កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរជាថ្មី នៅថ្ងៃសុក្រទី ៩ កញ្ញានេះ។ កូរ៉េខាងត្បូងជិតខាង និងជប៉ុនបានផ្តល់ព័ត៌មាននេះ មុននឹងទូរទស្សន៍ជាតិកូរ៉េខាងជើងប្រកាសជាសាធារណៈអំពីជោគជ័យនៃការបាញ់សាកល្បងនុយក្លេអ៊ែរ ជាលើកទី៥។ បើតាមកម្លាំងនៃការរញ្ជួយដីសម្បនិម្មិត្ត ជិតមជ្ឈមណ្ឌលនុយក្លេអ៊ែរ នេះគឺជាការបាញ់សាកល្បងនុយក្លេអ៊ែរដែលមានកម្លាំងខ្លាំងបំផុត ដែលព្យុងយ៉ាងមិនធ្លាប់សម្រេចពីមុនមកទេ !
វេលាម៉ោងសូន្យនិង៣០នាទី ម៉ោងសកលថ្ងៃទី ៩ កញ្ញា អ្នកឯកទេសផ្នែករញ្ជួយដីអឺរ៉ុប អាមេរិក និងចិន បានឃើញ និងចាប់បានសញ្ញារញ្ជួយដីបែបសម្បនិម្មិត ក្នុងកំរិត ៥,៣វ៉ិចទ័រ នៅទីដែលមានមជ្ឈមណ្ឌលនុយក្លេអ៊ែរកូរ៉េខាងជើង។ ហើយបើតាមការគន់គិតទៅរបស់សេអ៊ូល សន្ធឹកនៃការរញ្ជួយបែបនេះ គឺស្មើនឹងការផ្ទុះនៃកម្លាំងគ្រាប់ដែលមានថាមពល ប្រមាណជា ១០ គីឡូតោន ពោលគឺខ្លាំងជាងការបាញ់សាកល្បងនុយក្លេអ៊ែរលើកទីបួន កាលពីថ្ងៃទី ៦ មករា ២០១៦ ដល់ទៅពីរដង។
ទូរទស្សន៍ជាតិKCNA កូរ៉េខាងជើង បានថែមទាំងអួតអាងទៀតថា ជាការសាកល្បងនុយក្លែអ៊ែរដ៏មហាខ្លាំង គ្មានប្រៀបពីមុន ប្រកបដោយជោគជ័យ និងពិសេសទៅទៀត កូរ៉េខាងជើងពេលនេះ មានទាំងសមត្ថភាពអាចដំឡើងនិងផលិតក្បាលគ្រាប់នុយក្លេអ៊ែរទំហំតូច លើមីស៊ីលប៉ាលីស្ទិក បានតាមចំណង់ទៀត។
KCNA បានធានាបញ្ជាក់ទៀតថា ការបាញ់សាកល្បងលើកនេះ គ្មានធ្លាយជាតិវិទ្យុសកម្មដែលអាចចាប់បានឡើយ មានន័យថាការសាកល្បងនេះ គ្មានផលរំខានប៉ះពាល់ដល់បរិស្ថានទេ។ តែយោធាជប៉ុន បានបញ្ជូនយន្តហោះចម្បាំងបីគ្រឿង ទៅឆ្វែលវាល់ជាតិវិទ្យុសកម្ម។ ឯក្រសួងបរិស្ថានចិនក៏បានចេញវិធានាការជាបន្ទាន់ តាមដានវាស់ជាតិវិទ្យុសកម្មដែរនៅតាមព្រំដែន។
កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរអ៊ីរ៉ូស្ហ៊ីម៉ា
ពីការសាកល្បងមួយទៅការសាកល្បងមួយ តែងបង្កការរញ្ជួយដីខ្លាំងឡើងៗ។ ការសាកល្បង និងកម្លាំងរញ្ជូយដីថ្ងៃនេះ ជាភស្តុតាង។ បើតាមភ្នាក់ងារអាមេរិក នុយក្លេអ៊ែរកូរ៉េខាងជើងលើកនេះមានកម្លាំងខ្លាំង -ខ្លាំងជាងគ្រាប់បែបបរមាណូអាមេរិកទម្លាក់ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា កាលពីឆ្នាំ១៩៤៥ហើយ។ អំណាចបំផ្ទុះអាចមានកម្លាំងឡើងដល់ទៅ ប្រមាណពី ២០ ទៅ ៣០ គីឡូតោន ទង់នឹង ៦គីឡូតោន កាលពីខែមករា។ ជាការប្រៀបធៀប គ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស្ហ៊ីម៉ា មានកម្លាំងប្រមាណពី ១២ទៅ១៥គីឡូតោន។
ការសាកល្បងនុយក្លេអ៊ែរនៅថ្ងៃនេះ អាចជាការផ្ទៀងផ្ទាត់ ឬធ្វើឱ្យប្រសើរឡើងភាពជឿជាក់លើអាវុធនុយក្លេអ៊ែររបស់គេ ! បន្ថែមពីលើជោគជ័យកាលពីខែមករា ដែលកូរ៉េខាងជើងអះអាងផលិតបានសម្រេច គ្រាប់បែកអ៊ីដ្រូសែន។
ខួបកំណើតរជ្ជកាល គីម
