ទីបំផុតពាក្យចចាមអារាមដែលថា មានរថភ្លើងដឹកមាស និងវត្ថុមានតម្លៃរបស់ NAZI កាលពីសម័យសង្គ្រាមលោកលើកទី២ ជាប់បាក់ស្រុតនៅក្នុងរូងក្រោមដីជិតទីក្រុង Walbrazych ភាគនីរតីនៃប្រទេសប៉ូឡូញនោះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសម្រេចជីកកកាយរុករករថភ្លើងដឹកមាស និងវត្ថុមានតម្លៃរបស់ពួក NAZI ហើយ ដើម្បីបញ្ជាក់អំពីការពិតនៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦ នេះ ទោះបីក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា គ្មានរថភ្លើងទាំងនោះទេក៏ដោយ។
លោក Andrzej Gaik អ្នកនាំពាក្យរបស់ក្រុមរុករកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ឲ្យដឹងថា ប្រសិនបើមានរថភ្លើងនោះមែន គឺគេនឹងអាចរកឃើញក្នុងរយៈពេលត្រឹមតែ០២ថ្ងៃ ហើយការជីករុករកជាប្រវត្តិសាស្ត្រនេះនឹងធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ឲ្យប្រជាពលរដ្ឋតាមដានមើលទាំងអស់គ្នា។
ពីមុនមកមិនដែលមានសកម្មភាពជីកកកាយរូងផ្លូវនោះទេ ពីព្រោះគេគិតថា ភាគច្រើននៃរូងផ្លូវអាចប្រកបដោយភាពគ្រោះថ្នាក់ ដូចជា ឧស្ម័នធម្មជាតិដ៏អាក្រក់ និងគ្រឿងផ្ទុះ… ជាដើម។ ប៉ុន្តែ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវប៉ូឡូញបានសម្រេចជីកកកាយរុករករថភ្លើងអាថ៌កំបាំងដឹកមាស និងវត្ថុមានតម្លៃរបស់ពួក NAZI នាសម័យសង្គ្រាមលោកលើកទី២ តាមពាក្យចចាមអារាមនេះហើយ៕