Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អាមេរិក​ដាក់​ភូមា​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស

$
0
0

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការជួញដូរមនុស្ស នៅទូទាំងពិភពលោក ដោយនៅក្នុងរបាយការណ៍នេះ ភូមា ដែលជាប្រទេសប្រជាធិបតេយ្យថ្មីថ្មោង ត្រូវបានអាមេរិកដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ នៃប្រទេសដែលមានស្ថានភាពអាក្រក់បំផុតនៅក្នុងការជួញដូរមនុស្ស ហើយដែលអាចត្រូវទទួលទណ្ឌកម្មពីអាមេរិក។

ភូមាស្ថិតក្នុងចំណោមប្រទេសចំនួន ៨ ដែលត្រូវបានអាមេរិកដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សនៅឆ្នាំនេះ (ប្រទេស ៧ទៀត រួមមាន អ៊ូស្បេគីស្ថាន ជីប៊ូទី ហៃទី ប៉ាពូអាស៊ីនូវែលហ្គណេ ស៊ូដង់ ស៊ូរីណាម និងទួកម៉េនីស្ថាន)។ ប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅនេះ (បច្ចុប្បន្នមានទាំងអស់ ២៦ប្រទេស) ត្រូវបានវាយតម្លៃថាជាប្រទេសដែលមានការជួញដូរមនុស្សខ្លាំងក្លា ហើយរដ្ឋាភិបាលមិនបានចាត់វិធានការសមរម្យ ដើម្បីទប់ស្កាត់បញ្ហានេះ។

គួរបញ្ជាក់ថា អាមេរិកធ្លាប់ទទួលរងនូវការរិះគន់យ៉ាងខ្លាំង ដោយសារតែមិនបានដាក់បញ្ចូលភូមាទៅក្នុងបញ្ជីខ្មៅ កាលពីឆ្នាំទៅមិញ។ នៅពេលនោះ អង្គការសិទ្ធិមនុស្សជាច្រើនបានចោទអាមេរិកថា បានបិទភ្នែកធ្វើជាមើលមិនឃើញពីបញ្ហាជួញដូរមនុស្សនៅភូមា ដោយសារតែចង់លើកទឹកចិត្តដល់រដ្ឋាភិបាលរបស់លោកថេន សេន ឲ្យបន្តធ្វើកំណែទម្រង់ប្រជាធិបតេយ្យ។

ការសម្រេចដាក់បញ្ចូលភូមាទៅក្នុងបញ្ជីខ្មៅនៅពេលនេះ បានទទួលនូវការអបអរសាទរ ពីសំណាក់អង្គការសិទ្ធិមនុស្ស ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា គេបានបង្ហាញនូវការសោកស្តាយ ដែលអាមេរិកមិនបានបន្តរក្សាទុកប្រទេសថៃឲ្យនៅក្នុងបញ្ជីខ្មៅដដែល។

ប្រទេសថៃតែងតែទទួលនូវការរិះគន់ ជុំវិញលក្ខខណ្ឌការងាររបស់ពលករ ជាពិសេស នៅក្នុងវិស័យនេសាទ ដោយរបាយការណ៍ស៊ើបអង្កេតខ្លះបានលើកឡើងថា ពលករដែលធ្វើការក្នុងវិស័យនេសាទថៃ មានចំនួនច្រើន ដែលធ្វើការក្នុងលក្ខខណ្ឌដ៏អាក្រក់ ប្រៀបដូចជាទាសករ។ ការជួញដូរ និងកេងប្រវ័ញ្ចទៅលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក៏ជាប្រធានបទនៃការរិះគន់ផងដែរ។

ស្ថិតនៅក្នុងស្ថានភាពបែបនេះ អាមេរិកបានសម្រេចដាក់បញ្ចូលប្រទេសថៃ ទៅក្នុងបញ្ជីខ្មៅ កាលពីឆ្នាំទៅមិញ ក៏ប៉ុន្តែ ទើបនឹងបានសម្រេចដកចេញមកវិញនៅឆ្នាំនេះ។

នាយកអង្គការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (ATEST) បានបង្ហាញនូវការសង្ស័យថា ការសម្រេចដកប្រទេសថៃចេញពីបញ្ជីខ្មៅ គឺប្រហែលជាមានលក្ខណៈនយោបាយច្រើនជាងបច្ចេកទេស ដោយសារតែថៃ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រភពៈ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>