Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ខឹង​សម្លុត​ទារ​បារី​ជក់​មិន​ឲ្យ​ វៀតណាម​លើក​គ្នា​ទៅ​​វាយ​សម្លាប់​ខ្មែរ

$
0
0

ព្រៃវែងៈ បុរសជនជាតិវៀតណាមបីនាក់ក្នុងចំណោមជាង ២០ នាក់ត្រូវបានកម្លាំងនគរបាលស្រុកពាមរក៍ចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីពួកគេបានកៀរគរជនជាតិវៀតណាមនៅក្នុងសហគមន៍របស់ពួកគេទៅវាយប្រហារលើពលរដ្ឋកម្ពុជាមួយគ្រួសារដែលរស់នៅភូមិក្បែរគ្នាបណ្ដាលឲ្យបុរសជាប្ដីស្លាប់ និងស្រ្តីជាប្រពន្ធដែលមានផ្ទៃពោះ ៩ ខែរងរបួសធ្ងន់ដោយសារតែជនជាតិវៀតណាមទាំងនោះខឹងនឹងបុរសរងគ្រោះដែលពួកគេសម្លុតទារបារីជក់តែមិនព្រមឲ្យ។ នេះបើតាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញ។

លោក អ៊ាត អន់ នាយនគរបាលប៉ុស្តិ៍ឃុំព្រែកខ្សាយ(ខ) បានឲ្យដឹងថាករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៩:៣០ នាទីយប់ថ្ងៃអាទិត្យនៅចំណុចភូមិ-ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ពលរដ្ឋកម្ពុជាពីរនាក់ប្ដីប្រពន្ធដែលរងការវាយប្រហារយ៉ាងឃោរឃៅពីសំណាក់ជនជាតិវៀតណាមសញ្ជាតិកម្ពុជារហូតដល់ស្លាប់ និងរបួសធ្ងន់នោះរួមមានឈ្មោះ សេង រត្នធី អាយុ ៣៣ ឆ្នាំ (ប្ដី) ស្លាប់ពេលដឹកទៅកាន់មន្ទីរពេទ្យ និងឈ្មោះ ចាន់ ស៊ីណា អាយុ ៣១ ឆ្នាំ (ប្រពន្ធ) រងរបួសដើមដៃ និងស្មាខាងឆ្វេង។ អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុខាងលើ។

លោកបន្តថា ចំណែកជនសង្ស័យទាំងបីជាជនជាតិវៀតណាមសញ្ជាតិកម្ពុជាដែលត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពាមរក៍ដើម្បីសួរចម្លើយនោះរួមមានឈ្មោះ ង្វៀង យ៉ាំងនឿ អាយុ ២៧ ឆ្នាំ ង្វៀង យ៉ាំងកង អាយុ ៣០ ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ឡាំង យ៉ាំងសែង អាយុ ២២ ឆ្នាំ។ ពួកគេទាំងបីនាក់រស់នៅក្នុងភូមិ ៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោក អន់ បានបន្តថាបើតាមការបញ្ជាក់ពីអ្នកភូមិនៅកន្លែងកើតហេតុអំពើហិង្សាដ៏ឃោរឃៅនេះកើតឡើងដោយសារក្រុមជនជាតិវៀតណាមបានសម្លត់ទារបារីពីជនរងគ្រោះជក់តែជនរងគ្រោះមិនព្រមឲ្យហើយក្រុមជនសង្ស័យបានដាល់ជនរងគ្រោះមួយដៃចំកញ្ចប់មាត់ជាហេតុនាំឲ្យជនរងគ្រោះខឹងហើយជេរម្តាយក្រុមជនសង្ស័យបន្ទាប់មកត្រូវបានក្រុមជនសង្ស័យដេញវាយដល់ផ្ទះប៉ុន្តែជនរងគ្រោះបានចូលក្នុងផ្ទះទាញកាំបិតប៉័ងតោមកដេញកាប់វិញបណ្ដាលក្រុមជនសង្ស័យរត់ផាសក្រញ៉ាំ។

មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានកែនជនជាតិវៀតណាមក្នុងសហគមន៍របស់ពួកគេប្រមាណជាង ២០ នាក់ដោយមានដំបងឈើមូល-ឈើជ្រុង ដែកស្បែង ដែកគាស់ និងកាំបិតមកឡោមព័ទ្ធផ្ទះជនរងគ្រោះហើយវាយទម្លុះទ្វារផ្ទះជនរងគ្រោះចូលវាយសម្លាប់ជនរងគ្រោះដល់ក្នុងផ្ទះ។ បន្ទាប់ពីអ្នកភូមិជនជាតិខ្មែរនាំគ្នាស្រែកប្ដឹងសមត្ថកិច្ចតាមទូរស័ព្ទទើបពួកគេនាំគ្នាដកថយ។

លោក អន់ បានបញ្ជាក់ថា៖ «ពេលក្រុមជនសង្ស័យដកថយក្រុមប្រជាពលរដ្ឋកម្ពុជាបាននាំគ្នាចូលទៅជួយនាំជនរងគ្រោះទៅមន្ទីរពេទ្យប៉ុន្តែដឹកបានពាក់កណ្ដាលផ្លូវជនរងគ្រោះជាប្ដីបានស្លាប់ហើយប្រពន្ធដែលរងរបួសត្រូវស្មា និងដើមដៃខាងឆ្វេងបានប្រាប់ឲ្យអ្នកភូមិដឹកប្ដីត្រឡប់មកផ្ទះដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីប៉ុន្តែនាងត្រូវបន្តដំណើរទៅមន្ទីរពេទ្យអ្នកលឿងដើម្បីឲ្យគ្រូពេទ្យពិនិត្យព្យាបាលព្រោះខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ៩ ខែរបស់នាង»។

បើតាមការអះអាងពីលោក អ៊ុំ គឹមសាន អធិការរងស្រុកពាមរក៍ករណីនេះកំពុងស្ថិតនៅក្នុងដំណាក់ការស៊ើបអង្កេតនៅឡើយ។

លោកបានបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចដោយហិង្សានោះជនជាតិវៀតណាមសញ្ជាតិកម្ពុជាម្នាក់ឈ្មោះ ង្វៀង យ៉ាំងតេវ អាយុ ២២ ឆ្នាំបានរងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសវៀតណាម។

លោកថ្លែងថា៖ «មកទល់ពេលនេះយើងកំពុងធ្វើការសាកសួរជនសង្ស័យដើម្បីស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធមួយចំនួនទៀតក្នុងអំពើហិង្សានេះដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់»។

គួររំឭកថាកាលពីខែមុនមន្ត្រីកម្ពុជាម្នាក់បម្រើការងារជាអនុប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនក្នុងខេត្តតាកែវលោក ឡាយ ប៊ុនធី ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការខេត្តអានយ៉ាងដើម្បីផ្តន្ទាទោសបន្ទាប់ពីគាត់បានបាញ់សម្លាប់ក្រុម DICA [ជើងកាង] ជនជាតិវៀតណាមម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសគ្រាដែលគាត់បានទៅផឹកស៊ីនៅក្នុងហាងស្រាមួយក្នុងប្រទេសវៀតណាម៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>