Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

Brexit ៖ ភាព​ស្រពិចស្រពិល​នៃ​នីតិវិធី​ចាកចេញ​របស់​អង់គ្លេស កំពុង​អង្រួន​អឺរ៉ុប

$
0
0

៤ថ្ងៃបន្ទាប់ពីប្រជាជនអង់គ្លេស បានបោះឆ្នោតប្រជាមតិសម្រេចឲ្យប្រទេសខ្លួន ដើរចេញពីសហភាពអឺរ៉ុបនោះ គឺវាបានធ្វើឲ្យពិភពលោកទាំងមូល រំជើបរំជួល ជាពិសេសក្នុងវិស័យធនាគារ ទីផ្សារហិរញ្ញវត្ថុ។ អ្វីដែលជាការព្រួយបារម្ភ គឺភាពមិនប្រាកដច្បាស់ នៃនីតិវិធីចាកចេញរបស់អង់គ្លេស ដែលសហភាពអឹរ៉ុបកំពុងចោទសួរ ព្រោះថានេះជាលើកទីមួយហើយ ដែលប្រទេសសមាជិកម្នាក់ ដកខ្លួនចេញ។ នីតិវិធីផ្តាច់ខ្លួន មិនអាចធ្វើបានភ្លាមៗទេ ដ៍រាបណាប្រទេសអង់គ្លេស មិនព្រមចាប់ផ្តើមវា។ នៅថ្ងៃនេះ លោកស្រីអង់ហ្គេឡា មែគែល កំពុងតែជួបប្រជុំជាមួយលោក ប្រធានាធិបតីបារាំង លោកនាយករដ្ឋមន្ត្រីអ៊ីតាលី និងលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ដើម្បីពិភាក្សាគ្នា មុននឹងបើកកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅថ្ងៃអង្គារ។

មិនមែនអង់គ្លេស គ្រាន់តែបានលទ្ធផលបោះឆ្នោតប្រជាមតិសម្រេចថាចេញ ហើយក៏ចប់គ្នានោះទេ។ នៅមានបញ្ហាស្មុគស្មាញ ចាក់ស្រែសណាស់ ព្រោះអង់គ្លេស ត្រូវតែចរចាធ្វើកិច្ចព្រមព្រៀងដកខ្លួនចេញ ពីសហភាពអឺរ៉ុប។ ត្រង់នេះហើយ ដែលគេហៅថា នីតិវិធីនៃការដកខ្លួនចេញពីសមាជិកភាព។

មាត្រា៥០ នៃសន្ធិសញ្ញាក្រុងលីស្បូន៖
នីតិវិធី នៃការដកខ្លួនសមាជិកណាម្នាក់ ពីសហភាពអឺរ៉ុប គឺមានចែងត្រង់មាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុងលីស្បូន ដែលបានចូលជាធរមាននៅឆ្នាំ២០០៩។ យោងតាមមាត្រានេះ គេកំណត់ថា បើប្រទេសសមាជិកណាមួយ សម្រេចថាដើរចេញពីសហភាពអឺរ៉ុប ប្រទេសនោះត្រូវតែធ្វើការបញ្ជាក់ ទីមួយតាមរយៈការផ្ញើរលិខិតផ្លូវការ ទៅក្រុមប្រឹក្សាអឺរ៉ុប រឺទីពីរ ត្រូវជូនដំណឹងនេះ ក្នុងពេលប្រជុំកំពូលនៃប្រមុខរដ្ឋរបស់ប្រទេសសមាជិកទាំងអស់ ដើម្បីចាប់ផ្តើមនីតីវីធិចរចានៃការផ្តាច់ខ្លួន។ ក្នុងន័យនេះ គឺមានតែប្រទេសសាម៉ី ខ្លួនឯងតែម្នាក់គត់ ដែលអាចជូនដំណឹងនេះ ហើយទើបនីតិវិធីផ្តាច់ខ្លួន អាចចាប់ផ្តើមបានជាផ្លូវការបាន។

បន្ទាប់មកទៀត មាត្រា៥០កំណត់ថា ក្រុមប្រឹក្សាអឺរ៉ុប ត្រូវជួបប្រជុំគ្នា ដើម្បីចាត់ចែងនីតិវិធីចរចាជាមួយនឹងប្រទេសសាម៉ី ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងដកខ្លួនឈប់ធ្វើជាសមាជិក ដែលចុះហត្ថលេខាដោយប្រទេសសាម៉ី និងសហភាពអឺរ៉ុប បន្ទាប់ពីបានឆ្លងកាត់ការយល់ព្រម ពីសភាអឺរ៉ុប។

