លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរនៅឯនាសមុទ្យថា លោកស្រឡាញ់បងប្អូនខ្មែរ ទាំងអស់ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ទោះបីពលរដ្ឋខ្មែររស់នៅប្រទេសណាក៏ដោយ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ បានធ្វើឡើងនៅពេលដែលជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរប្រទេសទីម័រឡេស្តេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បានជួបសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋខ្មែរដែលបានមកធ្វើការងារជាឯកជន អង្គការក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិកអង្គការអន្តរជាតិប្រទេសទីម័រឡេស្តេ។ លោកថា ពីមុនមកគឺរាជរដ្ឋាភិបាលកម្ពុជា មិននឹកស្មានថាមានពលរដ្ឋខ្មែរមករស់នៅធ្វើការងារដល់ប្រទេសទីម័រឡេស្តេឡើយ។ លោក បញ្ជាក់ថា នេះសរបញ្ជាក់អោយឃើញថា ធនធានកម្ពុជា បានមកបំពេញការងារនៅប្រទេសជាច្រើន រួមទាំងនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) ជាដើម ។
បើតាមលោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបី លោក មមារញឹករវល់នឹងកម្មវិធីជំនួបប្រជុំជាមួយប្រមុខដឹកនាំនៃប្រទេសទីម័រឡេស្តយ៉ាងណាក៏ដោយ ក៏លោក តែងតែផ្តល់ពេលវេលាអោយពលរដ្ឋខ្មែរ បានជួបជុំចែករំលែកសុខទុក្ខ និងជម្រាបពីស្ថានភាពរស់នៅរបស់ពលរដ្ឋ។ លោក ហ៊ុន សែន បានផ្តាំផ្ញើអោយដល់ពលរដ្ឋខ្មែរថា ត្រូវគោរពច្បាប់ប្រទេសគេ និងសហការអោយបានល្អជាមួយរដ្ឋអំណាចនៃប្រទេសទីម័រឡេស្ត ព្រោះប្រទេសកម្ពុជាកំពុងជួយជ្រោមជ្រែងប្រទេសនេះអោយឆាប់បានចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គោរពស្រឡាញ់ពលរដ្ឋខ្មែរដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ទោះបីបងប្អូនរស់នៅប្រទេសណាក៏ដោយ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទស្សកិច្ច ទៅកាន់ប្រទេសទីម័រខាងកើត ដើម្បីចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិ របស់ប្រទេសនេះ តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីប្រទេសទីម័រ។
បើតាមសេចក្តីប្រកាស បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា រដ្ឋាភិបាលប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើឯកសារចំនួន៣ រួមមាន៖ ទី១.កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច, ទី២.កិច្ចព្រមព្រៀងស្ដីពីការលើកលែង ទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ, និងទី៣.អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹង កិច្ចសហប្រតិការលើវិស័យការងារផងដែរ៕
ប្រភព៖ វាយោ