រតនគិរីៈ ស្ត្រីមនុស្សព្រៃម្នាក់ត្រូវបានជនជាតិវៀតណាមមួយគ្រួសារអះអាងថាជាកូនរបស់ពួកគេហើយកំពុងតែរៀបចំឯកសារច្បាប់ដើម្បីសុំយកទៅប្រទេសវៀតណាមវិញបន្ទាប់ពីបាត់ពីផ្ទះអស់រយៈពេលជិត ៣០ ឆ្នាំមកនោះ។
ស្ត្រីមនុស្សព្រៃត្រូវបានគ្រួសារជនជាតិភាគតិចចារ៉ាយលោក សល់ លូ នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវយកចេញពីព្រៃទៅរស់នៅជាមួយកាលពីឆ្នាំ ២០០៧ ដោយសារតែជឿជាក់ថានាងជាកូនស្រីរបស់ខ្លួនឈ្មោះ រចំ ភ្ញៀង ដែលបានបាត់ពេលទៅឃ្វាលក្របីនៅអំឡុងឆ្នាំ ១៩៨៩។
បើទោះបីជា នាងមានសតិមិនប្រក្រតី និងមិនចេះនិយាយភាសាខ្មែរយ៉ាងណាក៏ដោយក៏គ្រួសារលោក លូ ខិតខំមើលថែរក្សានាងអស់រយៈពេលជិត ១០ ឆ្នាំមកនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រួសារលោក លូ ភ្ញាក់ផ្អើលស្ទើរមិនជឿនោះគឺស្រាប់តែមានជនជាតិវៀតណាមមួយគ្រួសារបានទៅប្រាប់ថា ភ្ញៀង ជាកូនស្រីរបស់ពួកគេទៅវិញហើយបានស្នើសុំយកនាងទៅប្រទេសវៀតណាមវិញ។
លោក រចំ ខាំភី អាយុ ៣៨ ឆ្នាំជាកូនប្រុសលោក លូ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាគ្រួសារវៀតណាមចំនួន ១០ នាក់ដែលមានឪពុក កូន និងសាច់ញាតិជាជនជាតិដើមផាណាល (ចារ៉ាយ) រស់នៅក្នុងខេត្តយ៉ាឡាយបាននាំគ្នាទៅផ្ទះរបស់លោកកាលពីថ្ងៃពុធ និងថ្ងៃសុក្រសប្តាហ៍មុនដោយបានប្រាប់ថា ភ្ញៀង គឺជាកូនស្រី និងបងប្អូនរបស់ពួកគេហើយកំពុងតែសុំយកទៅរស់នៅវៀតណាមវិញ។
លោក ខាំភី ដែលជាមន្ត្រីនគរបាលនៅប៉ុស្តិ៍លំជ័រម្នាក់ផងនោះបញ្ជាក់ថា៖ «គាត់ចំណាំស្លាកស្នាមលើខ្លួន។ គាត់ចំណាំប្រជ្រុយកន្លែងបបូរមាត់សន្លាក់នៅកដៃឆ្វេង និងមានហៀរអាចម៍ត្រចៀកមានខ្ទុះ។ គាត់ថាកូនគាត់មានជំងឺសរសៃប្រសាទហើយបានបាត់ក្រោយពេលទុកនាងនៅផ្ទះម្នាក់ឯង»។ លោកបន្តថាពួកគាត់បានដឹងដំណឹងពីនាងបន្ទាប់ពីឃើញព័ត៌មានតាមរយៈបណ្តាញសង្គមហើយបានមកសុំមើលនាង និងសន្និដ្ឋានថានាងពិតជាកូនរបស់គាត់មែន។
លោក ខាំភី និយាយទៀតថា៖ «បើគេគ្មានសំអាងខ្ញុំនៅតែថាជាបងស្រីខ្ញុំ។ តែគេមានសំអាងហើយនិយាយទៅត្រូវចឹងមែន។ ចឹងមិនអីទេ។ មានតែជូនគេវិញ។ បើមិនមែនកូនសាច់ញាតិគេសាច់ឈាមគេ គេមិនយកទេ។ យកទៅធ្វើស្អីបើពិបាកចិញ្ចឹមជាងកូនក្មេងទៅទៀត»។
បន្ទាប់ពីនៅជាមួយគ្រួសារលោក លូ បានបីឆ្នាំស្ត្រីមនុស្សព្រៃបានបាត់ខ្លួនអស់ជាច្រើនថ្ងៃហើយត្រូវបានអ្នកភូមិប្រទះឃើញនៅក្នុងបង្គន់អាចម៍មួយ។ ការបាត់បង់សតិរបស់នាងគឺកាន់តែធ្ងន់ធ្ងរហើយក្រោយមកនាងត្រូវបានដាក់នៅក្នុងខ្ទមឈើមួយដើម្បីកុំឲ្យដើរផ្តេសផ្តាស។
ភ្នំពេញប៉ុស្តិ៍បានចុះទៅយកព័ត៌មានពីស្ថានភាពរបស់នាងកាលពីខែមករាកន្លងមក។ នាងត្រូវដាក់ឲ្យនៅដាច់ដោយឡែកតែឯងក្នុងខ្ទមឈើនៅខាងក្រោយផ្ទះ។ នាងមានសម្បុរស និងចូលចិត្តនិយាយភាសាជាច្រើនដែលពិបាកស្តាប់យល់ហើយចូលចិត្តផ្លែឈើ។ ប៉ុន្តែជាធម្មតានាងមិនរើសចំណីនោះទេគឺមានអីហូបហ្នឹងហើយបើមិនឲ្យហូបនាងក៏មិនទារដែរ។