ម្យ៉ាងវិញទៀត ការសាកល្បងនុយក្លេអ៊ែរនៅថ្ងៃនេះ មិនមែនជាភ្ញាក់ផ្អើលប៉ុន្មានឡើយ អ្នកឯកទេសអាមេរិកបានសង្កេតឃើញមានសកម្មភាពខ្លាំង និងដឹងថានឹងមានអ្វីមួយកើតឡើងឆាប់ៗ ជាពិសេសក្រោយពីអាមេរិកបានបញ្ចូលឈ្មោះ អគ្គមគ្គុទេសក៍ដ៏ក្មេងខ្ចី គីម ជុងអ៊ុន ចូលក្នុងបញ្ជីខ្មៅ ជាអ្នករំលោភសិទ្ធិមនុស្ស កាលពីថ្ងៃទី ៦កក្កដា។ ជម្រើសការបាញ់សាកល្បង ក៏បានប្រព្រឹត្តទៅចំថ្ងៃខួបទី៦៨ឆ្នាំ នៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដឹកនាំដោយលោក គីម អ៊ីលស៊ុងជាជីតាប្រធានាធិបតីបច្ចុប្បន្ន ដែលមានបង្កប់ជាអត្ថន័យព្រមានដ៏សំខាន់មួយ គឺ នុយក្លេអ៊ែរជាអាវុធដ៏សំខាន់សម្រាប់ការស្លាប់រស់របស់ប្រទេស និងជាវត្ថុស្នូលនៃនយោបាយជាតិ។
ប្រតិកម្មធ្លាក់ដូចទឹកភ្លៀង
កូរ៉េខាងត្បូង ដែលជាពាក់ព័ន្ធដោយផ្ទាល់ជាងគេ បានបញ្ចេញប្រតិកម្មច្រើនបែបច្រើនយ៉ាង។
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក់ គុនហេ បានបន្ទោសស្មារតីងប់ងុលរបស់ប្រមុខគីម ជុងអ៊ុន និងលើកឡើងអំពីលទ្ធភាពដាក់ទោសបន្ថែម ចំពោះទង្វើបង្កហេតុបែបស្វ័យបំផ្លាញខ្លួនឯង ហើយបានបង្ខើចទស្សនកិច្ចនៅប្រទេសឡាវ ដោយត្រលប់មកមាតុប្រទេសវិញនៅថ្ងៃនេះតែម្តង។
លោក អូបាម៉ា ប្រធានាធិបតីអាមេរិក បានថ្លែងពីយន្តហោះ ក្រោយចាកចេញពីជំនួបកំពូលអាស៊ាន ថាព្យុងយ៉ាងនឹងទទួលផលវិបាកធ្ងន់ធ្ងរពីទង្វើសាកល្បងនុយក្លេអ៊ែរ។ លោកស៊ីនហ្សូអាបេ ប្រកាសថា នឹងមិនអនុគ្រោះ។ ប្រធានាធិបតីបារាំង សេចក្តីថ្លែងការណ៍ថ្កោលទោស និងអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តុំកម្លាំងគ្នាប្រឈមនឹង ទង្វើបង្ករឿងរបស់ព្យុងយ៉ាង។ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានសម្តែងការព្រួយបារម្ភ និងសោកស្តាយ។ អាមេរិករុស្ស៊ី នឹងនាំគ្នាទៅប្តឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សូម្បីតែចិនដែលជាសម្ព័ន្ធមិត្តតែម្នាក់គត់របស់ព្យុងយ៉ាង ក៏បានចេញប្រកាសប្រឆាំងដាច់ខាតនឹងការសាកល្បងនុយក្លេអ៊ែរនេះដែរ ដោយបានស្នើចំៗឱ្យព្យុងយ៉ាងផ្តល់កិត្តិយសគោរពកិច្ចសន្យារំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែប៉េកាំងក៏សុំឱ្យសហគមន៍អន្តរជាតិប្រុងប្រយ័ត្ន។ ព្រោះចិនដឹងខ្លួនថា គ្រប់ចក្ខុកំពុងផ្តោតលើខ្លួន ! កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង កំពុងធ្វើឱ្យចិនទើសទាល់ខ្លាំងឡើងៗ ៖ ប៉េកាំងក៏លែងសូវមានឥទ្ធិពលលើព្យុងយ៉ាង តែក៏មិនត្រូវការធ្វើជាផ្តួចផ្តើមគំនិត ព្រោះខ្លាចនាំរឿងធ្វើឱ្យមានអស្ថិរភាពនៅតាមព្រំដែន។ អ្វីដែលចិនខា្លចបំផុតគឺការដួលរំលំរបបកុម្មុយនិស្តព្យុងយ៉ាងទើបសុខចិត្តប្រៀមគ្រួសបៀមថ្មចឹង។
អ្នកវិភាគកូរ៉េខាងត្បូងជាច្រើនយល់ថា សហគមន៍អន្តរជាតិបរាជ័យ ! ដាក់ទណ្ឌកម្មខ្លាំងឡើងៗប្រឆាំងព្យុងយ៉ាង គ្មានប្រសិទ្ធិភាពទេ បើគ្មានការដឹកនាំចរចានយោបាយអបទេនោះ៕
ប្រភព៖ RFI