Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មន្ត្រី​កំពុង​រៀបចំ​ប្រព័ន្ធ​បង់​ប្រាក់​ពិន័យ​ចរាចរណ៍​តាម​ធនាគារ

$
0
0

ភ្នំពេញៈ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈលោក រុន រ័ត្នវាសនា បានមានប្រសាសន៍ពីថ្ងៃម្សិលមិញថានាយកដ្ឋានកំពុងសិក្សាពីប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ពិន័យលើបទល្មើសចរាចរណ៍តាមធនាគារជាមួយធនាគារចំនួន ៣ រួមមាន អេស៊ីលីដា វីង និងទ្រូម៉ាន់នីខណៈដែលធនាគារទាំងនេះមានសាខាច្រើននៅតាមបណ្តារាជធានី-ខេត្តហើយប្រព័ន្ធថ្មីនេះនឹងដាក់ដំណើរការនៅចុងឆ្នាំ ២០១៦ នេះ។

លោកបន្តថា៖ «ឥឡូវយើងកំពុងបញ្ចូលទិន្នន័យទាំងអស់ដើម្បីរៀបចំប្រព័ន្ធថ្មីនេះសម្រាប់ផ្តល់សេវាឲ្យប្រជាពលរដ្ឋទាំងអស់ឲ្យបានជិតបំផុត និងងាយស្រួលបានន័យថាពេលគាត់ឃើញធនាគារណាដែលគេសហការជាមួយយើងអ៊ីចឹងគាត់គ្រាន់តែយកប័ណ្ណត្រួតពិនិត្យកំហុសនោះទៅបង់ប្រាក់ពិន័យទៅបានហើយមិនបាច់ដើររកស្នាក់ការកន្លែងបង់ប្រាក់តាមប៉ុស្តិ៍ដូចរាល់ដងទេព្រោះភាគច្រើនគាត់ពិបាករក»។

លោកបន្ថែមថាប្រព័ន្ធថ្មីនេះក៏នឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងសម្រាប់សមត្ថកិច្ចដែលត្រួតពិនិត្យលើការផាកពិន័យ និងមានតម្លាភាព។

លោកបានថ្លែងថា៖ «យើងអាចបង់ប្រាក់ផាកពិន័យនៅកន្លែងណាក៏បានដូចគ្នាប៉ុន្តែរាល់ថ្ងៃយើងពិបាកគ្រប់គ្រងដូចជាកន្លែងគាត់ [អ្នកល្មើសច្បាប់] ត្រូវផាកនៅកំពង់សោមហើយគាត់មកបង់នៅភ្នំពេញអ៊ីចឹងយើងមិនបានដឹងថាគាត់ហ្នឹងបានបង់នៅភ្នំពេញមែនហើយឬនៅ? តែបើបង់តាមប្រព័ន្ធថ្មីនេះបានន័យថាបើគាត់ត្រូវផាកនៅកំពង់សោមគាត់បង់នៅបាត់ដំបងក៏យើងអាចដឹងដែរ»។

បើតាមលោក រុន រ័ត្នវាសនា នាយកដ្ឋានក៏កំពុងតែសិក្សាលើប្រព័ន្ធកាត់ពិន្ទុទៅលើអ្នកបើកបរដែលប្រព្រឹត្តល្មើសទៅនឹងច្បាប់ចរាចរណ៍ដូចនៅបណ្តាប្រទេសមួយចំនួនផងដែរដោយប្រព័ន្ធនេះនឹងចាប់ផ្តើមដំណើរនៅ ៥ ឆ្នាំទៀត។

លោក ស៊ុយ ប៊ុនថាន់ ប្រជាពលរដ្ឋរស់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុដែលធ្លាប់រងនូវការផាកពិន័យបានគាំទ្រចំពោះការរៀបចំប្រព័ន្ធបង់ប្រាក់ពិន័យតាមធនាគារនេះដែលអាចបង្កលក្ខណៈងាយស្រួល និងចំណេញពេលវេលា។

លោកថា៖ «បើសិនមានប្រព័ន្ធនេះវាងាយស្រួលបង់ជាងមុនព្រោះវីង ឬទ្រូមាន់នីអីហ្នឹងវានៅជិតផ្ទះយើង យើងមិនបាច់ចំណាយពេលទៅបង់នៅអធិការដ្ឋាននគរបាលស្រុក ឬក៏នៅខេត្តដែលនៅឆ្ងាយពីផ្ទះ»។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកប្រចាំកម្ពុជាលោក សន ជ័យ យល់ថាការរៀបចំប្រព័ន្ធថ្មីនេះជាជម្រើសមួយល្អដែលអាចកាត់បន្ថយការទូទាត់ប្រាក់ពិន័យដែលមិនមានតម្លាភាពរវាងអ្នកបើកបរដែលប្រព្រឹត្តល្មើសច្បាប់ និងប៉ូលិសចរាចរណ៍ ខណៈដែលលោកសង្កេតឃើញការផាកពិន័យរបស់ប៉ូលិសចរាចរណ៍បច្ចុប្បន្ននៅមានភាពស្មុគស្មាញក្នុងការគ្រប់គ្រងហើយមានអ្នកប្រព្រឹត្តខុសមួយចំនួនបានចរចាបង់ប្រាក់ពិន័យនៅនឹងកន្លែងតែម្តងដែលធ្វើឲ្យការផាកពិន័យនោះទាបជាងតម្លៃដែលមានចែងក្នុងច្បាប់ជាដើម។

លោកបានថ្លែងថា៖ «បើសិនជាប្រព័ន្ធបង់លុយពិន័យតាមធនាគារហ្នឹងល្អធនាគារនោះសកម្មហើយការទូទាត់ប្រាក់បង់ពិន័យនេះបែងចែកទៅឲ្យប៉ូលិសចរាចរណ៍ឲ្យលឿននោះទើបអាចបញ្ឈប់ ឬធ្វើឲ្យប៉ូលិសគាត់លែងទទួលការបង់ប្រាក់ពិន័យនៅកន្លែងកើតហេតុហើយប៉ូលិសថ្នាក់លើគួរតែមានវិធានការទប់ស្កាត់រឿងហ្នឹងដែរព្រោះអីវាជាករណីមិនប្រក្រតីដែលធ្វើឲ្យខូចការអនុវត្តច្បាប់ចរាចរណ៍ទាក់ទងនឹងការផាកពិន័យនេះ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>