លោក លូ អតីតនគរបាលប៉ុស្តិ៍លំជ័រ និងជាឪពុកលោក ខាំភី បានស្លាប់កាលពីប៉ុន្មានឆ្នាំមុនហើយប្រពន្ធរបស់គាត់កំពុងតែធ្លាក់ខ្លួនពិការភ្នែកទាំងពីរដោយសារជំងឺផងដែរ។
លោក ខាំភី ក៏បានឲ្យដឹងផងដែរថាក្រៅពីការចំណាំលើរាងកាយគ្រួសារវៀតណាមក៏មានលិខិតចេញពីអាជ្ញាធរវៀតណាមថាពួកគេពិតជាបានបាត់កូនស្រីម្នាក់មែន។ គ្រួសារលោក ខាំភី មិនបានជំនាស់ទៅនឹងសំណើសុំយកស្ត្រីរូបនោះទៅវិញនោះទេហើយពេលនេះពួកគេកំពុងតែធ្វើលិខិតស្នាមប្រគល់ឲ្យដោយមានការឯកភាពពីអាជ្ញាធរភូមិ ឃុំ និងស្រុក។
ទោះយ៉ាងណា គ្រួសារលោកបានសុំប្រាក់សគុណចំនួន ៣០០០ ដុល្លារជាថ្នូរទៅនឹងការមើលថែនាងអស់រយៈពេលជិត ១០ ឆ្នាំមកនេះហើយប្រសិនបើទទួលបានប្រាក់ខ្លះមែននោះគ្រួសារគាត់នឹងយកទៅព្យាបាលជំងឺភ្នែកម្តាយរបស់ពួកគេ។
ដោយឡែកចំពោះបងស្រីលោកឈ្មោះ រចំ ភ្ញៀងដែលបានបាត់ជិត ៣០ ឆ្នាំមកហើយនោះត្រូវបានគ្រូទាយប្រាប់ថានាងនៅមានជីវិតនៅឡើយប៉ុន្តែលោកមិនដឹងនាងនៅទីណានោះទេ។ គ្រួសារវៀតណាមដែលមានឪពុកឈ្មោះ ពេវ អាយុ ៧០ ឆ្នាំនោះបានត្រឡប់ទៅវៀតណាមវិញហើយពួកគេនឹងមកទទួលយកស្រ្តីមនុស្សព្រៃនោះនៅពេលដែលលិខិតស្នាមធ្វើចប់សព្វគ្រប់។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តរតនគិរីលោក ឆាយ ធី បាននិងកំពុងតែតាមដាន និងចុះទៅមើលស្ត្រីមនុស្សព្រៃកាលពីថ្ងៃសៅរ៍ម្សិលម្ង៉ៃដើម្បីចៀសវាងកុំឲ្យពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។
លោក ឆាយ ធី បានថ្លែងថាគ្រួសារទាំងពីរបានទៅជួបលោកដើម្បីសុំប្រឹក្សាយោបល់ និងការណែនាំធ្វើលិខិតស្នាមផ្លូវច្បាប់មួយចំនួនស្តីពីការសុំយកទៅវិញនោះ។
លោក ឆាយ ធី បញ្ជាក់ថា៖ «ខាងគ្រួសារវៀតណាមមានសាក្សី និងការបញ្ជាក់សាវតារពីអាជ្ញាធរគេ។ ខាងវៀតណាមគេបញ្ជាក់ហេតុផលល្អជាងលោក សល់ លូ។ កូនគាត់មិនបាត់សតិអ៊ីចឹងទេតែអាចបណ្តាលមកពីជាប់អន្ទាក់ក្នុងព្រៃ ឬមានគេធ្វើបាបរហូតដល់ឡប់សតិហើយស្នាមដៃអាចគេចងទុក»។ លោកថាករណីនេះសំខាន់គឺស្ថិតនៅលើគ្រួសារ និងអាជ្ញាធរ។
លោក ជា ប៊ុនធឿន ស្នងការរងខេត្តរតនគិរីទទួលបន្ទុកអន្តោប្រវេសន៍បានដឹងពីរឿងគ្រួសារវៀតណាមស្នើសុំមនុស្សព្រៃនេះដែរ។ តែលោកសុំមិនធ្វើអត្ថាធិប្បាយនោះទេគឺសុំឲ្យសួរទៅអាជ្ញាធរថ្នាក់ស្រុកវិញ។
លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថាគ្រួសារខាងវៀតណាមមានឯកសារបញ្ជាក់មែនហើយអាជ្ញាធរកម្ពុជាកំពុងតែប្រមូលយកទៅពិនិត្យមើល។
ទោះយ៉ាងណា លោកថ្លែងថា ករណីនេះគឺអាស្រ័យលើគ្រួសារខ្មែរហើយបើធ្វើឲ្យកាន់តែច្បាស់លាស់ជាងនេះទៀតគឺត្រូវសុំសេចក្តីសម្រេចពីតុលាការ។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យតុលាការខេត្តរតនគិរីមិនទាន់ហ៊ានធ្វើអត្ថាធិប្បាយយ៉ាងណានោះទេព្រោះថាករណីនេះវាពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ និងនគរបាលអន្តោប្រវេសន៍ផងដែរហើយគ្រួសារអ្នកមើលថែស្ត្រីរូបនោះមិនអាចដោះស្រាយក្រៅប្រព័ន្ធច្បាប់ដោយគ្មានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