សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី៣០ ឧសភាថា ខ្លួនបានធ្វើការសាកល្បងស្ទាក់បាញ់កម្ទេចគ្រាប់មីស៊ីលអន្តរទ្វីបប្រកបដោយជោគជ័យ។ នេះជាជោគជ័យលើកទី១ របស់កងទ័ពអាមេរិកក្នុងការស្ទាក់បាញ់កម្ទេចគ្រាប់មីស៊ីលអន្តរទ្វីប និងក៏ជាសញ្ញាព្រមានដល់កូរ៉េខាងជើង ឬមួយក៏ប្រទេសផ្សេងទៀតដែលតែងតែបន្តផ្គើនសហគមន៍អន្តរជាតិតាមរយៈការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីប។
ម្យ៉ាងទៀត ជោគជ័យនៃការសាកល្បងនេះក៏ជាការធានាសន្តិសុខទឹកដី និងពលរដ្ឋអាមេរិកឲ្យគេចផុតពីគ្រាប់មីស៊ីលអន្តរទ្វីបរបស់សត្រូវអាមេរិកដែរ។
បន្ទាប់ពីកងទ័ពអាមេរិកបានប្រកាសឲ្យដឹងពីការសាកល្បងស្ទាក់បាញ់កម្ទេចគ្រាប់មីស៊ីលអន្តរទ្វីបប្រកបដោយជោគជ័យនៅថ្ងៃអង្គារ ទី៣០ ឧសភា កូរ៉េខាងជើងចេញមុខឆ្លើយតបវិញដោយព្រមានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបជាថ្មីទៀតនៅថ្ងៃពុធ ទី៣១ ឧសភា។ កាសែតផ្លូវការនៃរបបកុម្មុយនិស្តកូរ៉េខាងជើងបានបញ្ជាក់ច្បាស់ៗថា កងទ័ពបានត្រៀមខ្លួនរួចជាស្រេចដើម្បីបាញ់គ្រាប់មីស៊ីលអន្តរទ្វីបទៅកន្លែងណាក៏បាន នៅពេលណាក៏បានក្រោមបញ្ជាផ្ទាល់របស់លោកគីម ជុនអ៊ុន។ កាសែតផ្លូវការកូរ៉េខាងជើងដដែលបានបន្ថែមដោយរម្លឹកដាស់តឿនអាមេរិកថា កូរ៉េខាងជើងអាចកម្ទេចអាមេរិកឲ្យទៅជាផេះជាមួយនឹងអាវុធនុយក្លេអ៊ែរ និងថា សម្តីរបៀបនេះមិនមែនជាសម្តីខ្យល់ទេ។
គេអាចមិនចាប់អារម្មណ៍លើសម្តី និងការព្រមានរបស់ព្យុងយ៉ាង តែចូរកុំភ្លេចថា គ្រាន់តែក្នុងរយៈពេល ៣សប្តាហ៍កន្លងទៅ កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបចំនួន ៣ដង និងមានចំនួន ១២ដង បើគិតតាំងពីដើមឆ្នាំ ២០១៧។ ម្យ៉ាងទៀត ទោះបីជាគ្រាប់មីស៊ីលអន្តរទ្វីបដែលកូរ៉េខាងជើងបានបាញ់កន្លងមកទទួលបរាជ័យ ឬជោគជ័យដោយផ្ទុះលើអាកាស ធ្លាក់ចូលទឹកសមុទ្រ ឬមួយក៏មិនធ្លាក់លើទឹកដីអាមេរិកាំងក្តី ក៏វាជាសក្ខីកម្មមួយដែលបញ្ជាក់ពីមហិច្ឆតាជាក់ច្បាស់របស់របបកុម្មុយនិស្តក្រុងព្យុយ៉ាងក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល។
គឺនៅក្នុងន័យនេះហើយបានជាអាមេរិកតែងបានធ្វើការសាកល្បងស្ទាក់បាញ់កម្ទេចគ្រាប់មីស៊ីល។ កន្លងមក កងទ័ពអាមេរិកធ្លាប់បានសាកល្បងស្ទាក់បាញ់កម្ទេចគ្រាប់មីស៊ីលចម្ងាយជិតចំនួន ៣ដង តែទទួលបរាជ័យទាំង ៣ដង។ គឺទើបតែការសាកល្បងនៅឆ្នាំ ២០១៤ ទេដែលទទួលបានជោគជ័យ។ ចំណែកការសាកល្បងលើគ្រាប់មីស៊ីលអន្តរទ្វីប ឬគ្រាប់មីស៊ីលចម្ងាយដែលទើបធ្វើនៅថ្ងៃអង្គារ ទី៣០ ឧសភាបែរជាទទួលបានជោគជ័យភ្លាមៗតែម្តង។
ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលអន្តរទ្វីបរបស់អាមេរិកនៅមានកម្រិត
ជោគជ័យរបស់កងទ័ពអាមេរិកក្នុងការសាកល្បងស្ទាក់បាញ់កម្ទេចគ្រាប់មីស៊ីលអន្តរទ្វីបពេលនេះ ជាការព្រមានកូរ៉េខាងជើងផង និងក៏ដើម្បីការពារអាមេរិកផងដែរ នោះបើទោះបីជាលោក Jeff Davis អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅថ្ងៃអង្គារ ទី៣០ ឧសភាថា ការសាកល្បងស្ទាក់បាញ់កម្ទេចគ្រាប់មីស៊ីលអន្តរទ្វីបមិនមែនធ្វើឡើងដើម្បីឆ្លើយតបនឹងទង្វើបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះក៏ដោយ។ តែលោក Davis បាននិយាយជាលក្ខណៈទូទៅ និងបន្ថែមថា កូរ៉េខាងជើងអាចជាហេតុផលមួយដែលបានបង្ខំអាមេរិកឲ្យបំពាក់ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលអន្តរទ្វីបនៅពេលនេះ។
