Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អនុ​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​អាមេរិក​អនុម័ត​សេចក្ដី​សម្រេច​​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា

$
0
0

សេចក្ដីសម្រេចចិត្តនេះក៏ថ្កោលទោសរាល់ទម្រង់នៃអំពើហិង្សានយោបាយនៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះផងដែរ។

វ៉ាស៊ីនតោន — អនុគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកបានអនុម័តជាឯកច្ឆន្ទលើសេចក្ដីសម្រេចលេខ៧២៨ ដែលជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបញ្ចប់រាល់ការយាយីនិងការគំរាមកំហែងគណបក្សប្រឆាំងនៅកម្ពុជា។

លោក Matt Salmon ប្រធានអនុគណៈកម្មការនេះ បានដឹកនាំសវនាការមួយក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃពុធ ទី៦ ខែកក្កដានេះ ដើម្បីបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចនេះ។

ក្រុមសមាជិកសភាមួយក្រុមដឹកនាំដោយលោក Alan Lowenthal បានដាក់សេចក្ដីសម្រេចលេខ៧២៨នេះជូនគណៈកម្មាធិការកិច្ចការបរទេសដើម្បីបោះឆ្នោតសម្រេច។

ក្រៅពីជំរុញឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបញ្ឈប់ការយាយីនិងការគំរាមកំហែងបក្សប្រឆាំងហើយនោះ សេចក្ដីសម្រេចចិត្តលេខ៧២៨នេះក៏ជំរុញឲ្យលោកហ៊ុន សែនទម្លាក់បទចោទប្រកាន់ដែលមានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកតំណាងរាស្ត្របក្សប្រឆាំង ព្រមទាំងជំរុញឲ្យលោកនាយករដ្ឋមន្ត្រីខ្មែរដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនេះអនុញ្ញាតឲ្យអ្នកនយោបាយបក្សប្រឆាំងវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញដើម្បីចូលរួមក្នុងដំណើរការនយោបាយ ដោយសេរីឡើងវិញ។

សេចក្ដីសម្រេចចិត្តនេះក៏ថ្កោលទោសរាល់ទម្រង់នៃអំពើហិង្សានយោបាយនៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះផងដែរ។

លោក Dana Rohrabacher សមាជិកសភាមកពីខាងគណបក្សសាធារណរដ្ឋ បានថ្លែងគាំទ្រសេចក្ដីសម្រេចចិត្តនេះ ហើយបានទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែង ដូចដែលលោកធ្លាប់បានអំពាវនាវកន្លងមកដែរ។

«យើងគួរហៅសេចក្ដីសម្រេចចិត្តថា៖ លោកហ៊ុន សែនដល់ពេលចុះចេញពីតំណែងហើយ! ខណៈពេលដែលយើងអនុម័តសេចក្តីសម្រេចនេះ ខ្ញុំសង្ឃឹមថា សារនេះនឹងត្រូវបានបញ្ជូនដល់លោកហ៊ុន សែនឲ្យដឹងថា ដល់ពេលលោកត្រូវចុះចេញពីតំណែង ហើយដល់ពេលដែលប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាមានសេរីភាពហើយ ដល់ពេលដែលត្រូវប្តូររបបពុករលួយ ដែលធ្វើឲ្យមនុស្សមួយក្រុមតូចរបស់លោកហ៊ុន សែនមានបាននោះហើយ»។

សេចក្ដីសម្រេចចិត្តលេខ៧២៨ ដែលត្រូវបានអនុគណៈកម្មាធិការកិច្ចការបរទេសអនុម័តនេះ ក៏គាំទ្រឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ក្នុងប្រទេសកម្ពុជាផងដែរ។

ក្រោយពីការអនុម័តសេចក្តីសម្រេចនេះ សមាជិកសភាប្រចាំរដ្ឋកាលីហ្វញ៉ាពីខាងគណបក្សប្រជាធិបតេយ្យគឺលោក Alan Lowenthal មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ VOA យ៉ាងដូច្នេះថា៖

«ការសម្រេចនេះបានធ្វើឲ្យយើងស្ថិតនៅលើគន្លងមួយដែលផ្ញើសារមួយថា យើងចង់ឲ្យកម្ពុជាដកចេញច្បាប់បរិហារកេរ្តិ៍ ដែលដាក់ទោសព្រហ្មទណ្ឌលើគណបក្សប្រឆាំង ហើយនិងអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាជាអ្នកសម្រេចចិត្តថាតើពួកគេចង់បាននរណាជាអ្នកដឹកនាំ»។

សេចក្តីសម្រេចនេះនឹងត្រូវឆ្លងកាត់ការអនុម័តពីគណៈកម្មាធិការកិច្ចការបរទេសបន្តទៀត មុននឹងត្រូវដាក់ជូនអង្គសភាទាំងមូលពិនិត្យនិងសម្រេចក្នុងដំណាក់កាលបន្ទាប់ទៀត។

ក្រៅពីសេចក្ដីសម្រេចលេខ៧២៨នេះ អនុគណៈកម្មាធិការបរទេសនៃសភាអាមេរិក កាលពីថ្ងៃពុធ ក៏បានអនុម័តសេចក្ដីសម្រេចចំនួនបីទៀត រួមទាំងសេចក្ដីសម្រេចលេខ២១០ ដែលទទួលស្គាល់ពលរដ្ឋខ្មែរ ឡាវ ម៉ុង និងម៉ុងតាញ៉ា ដែលប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានជួយគាំពារ និងការពារកងទ័ពអាមេរិក ដែលបានប្រយុទ្ធក្នុងសម័យសង្គ្រាមនាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងតំបន់នោះផងដែរ៕

ប្រភពៈ VOA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>