ភ្នំពេញៈ កសិករមួយរូបនៅខេត្តស្វាយរៀង កាលពីម្សិលមិញ បានរៀបរាប់ប្រាប់សាលាក្តីខ្មែរក្រហម ពីរឿងរ៉ាវជីវិតរបស់ខ្លួន ជាអតីតចារបុរសរបស់របបអាវខ្មៅនេះដែលបានរត់គេចខ្លួនពីការសម្លាប់រង្គាលជាផ្នែកនៃការធ្វើបន្សុទ្ធកម្ម និងចុងក្រោយបានចុះចូលជាមួយនឹងកងទ័ពវៀតណាមដែលខ្លួនធ្លាបមានភារកិច្ចតាមដាន។
ឈុំ សាម៉ន ដែលសព្វថ្ងៃមានវ័យ ៥០ ឆ្នាំក្រាស់ទៅហើយ បានចូលរួមជាមួយក្រុមខ្មែរក្រហម ក្នុងនាមជានិរសារ ហើយក្រោយមកក៏ត្រូវបានផ្លាស់ទៅអង្គភាពពិសេសនៅភូមិភាគបូព៌ា ដើម្បីធ្វើការប្រមូលព័ត៌មានអំពីកងទ័ពវៀតណាមនៅទល់ដែន។
សាម៉ន និយាយថា៖ «កន្លែងណាក៏ដោយដែលមានទាហានវៀតណាម ខ្ញុំត្រូវទៅទីនោះដើម្បីប្រមូលព័ត៌មាន… អំពីមូលដ្ឋានរបស់ពួកគេ អំពីចំណុចខ្លាំងនិងចំណុយខ្សោយរបស់ពួកគេ ដើម្បីយើងអាចរៀបចំផែនការធ្វើការវាយប្រហាររបស់យើងបាន»។
ប៉ុន្តែ នៅឆ្នាំ ១៩៧៨ បន្ទាប់ពីការប៉ះទង្កិចដ៏តានតឹងជាច្រើនដងនៅតាមព្រំដែន ទាហានខ្មែរក្រហមជាច្រើនមកពីភ្នំពេញ និងភូមិភាគនារតីបានធ្វើដំណើរមកភូមិភាគបូព៌ា និងបានប្រាប់កងទ័ពខ្មែរក្រហមប្រចាំការនៅទីនោះឲ្យប្រគល់អាវុធមកឲ្យខ្លួន និងប្រាប់ខ្លួនពីកន្លែងដែលមានបង្កប់គ្រាប់មីន មុនពេលដែលប្រាប់កងទ័ពទាំងនោះថា ពួកគេនឹងត្រូវបានបញ្ជូនទៅភ្នំពេញ និងផ្តល់អាវុធឲ្យជាថ្មី។
ផ្ទុយទៅវិញ កងទ័ពនៅភូមិភាគបូព៌ាត្រូវបានបង្គាប់ឲ្យឡើងជិះរថយន្តមួយ និងត្រូវបានដឹកយកទៅវាលស្រែមួយ ជាកន្លែងបាត់ខ្លួនរបស់កម្មាភិបាលរួមភូមិភាគជាមួយខ្លួនម្នាក់។
សាម៉ន បញ្ជាក់ថា៖ «គឺពេលនោះហើយដែលយើងដឹងថា នេះគឺជាពាក្យកុហក»។
ទាហានភូមិភាគមួយក្រុមមានគ្នា ២៩ នាក់ រួមទាំង សាម៉ន ផង ត្រូវបានចង់ស្លាបសេក និងដឹក «ដូចសត្វ» ទៅកន្លែងប្រហារជីវិត។
សាម៉ន គឺជា «មនុស្សតែម្នាក់គត់ដែលហ៊ានតវ៉ា» ប៉ុន្តែ ជាលទ្ធផល គាត់ត្រូវបានវាយនឹងស្វៃកាំភ្លើងវែងមួយដើម ជាហេតុធ្វើឲ្យផ្នែកខ្លះនៃដៃស្តាំរបស់គាត់កម្រើកលែងបាន។ បន្ទាប់មក សមមិត្តរបស់គាត់បួននាក់ត្រូវបានគេបំបែកចេញ ហើយបាញ់សម្លាប់ចោល។
សាម៉នបានរៀបរាប់ថា៖ «យើងបានលឺសម្លេងស្រែករបស់ពួកគេ។ ដូច្នេះ យើងក៏មានការភ័យខ្លាច ហើយព្យាយាមរត់គេចខ្លួន។ អ្នកដែលរត់មិនរួចត្រូវបាញ់ស្លាប់ទាំងដៃជាប់ចំណង… មានគ្នាយើងតែបីនាក់ប៉ុណ្ណោះដែលបានរត់គេចរួចជីវិតពីទុក្ខលំបាកនេះ»។
សាម៉ន បន្តថា គាត់បានស្រាយចំណងដៃរបស់ខ្លួន និងបានរត់គេចបន្តទៀតជាមួយនឹងសហជីវិនពីរនាក់ទៀត ក៏ប៉ុន្តែមានទាហានបីនាក់កំពុងតែដេញតាមពួកគេ។ ពួកគេត្រូវលោតចូលទៅក្នុងទន្លេដើម្បីគេចពីគ្រាប់កាំភ្លើងរបស់ទាហានទាំងនេះ មុនពេលដែលពួកគេត្រូវរត់ពេញមួយយប់ឆ្លងកាត់ព្រំដែនចូលទៅក្នុងដីវៀតណាម។ នៅព្រំដែន ពួកគេត្រូវបានទាហានខ្មែរក្រហមដេញបាញ់ម្តងទៀត។
កាលពីមុន សាម៉ន ធ្លាប់ជឿពាក្យឃោសនារបស់ខ្មែរក្រហមដែលថា «យួនចាប់ខ្មែរវះពោះ» តែនេះផ្ទុយពីអ្វីដែលកើតឡើងចំពោះរូបគាត់។
ទាហានវៀតណាមបានជួយសង្គ្រោះពួកគាត់ដោយបាញ់តបទៅលើក្រុមទាហានខ្មែរក្រហម ព្រមទាំងបានរុំរបួស និងលើកទឹកចិត្តពួកគេឲ្យចូលរួមជាមួយនឹងកងកម្លាំងឈ្លានពាន ដែលគេបង្កើតឡើងដើម្បីផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហមផងដែរ។
ខណៈដែលខ្មែរក្រហមបានចោទប្រកាន់គាត់ថា ជាជនក្បត់ សាម៉នបានអះអាងកាលពីម្សិលមិញថា៖ «ខ្ញុំមានជំនឿចិត្តលើកងទ័ពបដិវត្តន៍ខ្មែរក្រហម ព្រោះខ្ញុំគិតថា ពួកគេស្មោះត្រង់នឹងប្រជាជនខ្មែរ»៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