Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក ហ៊ុន សែន ចាត់​ទុក​ពាក្យ​ជេរ “អា​គុក”ថា​ជា​រឿង​ធម្មតា

$
0
0

ក្នុងពេលស្ថានភាពនយោបាយរវាងគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងតែតានតឹង ការប្រើប្រាស់វោហារសាស្ត្រកាន់តែប្លែកៗក៏កើតមានដែរ។ នៅរយៈពេលចុងក្រោយនេះ ដោយលោកនាយករដ្ឋមន្ត្រីបានហៅពាក្យមួយដែលសាធារណជនយល់ថា ជាពាក្យជេរទៅដៃគូប្រកួតនយោបាយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបកស្រាយវិញថា ពាក្យនេះជាពាក្យធម្មតា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមពន្យល់សាធារណជនអំពីការប្រើប្រាស់ពាក្យជេរប្រមាថមួយឃ្លា ថាគ្រាន់តែលោកច្រឡោតចំពោះអ្នកចាក់ក្រឡេក និងញុះឲ្យលោកខឹងតែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រីថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ កក្កដា ដោយដំណាលរឿងមកនិយាយជាឧទាហរណ៍ ហើយលោកបកស្រាយដោយឲ្យអ្នកចូលរួមក្នុងវេទិកាពន្យល់រកអ្នកត្រូវខុសរវាងអ្នកចាក់ក្រឡេក អ្នកញុះលោក និងអ្នកភ្ញាក់ជេរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ភាសាជេរនេះ ជារឿងសាមញ្ញរបស់ពលរដ្ឋខ្មែរ៖ «ពីរនាក់កំពុងតែដើរស្ងៀមស្ងាត់ស្រាប់តែតាង៉ន ស្រែកថា អើយអាឈិន! ហ្អែងភ័យ ហ្អែងជិតងាប់ហើយ ដោយឯណោះឆ្លើយត្រឡប់មកវិញស្អីអាគុក? ឥឡូវសុំសួរតើអ្នកស្រែកមុនថា ហ្អែងភ័យ ហ្អែងជិតងាប់ហើយ អ្នកជេរត្រឡប់មកវិញថា អាគុក! ព្រោះខ្មែរយើងច្រើនថា ជួនកាលអាគុក ភាសាអ្នកស្រែ និយាយរួមភាសាសាមញ្ញគ្មានអីលើសពីអាគុកទេ។ ប៉ុន្តែឥឡូវសុំសួរ តើអ្នកដែលទៅញុះគេ ជាអ្នកខុស ឬអ្នកជេរជាអ្នកខុស? អាញុះគេថា គេភ័យជិតងាប់អាហ្នឹងអ្នកខុស»។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ដូច្នេះ បន្ទាប់ពីលោកបានថ្លែងម្ដងរួចមកហើយ កាលពីថ្ងៃទី២៩ ខែមិថុនា ដោយទំនងសំដៅទៅលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក្រោយពីលោកបានឃើញលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានរ៉យទ័រ (Reuters) ថា លោកនាយករដ្ឋមន្ត្រីភ័យខ្លាចចាញ់ឆ្នោត។ គ្រានោះ លោកនាយករដ្ឋមន្ត្រីបានព្រមានថា បើរដ្ឋាភិបាលចង់ចាប់ពេលណាក៏បាន៖ «អាអ្នកនៅកន្លែង ៤ជ្រុង ចេញមុខចេញមកមិនទាន់ដល់ម៉ោងទេ លោកឯងថា លោក ហ៊ុន សែន ភ័យខ្លាចចាញ់ឆ្នោត តែសូមផ្ដាំទៅលោកឯង ជាប់គុកគ្មានថ្ងៃចេញ អត់រួចទេ ប្រាប់ឲ្យហើយ អាគុក កុំព្រហើន»។

ការព្រមាននេះ ក្រោយពេលប្រធានស្ដីទីគណបក្សប្រឆាំងកំពុងលាក់ខ្លួននៅក្នុងស្នាក់ការគណបក្សរយៈពេលជាង ១ខែមកនេះ។

ឆ្លើយតបបញ្ហានេះ អនុប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់ថា ការប្រើប្រាស់សម្ដីគឺជាការឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌មនុស្សម្នាក់ៗ ក៏ប៉ុន្តែលោកសោកស្ដាយនៅពេលដែលប្រមុខរដ្ឋាភិបាលប្រើពាក្យនេះ៖ «ពេលខ្ញុំបានស្ដាប់លឺខ្ញុំតែងតែសោកស្ដាយ ខ្ញុំមិនចង់លឺពាក្យអសុរោះចេញពីអ្នកនយោបាយជាន់ខ្ពស់ ចេញពីនាយករដ្ឋមន្ត្រី ឬចេញពីរដ្ឋមន្ត្រីទេ សុខចិត្តថា ពាក្យអសុរោះហ្នឹងឲ្យចេញពីមនុស្សមិនបានរៀនសូត្រ ប៉ុន្តែសម្រាប់អ្នកមានមុខនាទីដឹកនាំរដ្ឋ គឺខ្ញុំចង់បានលឺពាក្យពេចន៍ទោះខឹងយ៉ាងណាដែលថាថ្លៃថ្នូរសមរម្យទៅ»។

អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានទស្សនៈថា ជានាយករដ្ឋមន្ត្រីមិនត្រូវធ្វើអត្ថាធិប្បាយរឿងក្ដីណាមួយដែលទៅដល់តុលាការនោះទេ។ មួយវិញទៀត ការប្រើប្រាស់ពេកសម្ដីក្នុងនាមជាមេដឹកនាំ ជានាយករដ្ឋមន្ត្រីគួរតែធ្វើគំរូដល់អ្នកដទៃ៖ «រឿងខឹងរឿងអីហ្នឹងពីដើមស្ដេចគេមិនឲ្យខឹងទេ គឺគេឲ្យទប់ខ្លួនយើងនេះមិនទប់ខ្លួនចេះតែច្រឡោតតោតតូងអ៊ីចឹង មិនមានលក្ខណៈជាអ្នកដឹកនាំតាមបែបបុរាណពីដើមគេអប់រំមេដឹកនាំ ស្ដេចក៏ដោយឲ្យទប់ខ្លួនឲ្យបាន គឺគ្រប់គ្រងខ្លួនឲ្យបាន មិនឲ្យខឹងទេ ខ្មែរយើងថា ខឹងខុសខឹងខាត»។

ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា មកលោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង បានសំងំក្នុងទីស្នាក់ការគណបក្សមិនចេញធ្វើសកម្មភាពនយោបាយនោះទេ ខណៈតុលាការបានចោទប្រកាន់រូបលោកថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែងដោយសារមិនចូលទៅតុលាការតាមការកោះហៅឲ្យចូលខ្លួនជាសាក្សីក្នុងរឿងសញ្ចារកម្ម។

គណបក្សទាំងពីរបានយល់ឃើញផ្ទុយគ្នាចំពោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលគណបក្សសង្គ្រោះជាតិ យល់ឃើញថា កម្ពុជាកំពុងមានវិបត្តិ រីឯគណបក្សប្រជាជនវិញយល់ថា កម្ពុជាគ្មានវិបត្តិនោះឡើយ៕

ប្រភពៈ RFA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>