ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៤១ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី១កក្កដា ដោយបានថ្កោលទោសចំពោះសេចក្តីសម្រេចរបស់តុលាការខេត្តកោះកុង ទៅលើសកម្មជនអង្គការចលនាមាតាធម្មជាតិចំនួន៣នាក់ថា មានសភាពធ្ងន់ធ្ងរពេក។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះ បានស្វាគមន៍ចំពោះការដោះលែងពួកគេទាំងបីនាក់ ឲ្យមានសេរីភាពឡើងវិញ។
សេចក្តីថ្លែងការណ៍ថ្កោលទោសនេះ បានធ្លាក់មកនៅចំថ្ងៃតែមួយ ដែលតុលាការខេត្តកោះកុង បានប្រកាសសាលក្រមកាត់ទោស លើសកម្មជនការពារបរិស្ថានបីនាក់ នៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៦នេះ។
សេចក្តីថ្លែងការណ៍ដែលមានភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះរបស់បណ្តាញសហគមន៍ និងអង្គការសង្គមស៊ីវិលទាំង៤១ នាំមុខដោយមជ្ឈមណ្ឌលសិទ្ធិកម្ពុជា(CCHR)នេះ បានស្វាគមន៍ចំពោះការដោះលែងសកម្មជនការពារបរិស្ថានទាំងបីនាក់ ក៏ប៉ុន្តែបានថ្កោលទោសចំពោះការផ្តន្ទាទោសលើអ្នកទាំងបីថា មានសភាពធ្ងន់ធ្ងរពេក។
គួរជំរាបជូនថា សកម្មជនអង្គការមាតាធម្មជាតិបីនាក់ រួមមាន ឈ្មោះ សាន់ ម៉ាឡា, ទ្រី សុវិគា និង ស៊ីម សំណាង ត្រូវបានតុលាការខេត្តកោះកុង កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន២លានរៀល (៥០០ដុល្លាអាមេរិក) និងបង្គាប់ឲ្យសងសំណងរួមគ្នានូវទឹកប្រាក់ចំនួន១០០លានរៀល (២៥០០០ដុល្លាអាមេរិក) ទៅឲ្យក្រុមហ៊ុនបូមខ្សាច់មួយឈ្មោះ ដាយរិក អាកសេស ពីបទផ្តើមគំនិតឲ្យប្រព្រឹត្តិបទល្មើសតាម មាត្រា ២៨ និងបទគំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំង៤១ បានចាត់ទុកសេចក្តីសម្រេចនេះថា មានសភាពធ្ងន់ធ្ងរពេក ពិសេសគឺនៅត្រង់ប្រាក់សំណងទៅឲ្យភាគីក្រុមហ៊ុន ដែលពួកគេចាត់ទុកថា មានចំនួនសន្ធឹកសន្ធាប់ពេក។ សេចក្តីថ្លែងការណ៍នេះ ក៏បានរិះគន់ចំពោះនីតិវិធីនៃការឃុំខ្លួនបណ្តោះអាសន្ន របស់តុលាការខេត្តកោះកុងលើអ្នកទាំងបីផងដែរ។
សូមបញ្ជាក់ថា សកម្មជនទាំងបីនាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី១កក្កដា បន្ទាប់ពីបានអនុវត្តទោស ១០ខែ ១៥ថ្ងៃ ហើយទោសដែលនៅសល់ត្រូវបានព្យួរ។
សេចក្តីថ្លែងការណ៍នេះ ក៏បានចាត់ទុកដែរថា នេះគឺជាព្រឹត្តិការណ៍ចុងក្រោយបំផុត នៃហេតុការណ៍ជាបន្តបន្ទាប់ ដែលអាជ្ញាធរកម្ពុជាបានធ្វើទុក្ខបុកម្នេញទៅលើអង្គការមាតាធម្មជាតិ និងសកម្មជនរបស់អង្គការនេះ បើទោះបីជាមានសេចក្តីថ្លែងការណ៍របស់អ្នកជំនាញ៤នាក់របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ឲ្យបញ្ចប់ការចោទប្រកាន់លើក្រុមអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាក៏ដោយ។ ក្រុមអង្គការសង្គមស៊ីវិល ក៏បានចាត់ទុកករណីនេះដែរថា គ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមការបង្ក្រាបជាច្រើនទៀត ទៅលើអង្គការសង្គមស៊ីវិលនៅកម្ពុជា។
យ៉ាងណាក៏ដោយ ក្រុមសកម្មជនការពារបរិស្ថានទាំងបីនាក់ នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការខេត្តកោះកុងនេះ៕
ប្រភពៈ RFI