មានន័យថា ចាប់ពីថ្ងៃដែលប្រទេសសាម៉ី ធ្វើការជូនដំណឹងជាផ្លូវការ ទៅសហភាពអឺរ៉ុប ដើម្បីបើកនីតិវិធីផ្តាច់ខ្លួន គឺប្រទេសសាម៉ី និងសហភាពអឺរ៉ុប មានពេល២ឆ្នាំ ដើម្បីចរចាគ្នាសម្រេចឲ្យបានកិច្ចព្រមព្រៀងដកខ្លួន។ ផុតរយៈពេលនេះ រាល់សន្ធិសញ្ញា រឺបទដ្ឋានច្បាប់ផ្សេងៗរបស់សហភាពអឺរ៉ុប នឹងត្រូវលែងមានប្រសិទ្ធិភាព និងអនុវត្តទៅលើប្រទេសសាម៉ីទៀតហើយ លើកលែងតែក្នុងករណីសហភាពអឺរ៉ុប និងប្រទេសនោះយល់ព្រមគ្នា បន្ថែមពេលវេលាចរចាតទៅទៀត។

អ្វីៗ ស្រេចនៅលើអង់គ្លេសតែម្នាក់គត់ ដើម្បីចាប់ផ្តើមនីតិវិធីផ្តាច់ខ្លួន៖
សម្រាប់ពេលនេះ អង់គ្លេស មានត្រឹមតែលទ្ធផលប្រជាមតិ តែអង់គ្លេសនៅមិនទាន់បានធ្វើការជូនដំណឹងជាផ្លូវការទៅសហភាពអឺរ៉ុប ដើម្បីអនុញ្ញាតិឲ្យកាលានុវត្តនៃនីតិវិធីផ្តាច់ខ្លួន អាចចាប់ផ្តើមបានទេ។

ដូចយើងបានដឹងហើយ គ្រាន់តែចេញលទ្ធផលប្រជាមតិភ្លាម លោកដាវីដ ខាមឺរ៉ុន នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ក្នុងរយៈពេល៣ខែទៀត ហើយគាត់ទុកតួនាទីចាត់ចែងនីតិវិធីផ្តាច់ខ្លួន ឲ្យនាយករដ្ឋមន្ត្រីថ្មីជាអ្នកធ្វើ។ អញ្ចឹងមានន័យថា យ៉ាងហោចណាស់ ក៏៣ខែទៀតដែរ ទើបអង់គ្លេសចាប់ផ្តើមជូនដំណឹងជាផ្លូវការ។ នេះមិនប្រាដកផង ព្រោះស្រួលមិនស្រួល អង់គ្លេស អាចជាប់គាំងនយោបាយ រកនាយករដ្ឋមន្ត្រីថ្មីមិនបាន រឺក៏បានហើយ តែនៅតែមិនព្រមធ្វើការជូនដំណឹងជាផ្លូវការទៅសហភាពអឺរ៉ុប ដើម្បីចាប់ផ្តើមនីតិវិធីផ្តាច់ខ្លួន។

អញ្ចឹងសម្រាប់ពេលនេះ អ្វីៗនៅនឹងថ្កល់មួយកន្លែង មិនច្បាស់ទាំងអស់ ដែលបញ្ហានេះហើយ ដែលវាធ្វើឲ្យមានចលាចលក្នុងប្រព័ន្ធសេដ្ឋកិច្ច ទីផ្សារហិរញ្ញវត្ថុតែម្តង។  លោក George Osborne រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អង់គ្លេស នឹងមិនចាប់ផ្តើមអនុវត្តមាត្រា៥០នៃសន្ធិសញ្ញាទីក្រុងលីស្បូនទេ ដ៏រាបណាអង់គ្លេសមិនទាន់ត្រៀមខ្លួន រួចរាល់ដើម្បីដើរចេញពីអឺរ៉ុប។ ក្នុងន័យនេះ ដរាបណាអង់គ្លេសមិនទាន់ងើបពីវិបត្តិហិរញ្ញវត្ថុ និងមិនទាន់មានការធានាថា អង់គ្លេសមិនខាតបង់ច្រើន គឺអង់គ្លេស នឹងមិនព្រមចាប់ផ្តើមអនុវត្តនីតិវិធីផ្តាច់ខ្លួនចេញពីអឺរ៉ុបទេ។

