយថា លោកដូណាល់ ត្រាំនឹងក្លាយជាប្រធានាធិបតីដែលមានសុខភាពរឹងមាំជាងគេក្នុងប្រវត្តិសាស្រ្ត។ នេះពិតជារឿងលេងសើចខ្លាំងណាស់។
ខ្ញុំបានផ្សព្វផ្សាយជាសាធារណៈនូវប្រាក់បៀវត្សរបស់ខ្ញុំក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅ តែលោកដូណាល់ ត្រាំមិនបានប្រាប់ឲ្យគេដឹងទេ សូម្បី១ឆ្នាំក៏អត់ដែរ។ ពលរដ្ឋអាមេរិកាំងមានសិទ្ធិដឹងឮនូវអ្វីដែលលោកដូណាល់ ត្រាំកំពុងលាក់ និងគោលបំណងរបស់គាត់។ ចំពោះរូបខ្ញុំ លោក អ្នកមានព័ត៌មានច្រើនណាស់ ព្រោះយើងបានបង្ហាញពីតម្លាភាព តែយើងគ្មានព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងលោកដូណាល់ ត្រាំ។ គឺតិចជាងបេក្ខជនថ្មីៗចុងក្រោយនៃប្រវត្តិសាស្រ្តអាមេរិកឆ្ងាយណាស់ »។
លោកដូណាល់ ត្រាំជូនពរឲ្យលោកស្រីគ្លីនតុនឆាប់ជា និងត្រឡប់ចូលសៃវៀនឡើងវិញ
តាំងពីថ្ងៃចន្ទ ទី១២ កញ្ញាលោកដូណាល់ ត្រាំបានព្យាយាមមិនយកបញ្ហាសុខភាពរបស់លោកស្រីគ្លីនតុនទៅធ្វើអាជីវកម្មវាយប្រហារនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ តែកន្លងមក លោកដូណាល់ ត្រាំក៏ធ្លាប់បាននិយាយច្រើនដងទាក់ទងនឹងសុខភាពផុយស្រួយរបស់លោកស្រីគ្លីនតុន។ នៅលើកនេះ លោកដូណាល់ ត្រាំបានបង្វែរការវាយប្រហារលើលោកស្រីគ្លីនតុនទាក់ទងនឹងពាក្យសម្តីរបស់លោកស្រីដែលនិយាយវាយប្រហារលើសកម្មជនគាំទ្ររបស់លោក។ ទន្ទឹមគ្នានេះ លោកដូណាល់ ត្រាំបានជូនពរលោកស្រីគ្លីនតុនឲ្យឆាប់មានសុខភាពល្អឡើងវិញ និងឆាប់ត្រឡប់ចូលប្រឡូកនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាថ្មី។
ម្យ៉ាងទៀត និងដើម្បីឆ្លើយតបនឹងលោកស្រីគ្លីនតុន លោកដូណាល់ ត្រាំក៏បានប្រកាសឲ្យដឹងថា លោកនឹងផ្សព្វផ្សាយបន្ថែមទៀតក្នុងសប្តាហ៍នេះនូវព័ត៌មានថ្មីស្តីពីស្ថានភាពសុខភាពរបស់លោក។ គួរជម្រាបជូនថាមកដល់ពេលនេះ មានសំបុត្រពេទ្យតែមួយគត់ដែលគ្រូពេទ្យលោកដូណាល់ ត្រាំបានផ្សព្វផ្សាយជាសាធារណៈកាលពីខែធ្នូស្តីពីស្ថានភាពសុខភាពទូទៅរបស់លោកដូណាល់ ត្រាំ។ ចំណែកក្រុមការងាររបស់លោកស្រីគ្លីនតុនក៏បានប្រាប់ឲ្យដឹងថា ឯកសារពេទ្យថ្មីៗទៀតរបស់លោកស្រីគ្លីនតុនក៏នឹងត្រូវផ្សព្វផ្សាយបន្ថែមក្នុងសប្តាហ៍នេះដើម្បីបញ្ជាក់ថា លោកស្រីគ្លីនតុនគ្មានជម្ងឺអ្វីផ្សេងក្រៅពីជម្ងឺរលាកសួតទេ។
ជម្រើសបេក្ខជនថ្មីជាសិទ្ធិសម្រេចរបស់គណបក្សនីមួយៗ
