នាយករដ្ឋមន្ដ្រីអូស្ដ្រាលីលោក Malcolm Turnbull និយាយថាដីកាកាត់ក្ដីរបស់តុលាការអន្ដរជាតិគួរតែបានការគោរពពីសំណាក់ប្រទេសចិន។
មហាអំណាចចិនដែលមានជម្លោះកម្មសិទ្ធិទឹកដីជាមួយនឹងប្រទេសមួយចំនួននៅអាស៊ីបានបន្ដទាត់ចោលការសម្រេចរបស់តុលាការអន្ដរជាតិក្រុងឡាអេ។
តុលាការក្រុងឡាអេបានរកឃើញថារដ្ឋាភិបាលក្រុងប៉េកាំងអត់មានមូលដ្ឋានច្បាប់ទាល់តែសោះនៅក្នុងការអះអាងទាមទារកម្មសិទ្ធិដឹកដីនៅសមុទ្ទចិនខាងត្បូងជាមួយនឹងហ្វីលីពីន។
សម្ព័ន្ធមិត្ដរបស់ចិននៅក្នុងសមាគមអាស៊ានជាពិសេសកម្ពុជា និងឡាវ បានខំធ្វើយ៉ាងណាមិនឲ្យមានការលើកឡើងអំពីការសម្រេចរបស់តុលាការអន្ដរជាតិនៅក្នុងសេចក្ដីប្រកាសផ្លូវការរបស់ការប្រជុំអាស៊ាន។
លោក Malcolm Turnbull នាយករដ្ឋមន្ដ្រីអូស្ដ្រាលីបានទទូចឲ្យប្រទេសពាក់ព័ន្ធទាំងឡាយត្រូវអនុវត្ដតាមច្បាប់។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលីទទួលស្គាល់ថាតួនាទីរបស់អូស្ដ្រាលីនៅក្នុងរឿងនេះមានកម្រិតតិចតួច ហើយថាមានដំណើរការយឺតយ៉ាវនៅក្នុងធ្វើដំណើរឆ្ពោះទៅក្រមប្រតិបត្ដិនៅក្នុងសមុទ្ទចិនខាងត្បូង៕
ប្រភព៖ radioaustralia