នទស្សនវិស័យច្បាស់លាស់ក្នុងការបំពេញកិច្ចការងារ ការគ្រប់គ្រងនិងការដឹកនាំ ជាពិសេសការលះបង់កិលេស និងផលប្រយោជន៏ផ្ទាល់ខ្លួនសំរាប់សង្គមជាតិនិងប្រជាជាតិទាំងមូល។
បើសិនណាជាគេនិយាយអំពីកាតព្វកិច្ចនិងភារកិច្ចរបស់មេដឹកនាំមិនថាទាំងប្រធានាធិបតីឬនាយករដ្ឋមន្រ្តីនោះគឺពិតជាការងារដ៏មហាវិសេសវិសាល ដែលប្រជាជាតិទាំងមូលផ្ញើវាសនាឲ្យមនុស្សតែម្នាក់នោះ។ ធាតុពិតនាយករដ្ឋមន្រ្តីឬប្រធានាធិបតីគឺកើតចេញពីការបោះឆ្នោតនិងការពេញចិត្តរបស់ប្រជាពលរដ្ឋ ដែលជាភាសាសាមញ្ញគេអាចនិយាយបានថា គឺជាអ្នកបំរើឬជាបាវបម្រើរបស់ពលរដ្ឋ។
អ្នកដឹកនាំគឺជាចង្កូត ឯពលរដ្ឋគឺជាអ្នកបើកបរ ឆ្វេងគឺឆ្វេង ស្តាំគឺស្តាំ។ បើសិនណាជាប្រជាពលរដ្ឋជ្រើសរើសបាននាយករដ្ឋមន្រ្តីឬប្រធានាធិបតីដែលប្រពៃ នោះប្រជាជាតិទាំងមូលនឹងរស់នៅដោយភាពថ្កុំថ្កើង ភាពមានបាន ប៉ុន្តែបើចង្រៃស្អីរើសបាននាយករដ្ឋមន្រ្តីឬប្រធានាធិបតីចោលម្សៀតនោះ ប្រជាជាតិទាំងមូលនឹងធ្លាក់ក្នុងភាពមហាវេទានាពិបាកនឹងបរិយាយ។
ជាក់ស្តែងនៅតំបន់មជ្ឈឹមបូព៌ា ដែលសំបូរទៅដោយពពួកមេដឹកនាំដែលក្រាញអំណាច ពុករលួយ បក្ខពួកនិយមនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋរងនូវទុក្ខវេទនាគ្មានថ្ងៃស្វាងឡើយ។ ងាកមកមើលបរិបទនៃការដឹកនាំរបស់សហរដ្ឋអាមេរិចដែលមានការផ្លាស់មេដឹកនាំជាទៀងទាត់នោះហើយក៏ជាបិតាប្រជាធិបតេយ្យដ៏លេចធ្លោមួយនៅក្នុងលោកឯណេះវិញ គឺមានវិវត្តន៍ទៅមុខឥតឈប់ឈរ។
ឡើងកាន់អំណាចនៅឆ្នាំ២០០៩ លោកប្រធានាធិបតីសហរដ្ឋអាមេរិច បារ៉ាក់ អូបាម៉ា បានធ្វើកិច្ចការងារជាច្រើនដើម្បីជំរុញនិងប្រាកដថាសហរដ្ឋអាមេរិចមានការលូតលាស់កាន់តែប្រសើរ មានដូចជាការធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន កំណែងទម្រង់វិស័យសុខភាព បង្កើតការងារសម្រាប់ពលរដ្ឋ បង្កើននូវប្រាក់បៀរវត្សប្រចាំខែនិងប្រចាំឆ្នាំ និងជាពិសេសការជំរុញវិស័យការទូតដោយរឹតចំណងជាមួយប្រទេសដ៏ទៃទៀតជាដើម។ នេះនៅមិនទាន់រាប់បញ្ចូលសិទ្ធិជាមូលដ្ឋានផ្សេងៗ ដែលរដ្ឋាភិបាលអាមេរិកបានធានាឲ្យពលរដ្ឋទាំងអស់ផងនោះ។
ចុះការដឹកនាំនៃប្រទេសកម្ពុជាវិញ តើវាយ៉ាងម៉េចដែរ? ឡើងកាន់អំណាចជាង៣០ឆ្នាំ នរណាដែលមិនស្គាល់បុរសខ្លាំងរបស់កម្ពុជានោះគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កិច្ចការងារសំខាន់ដែលមមាញឹក សឹងរកតែពេលសំរាកមិនបានសម្រាប់លោកនាយករដ្ឋមន្ត្រីនោះគឺការដើរចែកសញ្ញាបត្រ សម្ភោធសាលា អគារ វត្តអារាម ផ្លូវថ្នល់ ស្ពានដែលជារឿយៗ គេតែងតែលោកឮលោកមានប្រសាសន៍ថា ជាការងារដ៏មហាលំបាកក្រៃលែងដែលត្រូវផ្សងជីវិតនិងមិនអាចមាននរណាៗចេះតែអាចជំនះឬរែកពុនបាននោះទេ។ ក្រៅតែពីគោរមងារវែងប្រហែលជាងមួយបន្ទាត់ដែលមានគោរមងារពេញថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” ហើយនោះ។