អ្វីដែលគេដឹង បេក្ខជនប្រធានាធិបតីទាំងពីររូបលោកស្រីគ្លីនតុន និងលោកដូណាល់ ត្រាំសុទ្ធតែមានអាយុច្រើនដូចគ្នា។ លោកស្រីគ្លីនតុននឹងមានអាយុ ៦៩ឆ្នាំនៅ២ថ្ងៃទៀត ចំណែកលោកដូណាល់ ត្រាំមានអាយុ ៧០ឆ្នាំ។ សេណារីយ៉ូដែលពលរដ្ឋអាមេរិកាំងទូទៅ និងគណបក្សនយោបាយពាក់ព័ន្ធមិនចង់ឃើញ គឺការបោះបង់ការប្រកួតកណ្តាលទីដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរ ឬក៏បញ្ហាអ្វីផ្សេង។ រដ្ឋធម្មនុញ្ញអាមេរិកមិនបានចែងពីករណីដែលបេក្ខជនបោះបង់ការប្រកួតកណ្តាលទីទេ តែបានហាមមិនឲ្យរូបប្រធានាធិបតីណាដែលបានកាន់តំណែងចំនួន ២អាណត្តិជាប់ៗគ្នាឈរឈ្មោះជាថ្មីទេ។
ដូច្នេះ ក្នុងករណីណាដែលមានបេក្ខជនណាម្នាក់បោះបង់ការប្រកួតកណ្តាលទីដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ ឬបញ្ហាអ្វីផ្សេងនោះ គឺជារឿងផ្ទៃក្នុងរបស់គណបក្សសុទ្ធសាធ មានន័យថា គណបក្សនីមួយៗត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ នៅត្រង់ចំណុចនេះ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមានវិធានការមិនដូចគ្នាទេក្នុងការជ្រើសរើសបេក្ខជនថ្មី។ សម្រាប់គណបក្សសាធារណរដ្ឋមានជម្រើសពីរ ទី១ កោះប្រជុំសមាជជាបន្ទាន់ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនថ្មី ទី២ បង្កើតគណៈកម្មាធិការមួយដើម្បីសម្រេចជ្រើសយករូបបេក្ខជនណាម្នាក់។
តែសម្រាប់គណបក្សប្រជាធិបតេយ្យវិញ បទបញ្ជាផ្ទៃក្នុងបានតម្រូវឲ្យមានត្រឹមកិច្ចប្រជុំថ្នាក់ដឹកនាំបក្សដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនថ្មី ពោលមិនចាំបាច់កោះប្រជុំសមាជឡើងវិញទេ។ តែអ្វីជាការកត់សម្គាល់ រូបបេក្ខជនថ្មីអាចជាបេក្ខជនថ្មីស្រឡាងដែលមិនធា្លប់បានចូលប្រកួតប្រជែងក្នុងបក្សនាពេលកន្លងមក។ ករណីលោកប៊ែរនី សេនដឺដែលបានចាញ់ឆ្នោតក្នុងសមាជបក្សប្រឈមនឹងលោកស្រីគ្លីនតុនមិនមែនជាបេក្ខជនអាទិភាព ឬមួយក៏ជាបេក្ខជនដែលត្រូវជាប់ដោយស្វ័យប្រវត្តិដែរ។
នៅក្នុងករណីដែលលោកស្រីគ្លីនតុនលាឈប់ដោយបញ្ហាសុខភាព មានការលើកឈ្មោះបេក្ខជនពីររូប គឺលោកចន ឃែរីអាយុ ៧២ឆ្នាំដែលកំពុងមានតួនាទីជាប្រមុខការទូត ឬមួយលោក Joe Biden មានអាយុ ៧៣ឆ្នាំដែលកំពុងមានតួនាទីជាអនុប្រធានាធិបតី។ កន្លងមក ឥស្សរជនទាំងពីរនាក់ធ្លាប់បានបញ្ជាក់ថា ខ្លួនមិនព្រមឈរឈ្មោះដោយសារតែមានអាយុច្រើន និងមានបញ្ហាផ្ទាល់ខ្លួនមួយចំនួន។ តែបើកាលៈទេសៈតម្រូវ និងបើមានគំនាបខ្លាំងពីបក្ស ក៏ឥស្សរជនទាំងពីរអាចពិចារណាលើសេចក្តីសម្រេចរបស់ខ្លួនឡើងវិញដែរ។
តែនៅចំពោះមុខ លោកស្រីគ្លីនតុនបានអះអាងថា លោកស្រីមានសុខភាពធម្មតាទេ គ្រាន់តែអស់កម្លាំងម្តងៗដែលជារឿងមួយធម្មតា។ នៅថ្ងៃទី២៦ កញ្ញាខាងមុខ លោកស្រីនឹងត្រូវឡើងវេទិកាតស៊ូមតិតទល់នឹងលោកដូណាល់ ត្រាំ។ គឺជាឱកាសមួយដែលលោកស្រីត្រូវបង្ហាញពលរដ្ឋអាមេរិកាំងថា លោកស្រីកំពុងមានសុខភាពល្អ និងត្រៀមខ្លួនក្លាយជាប្រធានាធិបតីស្រ្តីអាមរិកាំងលើកទី១ នៅក្នុងប្រវត្តិអាមេរិក៕
ប្រភព៖ RFI