តាមលោក Davis ក្រុងព្យុងយ៉ាងបានបន្តបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីប ដូចដែលកូរ៉េខាងជោងបានធ្វើនៅចុងសប្តាហ៍កន្លងមក ព្រមទាំងបានប្រើពាក្យសម្តីព្រមានកំញើញដ៏គ្រោះថ្នាក់ដែលអាចបញ្ជាក់ពីការដែលកូរ៉េខាងជើងមានលទ្ធភាពអាចវាយប្រហារអាមេរិកដោយប្រើគ្រាប់មីស៊ីល។ គួរជម្រាបជូនថា នៅពេលចូលកាន់តំណែងក្នុងខែមករាកន្លងទៅ លោកប្រធានាធិបតីដូណាល់ ត្រាំធ្លាប់បានសន្យាធ្វើការអភិវឌ្ឍន៍លើវិស័យការពារជាតិ ពិសេសក្នុងប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលដើម្បីប្រឈមទប់នឹងការគំរាមកំហែងដោយគ្រាប់មីស៊ីលអន្តរទ្វីបពីកូរ៉េខាងជើង និងពីប្រទេសអ៊ីរ៉ង់។
តែក្រុមអ្នកជំនាញបានមើលឃើញថា ប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលអន្តរទ្វីបរបស់អាមេរិកពេលនេះនៅមានកម្រិតនៅឡើយ។ នៅមានកម្រិតក៏ដោយសារថា ក្នុងករណីដែលមានសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើងដោយមានការចូលរួមពីរុស្ស៊ី ឬពីចិននោះ អាមេរិកគ្មានខែលមីស៊ីលប្រឆាំងមីស៊ីលអន្តរទ្វីបគ្រប់គ្រាន់ដើម្បីស្ទាក់បាញ់កម្ទេចគ្រាប់មីស៊ីលទេ។
ទ័ណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើង?
គេសង្ឃឹមថាក្នុងសប្តាហ៍នេះ នឹងអាចមានសេចក្តីសម្រេចចិត្តថ្មីមួយទៀតពីក្រុមប្រឹក្សាសន្តិសុខដើម្បីថ្កោលទោសកូរ៉េខាងជើងពីបទបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបនាចុងសប្តាហ៍កន្លងទៅ។ តាមការបញ្ជាក់របស់លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ អាមេរិក និងចិនបានចរចាគ្នាអស់ជាច្រើនសប្តាហ៍មកហើយលើសេចក្តីសម្រេចចិត្តថ្មីមួយដែលអាចដាក់គំនាបបន្ថែមលើកូរ៉េខាងជើង។ តែមកទល់ពេលនេះ នៅមិនទាន់បែកធ្លាយព័ត៌មានណាមួយស្តីពីខ្លឹមសារ ឬមួយក៏វិធានការដែលមានចែងនៅក្នុងសេចក្តីសម្រេចចិត្តនោះទេ។
គួររម្លឹកជូនថា ក្រុមប្រឹក្សាសន្តិសុខបានចេញសេចក្តីសម្រេចចិត្តថ្កោលទោសកូរ៉េខាងជើងច្រើនរាប់មិនអស់ តែលើកណាក៏ដូចជាលើកណា កូរ៉េខាងជើងមិនឈឺក្បាល និងបន្តធ្វើអ្វីស្រេចតែទំនើងចិត្ត។ នេះក៏ដោយសារថា សេចក្តីសម្រេចចិត្តទាំងអស់នោះមិនមានលក្ខណៈបង្ខិតបង្ខំ និងដោយមានរុស្ស៊ី រួមទាំងចិនជួយការពារ។ នៅលើកនេះ និងជាងពេលណាៗទាំងអស់ ចិនបានទទួលគំនាបកាន់តែខ្លាំងឡើងៗ ពិសេសពីលោកដូណាល់ ត្រាំដែលព្រមានដុសក្អែលលោកគីម ជុនអ៊ុនដោយខ្លួនឯង។
នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ពោលមួយថ្ងៃក្រោយកូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបជាថ្មី លោកដូណាល់ ត្រាំបានយល់ឃើញថា កូរ៉េខាងជើងព្រហឺងណាស់មិនគោរពចិនបន្តិចណាសោះ។ ចំណែកលោកនាយករដ្ឋមន្រ្តីជប៉ុនស្ហ៊ីនហ្សូ អាបេបានគូសបញ្ជាក់ជាថ្មីម្តងទៀតពីតួនាទីសំខាន់ខ្លាំងណាស់របស់ចិននៅក្នុងបញ្ហាកូរ៉េខាងជើង។ ឃើញថា ចិនបានទទួលគំនាបពីគ្រប់ទិសទី តែប៉េកាំងហាក់មិនទាន់បានត្រៀមខ្លួនទះសម្ព័ន្ធមិត្តកូរ៉េខាងជើងមួយកំផ្លៀងនៅឡើយទេ និងបានឆ្លៀតរម្លឹកជាថ្មីថា អាទិភាព គឺកិច្ចចរចាមិនមែនទ័ណ្ឌកម្មទេ៕ ប្រភព៖ RFI