លោកនាយករដ្ឋមន្ត្រីក៏មានតួនាទីជាន់ខ្ពស់ក្នុងជួរយោធាផងដែរ “នាយឧត្តមសេនីយ៏ផុតលេខផ្កាយមាសប្រាំ” ដែលវាហាក់ផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យ។ ពិតណាស់នាយករដ្ឋមន្រ្តីគឺជាមន្ត្រីនយោបាយ ឡើងកាន់អំណាចដោយការបោះឆ្នោតនិងចុះចេញដោយការបោះឆ្នោត វាខុសស្រឡះពីមន្ត្រីសាធារណៈដែលមានកំណត់អាយុចូលនិវត្តន៍ តែមិនមានការបោះឆ្នោតទេ។ ច្បាស់ណាស់នាយករដ្ឋមន្ត្រីពិតជាមានអំណាចពេញលេញ អាចបញ្ជារាល់កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅពេលកាន់តំណែង ប៉ុន្តែត្រូវផ្ទេរអំណាចដោយសន្តិវិធីឲ្យទៅអ្នកថ្មី បើសិនជាខ្លួនចាញ់ឆ្នោតនោះ។ តែសំនួរសួរថា “តើហេតុអ្វីបានជានាយករដ្ឋមន្ត្រីអាចមានឋានរន្តសក្កិក្នុងវិស័យយោធា?” ចម្លើយពិតជាពិបាកឆ្លើយខ្លាំងណាស់ ទុកឲ្យមិត្តអ្នកអានគិតខ្លួនឯងទៅចុះ។
ងាកមកមើលទិដ្ឋភាពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (Facebook) វិញម្តង។ ហ្វេសប៊ុកផ្លូវការរបស់មេដឹកនាំពិភពលោកជាច្រើនមានជាអាទិ៍លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាម៉ារូន ជាដើម តែងតែបង្ហោះនូវអ្វីដែលជាការប្តេជ្ញាចិត្តរបស់ពួកលោកក្នុងការដឹកនាំប្រទេសឲ្យកាន់តែប្រសើរ តថភាពពិតរបស់សង្គម អ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងព្រឹត្តិការណ៍សំខាន់ជាច្រើន។ ប្លែកតែនៅកម្ពុជា ហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីបង្ហោះតែវីដេអូចម្រៀងទាក់ទងនឹងរឿងឯកជនរឿងអតីតកាលរបស់លោកនិងក្រុមគ្រួសារប៉ុណ្ណោះ។ ពិសេសជាងនេះទៅទៀត ហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីក៏មានកម្មវិធីផ្សាយផ្ទាល់កម្មវិធីលំដាប់ពិភពលោក The Voice និងកម្មវិធីសំនូមពរបទចម្រៀងដែលមានសនួរជាច្រើនសួរថា តើការងារទាំងអស់នេះវាពិតជាកាតព្វកិច្ចរបស់មេដឹកនាំមែនរឺ?
ប្រជាជនចំណាកស្រុករកការងារធ្វើមិនបាន ទំនិញឡើងថ្លៃប្រាក់ខែទាប ហានិភ័យជនអន្តោប្រវេសន៍វៀតណាម ដំណាំកសិកម្មគ្មានទីផ្សារ សុទ្ធសឹងតែជាបញ្ហាអាទិភាព ដែលនាយករដ្ឋមន្រ្តីនិងមន្ត្រីថ្នាក់ក្រោមគួរតែយកចិត្តទុកដាក់ មិនគួរទៅយកពេលធ្វើអ្វីដែលមិនមានប្រយោជន៍ទាល់តែសោះសម្រាប់ជាតិ។ យើងក៏ពិនិត្យឃើញតិចតួចខ្លះដែរចំពោះការបង្ហោះរបស់ហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីដែលមានប្រយោជន៍មានដូចជាកម្មវិធីយើងជាយុវជនគំរូកម្ពុជា ការទទួលសំណូមពរដោះស្រាយបញ្ហា និងព័ត៌មានឧត្តុនិយមជាដើម។
សរុបមកវិញតួនាទីជាមេដឹកនាំពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះប្រជាជាតិទាំងមូល ដូច្នេះបើជាប្រជាជាតិមានការរីកចម្រើន ប្រជាពលរដ្ឋទទួលបានតម្រូវការគ្រប់គ្រាន់ នោះមេដឹកនាំអាចនឹងមានវាសនាទទួលបានសន្លឹកឆ្នោតកាន់អំណាចបន្តទៀត ប៉ុន្តែបើសិនណាជាគ្មានសមត្ថភាពដឹកនាំទេ សូមចុះចេញឲ្យបាត់ទៅកុំឲ្យប្រជាពលរដ្ឋបោះឆ្នោតទម្លាក់ទាន់៕
ប្រភព៖ VOD