ប្រធានគណបក្សខ្មែររួបរួមជាតិ បានរិះគន់ថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពុំមានអ្វីដែលគណបក្សរបស់លោកងាកទៅចាប់ដៃទៀតឡើយ ដោយហេតុថា មកដល់ពេលនេះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គ្មានអ្វីដែលសំខាន់ទៀតនោះទេ។ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកថា លោក ញឹក ប៊ុនឆៃ ជាប្រភេទមនុស្សដល់ត្រើយសើយគូថ។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច នៅពេលនេះ គឺបន្ទាប់ពីអតីតបងប្អូនដែលធ្លាប់ជ្រកក្រោមដំបូលរាជានិយមដូចគ្នា បញ្ជាក់ថា គ្មានថ្ងៃណាមួយដែលគណបក្សខ្មែររួបរួមជាតិ វិលទៅរកទ្រនំចាស់ ឬចងសម្ព័ន្ធមិត្តជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ទៀតឡើយ។
អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉ែប ប៊ុនជិន ឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ដោយចាត់ទុកការរិះគន់របស់លោក ញឹក ប៊ុនឆៃ ថាជាមនុស្សរមិលគុណ។ លោកបន្ថែមថា ក្នុងរយៈពេលនៃការដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ប្រមាណ ៩ឆ្នាំដោយលោក ញឹក ប៊ុនឆៃ នេះ បានបំផ្លាញគ្មានសេសសល់កេរមរតកគណបក្ស និងរហូតធ្វើឲ្យគណបក្សរាជានិយមនេះ ត្រូវបាត់ឈ្មោះបោះសំឡេងថែមទៀតផង៖ «»។
ផ្ទុយពីអ្វីដែលមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រតិកម្មនេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់កាលពីថ្ងៃទី៦ កក្កដា ថា មូលហេតុនៃការនាំឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវរលាយឈ្មោះនេះ គឺជាកំហុសរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ផ្ទាល់ គឺពុំមានជាប់ពាក់ព័ន្ធរូបលោកឡើយ។ ថ្លែងប្រាប់អ្នកកាសែតក្រោយបិទបញ្ចប់រំឭកព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា លោក ញឹក ប៊ុនឆៃ អះអាងថា មូលហេតុសំខាន់នោះ គឺដោយសារសម្ដេចក្រុមព្រះមិនស្ដាប់យោបល់ពីអ្នកដទៃ ហើយមិនដែលទទួលកំហុស។ ទាំងនេះ គឺជាហេតុផលដែលនាំឲ្យហ៊្វុនស៊ិនប៉ិច ត្រូវចុះខ្សោយដល់សព្វថ្ងៃ។
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បញ្ជាក់ជំហរថា គណបក្សរបស់លោកនឹងមិនចាប់ដៃ ឬវិលទៅរកបង្គងចាស់ដែលធ្លាប់សាងភាពល្បីល្បាញឲ្យលោកវិញឡើយ។ អតីតមន្ត្រីយោធាជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច រូបនេះបន្តថា មូលហេតុដែលលោកប្ដេជ្ញាមិនបកក្រោយវិញនេះ ដោយលោកមិនរំពឹងថា រួបរួមជាមួយសម្ដេចក្រុមព្រះ នឹងបានអ្វីមកវិញ ព្រោះគណបក្សហ៊្វុនស៊ិនប៉ិច នៅពេលនេះមានតែសម្បកប៉ុណ្ណោះ ហើយសម្បកក្លែងក្លាយទៀតផង៖ «»។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ មានភាពរកាំរកូស និងរហូតក្លាយជាសត្រូវនឹងគ្នា បន្ទាប់ពីលោក ញឹក ប៊ុនឆៃ រងការចោទថា ធ្វើបក្សប្រហារទម្លាក់សម្ដេចក្រុមព្រះចេញពីប្រធានបក្ស ជាពិសេសការខ្វែងគំនិតគ្នានេះ ទាក់ទិនការលក់ទីស្នាក់ការគណបក្សទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តផង។
លោក ញ៉ែប ប៊ុនជិន ឲ្យដឹងថា ក្នុងរយៈពេលនៃការគ្រប់គ្រងគណបក្សរយៈពេល ៩ឆ្នាំ គឺលោក ញឹក ប៊ុនឆៃ លក់អ្វីៗរបស់គណបក្សហ៊្វុនស៊ិនប៉ិច គ្មានសល់។
អ្នកវិភាគនយោបាយយល់ឃើញថា បើទោះជាអ្នកនយោបាយទាំងពីរបក្សដែលប្រសូតចេញពីផ្ទៃតែមួយក្រោមដំបូលរាជានិយម ចាប់ដៃគ្នាឡើងវិញ ក៏មិនប្រាកដថាអាចទទួលបានការគាំទ្រដែរ។ ទាំងសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ធ្លាប់កាន់ដៃគ្នារស់ក្រោមម្លប់ហ៊្វុនស៊ិនប៉ិច មួយរយៈពេល បន្ទាប់ពីមានការសម្របសម្រួលភាពប្រេះឆានេះ ដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ២០១៥។ មួយឆ្នាំក្រោយ ពោលកាលពីឆ្នាំ២០១៦ អ្នកនយោបាយទាំងពីរក៏បានបែកគ្នារហូតបង្កើតបក្សរៀងៗខ្លួន៕
ប្រភពៈ RFA