អង្គការសង្គមស៊ីវិលចំនួន ៥២ស្ថាប័នបានប្រកាសបើកយុទ្ធនាការរួមគ្នាមួយនៅថ្ងៃចន្ទនេះ ដោយទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ និង មន្ត្រីគ.ជ.បម្នាក់ទៀតដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ យុទ្ធនាការរបស់សង្គមស៊ីវិលនេះ បានចាប់ផ្តើមឡើងស្របពេលដែលមន្រ្តីទាំង៥នាក់នេះ បានជាប់ឃុំអស់រយៈពេល១០២ថ្ងៃមកហើយគិតត្រឹមថ្ងៃនេះ។
យុទ្ធនាការនេះ គឺធ្វើឡើងតាមរយៈការសរសេរលើកាតប៉ូស្កាល់របស់មន្ត្រីសង្គមស៊ីវិល និង ប្រជាពលរដ្ឋនានា ដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុកចំនួន៤ នាក់ និង មន្ត្រីគ.ជ.បម្នាក់ទៀតគឺលោកនី ចរិយា។ កាតប៉ូស្កាល់ទាំងនេះ ពួកគេអាចទទួលបានពីអង្គការសង្គមស៊ីវិលទាំង៥២ ដែលបានរួមគ្នាបង្កើតយុទ្ធនាការនៅពេលនេះ។
ក្រុមអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា ការធ្វើយុទ្ធនាការថ្មីតាមរយៈការសរសេរពាក្យលើកទឹកចិត្តលើកាតប៉ូស្កាល់នេះ គឺជាការគាំទ្រចំពោះអ្នកកំពុងជាប់ឃុំទាំង ៥នាក់ និង ដើម្បីរំលឹកពួកគាត់ថា សាធារណជនមិនបានបំភ្លេចចោលនូវបុព្វហេតុការពារសិទ្ធិមនុស្សរបស់ពួកគាត់ទាំងនេះឡើយ។ យុទ្ធនាការនេះដែរ គឺជាកិច្ចការបន្ថែមលើការតស៊ូមតិថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ហើយក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រដល់អ្នកកំពុងជាប់ឃុំតាមរយៈការផ្ញើសារនៅលើកាតប៉ូស្កាល់ ហើយកាតប៉ូស្កាល់ទាំងនេះនឹងបញ្ជូនបន្តទៅដល់អ្នកទាំង ៥ រហូតដល់ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ លើសពីនេះ ក្រុមសង្គមស៊ីវិល ក៏នឹងផ្សាយប័ណ្ណព័ត៌មានជាទៀងទាត់នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និង ធ្វីតទ័រផងដែរ។
អង្គការសង្គមស៊ីវិលដែលបានចូលរួមធ្វើយុទ្ធនាការនេះ រួមមានដូចជា អង្គការអាកសិន អេដកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មារធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រុមការងារដើម្បីដោះស្រាយទំនាស់ សមាគមគ្រូបង្រៀន អង្គការលើកលែងទោសអន្តរជាតិ និង មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ជាដើម។
គួរកត់សម្គាល់ថា យុទ្ធនាការថ្មីនេះ បានធ្វើឡើងស្របពេលដែលសកម្មជនដីធ្លីមួយចំនួននៅក្នុងប្រទេសកម្ពុជា បានបើកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និង ថ្ងៃចន្ទពណ៌សជារៀងរាល់សប្តាហ៍ ក្នុងគោលបំណងទាមទារឲ្យមានការដោះលែងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង សកម្មជនសិទ្ធិមនុស្សអាដហុក ។ សកម្មជនសិទ្ធិមនុស្សអាដហុកទាំង៤នាក់រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង អ្នកស្រី លឹម មុនី ។ ពួកគេ ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។ ចំណែកលោកនី ចរិយា អគ្គលេខាធិការរងគ.ជ.បវិញ ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងរឿងសូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងអាស្រូវស្នេហាដ៏ស្មុគស្មាញរវាងលោកកឹម សុខា និង កញ្ញាខុម ចាន់តារ៉ាទីហៅស្រីមុំ៕
ប្រភព៖ RFI