Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ក្រសួង​បរិស្ថាន​គ្រោង​ចាត់​វិធានការ​រោងចក្រ​ដែល​សង់​សំណង់​បំពុល​ប្រភព​ទឹក

$
0
0

ក្រសួងបរិស្ថាន នឹងធ្វើច្បាប់មួយដើម្បីចាត់វិធានការចំពោះរោងចក្រណាដែលសាងសង់សំណង់ក្បែរប្រភពទឹក និងបង្ហូរកាកសំណល់កខ្វក់ចូលប្រភពទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ និងសុខភាពប្រជាពលរដ្ឋ។ សង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន បង្ហាញការគាំទ្រ ប៉ុន្តែចង់ឃើញវិធានការនេះមានប្រសិទ្ធភាព។

ក្រសួងបរិស្ថាន ចាត់ទុកការសាងសង់សំណង់រោងចក្រក្បែរប្រភពទឹក រួចបង្ហូរទឹកស្អុយ ព្រមទាំងកាកសំណល់កខ្វក់ចូលទៅក្នុងប្រភពទឹក ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតឲ្យបានត្រឹមត្រូវ គឺជាមូលហេតុសំខាន់មួយដែលធ្វើឲ្យប៉ះពាល់ដល់សោភណភាព បរិស្ថានក្នុងទឹក និងសុខភាពមនុស្ស។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី២ ស្ដីពីសេចក្តីព្រាងក្រមបរិស្ថានកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងគ្រោងចាត់វិធានការចំពោះរោងចក្រណាដែលសាងសង់សំណង់រោងចក្រក្បែរប្រភពទឹក រួចបង្ហូរទឹកស្អុយ ព្រមទាំងកាកសំណល់ចូលទៅក្នុងប្រភពទឹក ដោយមិនបានធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានបានត្រឹមត្រូវ និងបំពានច្បាប់។

បន្ថែមពីនេះ ទីប្រឹក្សាក្រសួងបរិស្ថាន លោក ឯ វុឌ្ឍី ឲ្យដឹងដែរថា ដើម្បីឲ្យវិធានការនេះកាន់តែមានប្រសិទ្ធភាព ជាជំហានដំបូង ក្រសួងនឹងបញ្ជូនមន្ត្រីជំនាញចុះទៅដល់ទីតាំងរោងចក្រផ្ទាល់ រួចអប់រំម្ចាស់រោងចក្រ ប៉ុន្តែករណីមិនអនុវត្តតាម ក្រសួងនឹងធ្វើការពិន័យ ឬឈានទៅបញ្ឈប់ការសាងសង់៖ «កាលណាយើងមានករណីចឹង ជាពិសេសក្រសួងបរិស្ថាន នៅពេលដែលមានបញ្ហានេះ យើងតែងតែបញ្ជូនក្រុមការងារចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង។ តើមកពីមូលហេតុអ្វី? ហេតុអ្វីបានជាមានជាតិពុល ហើយយើងនឹងណែនាំទៅគាត់ឲ្យយល់ពីបញ្ហានេះ ឲ្យគាត់កែលំអប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ឡើងវិញ។ នេះវិធានការដែលយើងត្រូវធ្វើ»។

ទាក់ទិននឹងបញ្ហានេះ ប្រធានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំនៅកម្ពុជា (WWF Cambodia) លោក ឈិត សំអាត សង្កេតឃើញថា កាកសំណល់សំរាម និងទឹកស្អុយកខ្វក់ ត្រូវបានរោងចក្រ ម្ចាស់សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ និងអាហារដ្ឋានភាគច្រើនដែលមានទីតាំងនៅជាប់ប្រភពទឹក លួចបង្ហូរចូលទន្លេ បឹង និងសមុទ្រយ៉ាងអនាធិបតេយ្យ ដោយមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងនោះទេ៖ «កន្លងមកយើងឃើញថា រោងចក្រភាគច្រើនមានការបង្ហូរទឹកស្អុយកខ្វក់ចេញពីទីតាំងនីមួយៗតាមលូ ហើយមានក្លិនស្អុយ បានធ្វើឲ្យត្រីរាប់តោនងាប់អស់រាប់ម៉ឺនតោន។ ក្រសួងត្រូវតែអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ព្រោះបញ្ហាបរិស្ថានវាសំខាន់ណាស់សម្រាប់ការរស់នៅរបស់មនុស្ស និងសត្វ»។

សិក្ខាសាលាថ្នាក់ជាតិលើកទី២ ស្ដីពីសេចក្តីព្រាងក្រមបរិស្ថានកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ក៏អះអាងថា ក្នុងអាណត្តិរបស់លោក លោកនឹងធ្វើច្បាប់មួយមានឈ្មោះថា “ក្រមបរិស្ថាន” នឹងធ្វើឲ្យចេញនៅចុងឆ្នាំនេះ ដើម្បីឲ្យកិច្ចការពាររាល់ធនធានធម្មជាតិមានប្រសិទ្ធភាព ហើយលោកនឹងធ្វើឲ្យ “ក្រមបរិស្ថាន” នេះ ក្លាយជាមគ្គុទ្ទេសក៍សម្រាប់ស្ថាបនា និងគ្រប់គ្រងបរិស្ថាននៅកម្ពុជា ឲ្យមាននិរន្តរភាព។

ទោះបីជាយ៉ាងណា សង្គមស៊ីវិលជាតិ និងអន្តរជាតិមកពីអង្គការសហប្រជាជាតិ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា (UNDP) ដែលមានវត្តមានក្នុងសិក្ខាសាលានោះ បានជំរុញឲ្យរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន ពង្រឹងច្បាប់បរិស្ថានដែលមានស្រាប់ឲ្យមានតម្លាភាព និងប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជា៕

ប្រភពៈ RFA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>