សម្រាប់អ្នកវិភាគខ្លះ គេយល់ថាអង់គ្លេស កំពុងលេងខ្សែលើជ្រុលពេក មកលើអឺរ៉ុប។ ដំបូងប្រកូកប្រកាសឲ្យប្រជាជនខ្លួនបោះឆ្នោតប្រជាមតិ ដើម្បីឈប់នៅក្នុងអឺរ៉ុប ដល់ពេលប្រជាជនបោះឆ្នោតយល់ព្រមហើយ បែរជានៅតែកោសរូសសហភាពអឺរ៉ុប ទាមទារថាអឺរ៉ុបត្រូវតែឲ្យប្រយោជន៍ទៅខ្លួនខ្លះ មិនអញ្ចឹងទេ គឺអង់គ្លេសមិនព្រមចាប់ផ្តើមនីតិវិធីផ្តាច់ខ្លួនទេ។

បារាំង និងអ៊ីតាលី បង្ខំឲ្យអង់គ្លេសចេញឲ្យបានឆាប់?
ជាពិត គ្រាន់តែបានលទ្ធផលប្រជាមតិភា្លម ថ្នាក់ដឹកនាំធំៗនៅអឺរ៉ុបមួយចំនួន បានប្រកាសថា បើអង់គ្លេស សម្រេចថាចេញ គឺត្រូវចេញឲ្យលឿន កុំនៅអែនអនយូរពេក។ គោលជំហរនេះ គឺជាគោលជំហររបស់បារាំងតែម្តង។ លោក ហ្រ្វង់ស័រហូឡង់ បានបញ្ជាក់ថា មិនមែនអង់គ្លេសទេ ដែលជាអ្នកមកត្រូវកំណត់កាលវិភាគ របស់សហភាពអឺរ៉ុប។ បើអង់គ្លេស មិនពេញចិត្តនឹងរួមរស់តទៅទៀត ជាមួយសមាជិកផ្សេង អញ្ជើញអង់គ្លេស រៀបចំខ្លួនចេញឲ្យបានឆាប់ជាទីបំផុត ដើម្បីឲ្យអឺរ៉ុបគេរៀបចំបោសសម្អាតផ្ទះ។

ដូចគ្នាដែរ លោកនាយករដ្ឋមន្ត្រីអ៊ីតាលី បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះ ពីគោលជំហរគាត់ថា អឺរ៉ុប គ្មានពេលវេលាមកខាតជាមួយអង់គ្លេស ដោយត្រូវនៅកកស្ទះទន្ទឹងរងចាំនោះទេ។ អង់គ្លេសខ្លួនឯង ជាអ្នកសម្រេចថាដើរចេញ ដូច្នេះ គួរតែដឹងពីផលវិបាក និងលទ្ធផលនៃការសម្រេចចិត្តរបស់ខ្លួនហើយ ហើយមិនត្រូវបង្អែរបង្អង់ ថាត្រូវចាំនេះចាំនោះទៀតទេ។

តែបើយើងគិតទៅ ការនិយាយបែបនេះ ក៏ដោយសារតែភ្លាមៗ នរណាក៏មានកូនចិត្តខឹង អន់ចិត្តនឹងជម្រើសរបស់ប្រជាជនអង់គ្លេសដែរ។ តែបើយើងក្រលេកមើលឲ្យបានវែងឆ្ងាយ និងនិយាយទៅតាមអ្វីដែលមានចែងក្នុងមាត្រា៥០ គឺគេពិតជាគ្មានជំរើសផ្សេងទេ ព្រោះថា មានតែអង់គ្លេសម្នាក់ឯងគត់ ដែលមានសិទ្ធិចាប់ផ្តើមនីតិវិធីផ្តាច់ខ្លួន។ គ្មាននរណាម្នាក់មកបង្ខំអង់គ្លេសបានទេ។

លោកស្រី មែគែល ថា មិនត្រូវបង្ខំ អង់គ្លេសពេកទេ៖
ក្នុងន័យនេះ គោលជំហររបស់លោកស្រីអង់ហ្គេឡា មែគែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ គឺមានលក្ខណៈកណ្តាលជាង ដោយលោកស្រីសំណូមពរសហភាពអឺរ៉ុបថា កុំអាលបង្ខំ រឺដាក់សំពាធទៅលើអង់គ្លេស ក្នុងពេលនេះពេក។ ការចាប់ផ្តើមនីតិវិធីផ្តាច់ខ្លួន ត្រូវតែធ្វើទៅ ដោយសម្រួល។

