ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវទទួលប្រាក់រង្វាន់សម្រាប់មេដាយមាសក្នុងវិញ្ញាសាបាល់ទាត់ពីកម្មវិធី 12th Goodwill Mekong Game 2016 នាល្ងាចនេះ វេលាម៉ោង ៤:៣០នាទីរសៀល នៅសាលប្រជុំ «ក» នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដោយប្រើសំលៀកបំពាក់ឯកសណ្ឋានកីឡា សៀវែតឺម៉ង់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងនោះ ក៏មានវិញ្ញាសាជាច្រើនផ្សេងទៀតដែលទទួលបានជ័យលាភីពីកម្មវិធីដូចជា កីឡាវាយសី,កីឡាវាយកូនឃ្លីលើតុ,កីឡាប៉េតង់កីឡាសីប៉ាក់តាក្រ បូករួមទាំងជ័យលាភីជើងឯកអាស៊ី ប្រភេទកីឡាជីនឡូន។ ចំណែកវិញ្ញាសាបាល់ទាត់វិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក អូហារ៉ា កាហ្សូណូរី (Kazunori Ohara) ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជា ទទួលបានមេដាយមាសពីពានរង្វាន់ 12th Goodwill Mekong Game 2016 ក្រោយប្រកួតស្មើគ្នា ៣ទល់៣ ជាមួយម្ចាស់ផ្ទះថៃ តែយកឈ្នះក្រុមមកពីប្រទេសមីយ៉ាន់ម៉ា ៧ទល់០ និងចុងក្រោយឈ្នះក្រុមឡាវ ៥ទល់១។ សម្រាប់ប្រាក់រង្វាន់វិញ មេដាយមាស ៣លានរៀល មេដាយប្រាក់២លានរៀល មេដាយសំរិទ្ធ១លានរៀល៕
ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំង១៨នាក់៖
អ្នកចាំទី៖ សោម សុគន្ធដារ៉ា, អ៊ុំ ចាន់នូ
ខ្សែការពារ៖ ពុំ ដារាំង, លី វ៉ាហេទ, អ៊ុក វ៉ាន់ណេ, ចិន វណ្ណះ, ស្លេះ ស៊េន, ថោង វិជ្ជា, សុខ ហៀង, ប្រាក់ សុវណ្ណពិសិដ្ធ
ខ្សែបម្រើ៖ ឡុង ភារ៉ាត, គន្ធា រ៉ាវ៉ាន់, គីម ហាប់, ម៉ែន មុន្នីរ៉ា, រឿម ចាន់រឿន
ខ្សែប្រយុទ្ធ៖ ទូច រ៉ូម៉ា, សេត រ៉ូសីប, ឆេង ម៉េង
ប្រភព៖ wearefootball