កាលៈទេសៈនេះ អង់គ្លេសកំពុងតែដាំក្បាលធ្លាក់ចូលរណ្តៅ ទាំងសេដ្ឋកិច្ចទាំងនយោបាយ។ គណបក្សនយោបាយ ឈ្លោះប្រកែកគ្នា បន្ទោសគ្នា ហើយនាំគ្នាដើរចេញពីតំណែងជាបន្តបន្ទាប់។ ដូច្នេះ ក្នុងពេលនេះគេគួរទុកឱកាសឲ្យអង់គ្លេស បានស្ងប់បន្តិច មុននឹងចាប់ផ្តើមធ្វើនីតិវិធីផ្តាច់ខ្លួន។ មានអ្នកការទូតខ្លះ ហ៊ានដល់ទៅសង្ឃឹមទៀតថា បើទុកពេលបន្តិច អង់គ្លេសអាចនឹងដឹងកំហុសខ្លួន ហើយស្រួលមិនស្រួលអាចនឹងចាត់ទុកជាមោឃៈ នូវលទ្ធផលប្រជាមតិរបស់ខ្លួន ក៏ថាបាន។

ជំនួបកំពូលអឺរ៉ុបបន្ទាន់ ដើម្បីពិភាក្សាពីនីតិវិធីចរចាជាមួយអង់គ្លេស៖
គ្មាននរណាសង្ឃឹមថា លោកដាវីដ ខាមឺរ៉ុន នឹងជូនដំណឹងជាផ្លូវការទៅសហភាពអឺរ៉ុប ដើម្បីចាប់ផ្តើមនីតិវិធីផ្តាច់ខ្លួន នាពេលនេះទេ។ ប្រហែលគាត់ គ្រាន់តែធ្វើការផ្តល់ដំណឹងពីលទ្ធផលផ្លូវការ នៃប្រជាមតិ ទៅសហភាពអឺរ៉ុបតែប៉ុណ្ណោះ។

ចំណុចមួយទៀត ដែលនៅមិនច្បាស់គឺ ថាតើគេត្រូវជជែកចរចាជាមួយអង់គ្លេស ស្តីពីកិច្ចព្រមព្រៀងទំនាក់ទំនងអង់គ្លេសនិងអឺរ៉ុប ក្នុងពេលជាមួយគ្នា នឹងកិច្ចព្រមព្រៀងផ្តាច់ខ្លួនរឺយ៉ាងណា? ត្រង់ចំណុចនេះ មិនត្រឹមតែអង់គ្លេសទេដែលត្រូវការពេលវេលា ផ្ទុយទៅវិញសហភាពអឺរ៉ុប ក៏ត្រូវការពេលវេលាដែរ ដើម្បីជជែកគ្នាផ្ទៃក្នុង។

ការផ្តាច់ខ្លួនរបស់អង់គ្លេសមានភាពស្មុគស្មាញ ដោយសារវាជាប់ពាក់ព័ន្ធចាក់ស្រែស ទាំងអស់នៅក្នុងបទដ្ឋានគតិយុត្តិនៃច្បាប់សហភាពអឺរ៉ុប ដែលអនុវត្តទូទាំងអឺរ៉ុប។ មានន័យថា វាទាក់ទងទាំងអស់ ទៅដល់ជំនួញ កិច្ចសន្យានានា ការវិនិយោគ ចរាចរណ៍របស់ប្រជាជន កម្មវិធីផ្លាស់ប្តូរនិស្សិត រវាងប្រទេសអង់គ្លេស និងប្រទេសសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ហើយរវាងអង់គ្លេស និងប្រទេសផ្សេងទៀត ដូចជាសហរដ្ឋអាមេរិកជាដើម ដែលកន្លងមកគឺធ្វើក្នុងក្របខណ្ឌច្បាប់របស់សហភាពអឺរ៉ុប។

ដូច្នេះហើយ បានជាលោកចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិក បានអញ្ជើញមកដល់ក្រុងព្រុចសែល នៅថ្ងៃចន្ទ ទី២៧ មិថុនា ដើម្បីពិភាក្សាពីបញ្ហាស្មុគស្មាញទាំងនេះ។ លោកចន ឃែរី នឹងទៅទីក្រុងឡុងនៅល្ងាចថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេស។

កាលៈទេសៈនេះ អឺរ៉ុប ត្រូវតែប្រកាន់គោលជំហរមួយឲ្យមាំ រួមគ្នាសម្លេងតែមួយ ដើម្បីប្រឈមមុខនឹងអង់គ្លេស។ បើទុកយូរ អឺរ៉ុបទាំង២៧ប្រទេសជាអ្នកខាត ព្រោះត្រូវនៅទ្រឹងរងចាំ។ អង់គ្លេសខ្លួនឯង ជាអ្នកសម្រេចចិត្តដើរចេញ ដូច្នេះ ល្អ រឺអាក្រក់ អង់គ្លេស ត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន មិនត្រូវអូសប្រទេសទាំង២៧ផ្សេងទៀត ឲ្យនៅហ្មងសៅជាមួយទេ៕

ប្រភពៈ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>