Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មន្ត្រី​អាដហុក​ដែល​ត្រូវ​ចាប់​ឃុំ​ចង់​ជួប​តទល់​ជាមួយ​ ស្រីមុំ

$
0
0

ភ្នំពេញៈ លោកស្រី លឹម មុន្នី ដែលជាស្រី្តម្នាក់ក្នុងចំណោមមន្ត្រីអាដហុក ៤ នាក់ដែលកំពុងជាប់ពន្ធនាគារទាក់ទងនឹងបទចោទសូកប៉ាន់សាក្សីដ៏ចម្រូងចម្រាសរបស់ ស្រីមុំ ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា បានស្នើឱ្យចៅក្រមស៊ើបសួរកោះហៅនារីម្នាក់នេះ និងសាក្សីពាក់ព័ន្ធផ្សេងទៀតមកសួរតទល់មុខគ្នាដើម្បីដេញដោលពីដំណើរដើមទងនៃសាច់រឿងឱ្យកាន់តែច្បាស់ខណៈដែល ស្រីមុំ ក៏បានចូលបំភ្លឺនៅតុលាការកាលពីម្សិលមិញផងដែរដោយមានឡានទំនើបឡិចស៊ីស ៤៧០ ជូនទៅ។

7-SreyMom

ការស្នើនេះធ្វើឡើងនៅពេលលោកស្រី លឹម មុន្នី មន្ត្រីការពារសិទ្ធិមនុស្សអាដហុកត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីលោក ធាម ច័ន្ទពិសិដ្ឋ កោះហៅទៅសួរចម្លើយបន្ថែមក្នុងសំណុំរឿងបទសូកប៉ាន់សាក្សីពេញមួយព្រឹកកាលពីម្សិលមិញ។

មេធាវីការពារក្តីឱ្យមន្ត្រីអាដហុកគឺលោក ហួន ជុនឌី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សាកសួរថាចៅក្រមបានសាកសួរកូនក្តីរបស់លោកជុំវិញដែលសមាគមអាដហុកជួយសង្គ្រោះដល់ ស្រីមុំ និងរឿងលុយជាង ២០៤ ដុល្លារដែលសមាគមចំណាយសម្រាប់ថ្លៃធ្វើដំណើរដល់នាង។

លោកបញ្ជាក់ថា នេះគ្រាន់តែដំណាក់កាលសាកសួរចៅក្រមមិនទាន់មានសេចក្តីសម្រេចនៅឡើយទេ។

លោកឱ្យដឹងដែរថា ក្នុងអំឡុងពេលសាកសួរកូនក្តីរបស់លោកបានស្នើចៅក្រមឲ្យកោះហៅសាក្សីពាក់ព័ន្ធមកសួរទល់មុខគ្នា។

លោកបន្តថា៖ «គាត់ (លោកស្រី លឹម មុន្នី) ក៏ស្នើសុំឱ្យមានការសាកសួរតទល់រវាងគាត់ជាមួយនឹង ស្រីមុំ ជាមួយសាក្សីមួយចំនួនទៀតតែចៅក្រមមិនទាន់ឆ្លើយតបនៅឡើយទេ។ ជានីតិវិធីកូនក្តីរបស់យើងមានសិទ្ធិធ្វើដូច្នេះហើយខ្ញុំជាមេធាវីក៏មានសិទ្ធិស្នើសុំឱ្យតុលាការសាកសួរតទល់គ្នាដូច្នេះដែរ»។ លោកបានពន្យល់ថាការសាកសួរតទល់គ្នាពិតជាមានសារៈប្រយោជន៍ដល់ជនត្រូវចោទ។

លោកបានបញ្ជាក់ថា៖ «អាចឱ្យភាគីទាំងអស់ចោទសួរចំណុចមួយចំនួនដែលគិតថាមិនគួរសាក្សីឆ្លើយចឹង ឧទាហរណ៍ចោទថាយើងអ្នកផ្តល់គំនិតទៅដល់សាក្សីឱ្យឆ្លើយខុសពីការពិតវាជាការសួរដេញដោលគ្នាចឹងជាជាងសួរដោយឡែកៗអត់បានបញ្ជាក់ដាក់គ្នា»។

លោកឲ្យដឹងទៀតថាបន្ទាប់ពីស្តាប់ចម្លើយកូនក្តីលោកសង្ឃឹមថាតុលាការនឹងពិចារណាលើកលែងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។

លោកថា៖ «លោកស្រី លឹម មុន្នី បានឆ្លើយទាំងអស់មិនឃើញមានចំណុចណាមួយដែលបង្ហាញថាគាត់មានការជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីនោះទេហើយសង្ឃឹមថាចម្លើយរបស់គាត់ជាអ្វីមួយដែលអាចឱ្យតុលាការពិចារណាក្នុងការលើកលែងចោទប្រកាន់ថ្ងៃខាងមុខ»។

ជាមួយគ្នានេះដែរលោក យី សុខសាន្ត ដែលត្រូវបានតុលាការកោះហៅសួរចម្លើយបន្ថែមនៅវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃម្សិលមិញដែរបានថ្លែងមុនចូលបំភ្លឺថា៖ «នេះជារឿងអយុត្តិធម៌មួយចំពោះសង្គមស៊ីវិលហើយលោកគ្មានសង្ឃឹមថាទទួលបានយុត្តិធម៌ពីតុលាការនោះទេ»។ ចំណែកលោក ណៃ វ៉ង់ដា និងលោក នី សុខា តុលាការនឹងកោះហៅមកសួរចម្លើយបន្ថែមនៅថ្ងៃទី ២៦ ខែ មិថុនា ខាងមុខនេះ។

កាលពីថ្ងៃពុធលោក នី ចរិយា អគ្គលេខាធិការរង គជប ក៏ត្រូវបានតុលាការឱ្យនាំខ្លួនចូលបំភ្លឺដែរតែលោកបដិសេធឆ្លើយសំណួររបស់ចៅក្រមដោយសារតែអវត្តមានមេធាវី។

កាលពីម្សិលមិញនេះដែរកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលជាដើមចមនៃរឿងនេះក៏បានចូលបំភ្លឺដែរទាក់ទងនឹងសំណុំរឿងដែលនាងចោទលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងពីបទសញ្ចារកម្ម។ ពេលចេញពីតុលាការ ស្រីមុំ បដិសេធធ្វើអត្ថាធិប្បាយអ្វីទាំងអស់ដោយទុកឲ្យមេធាវីរបស់នាងឆ្លើយជំនួស។

មេធាវីការពារ ស្រីមុំ គឺលោក គឹម វាសនា ថ្លែងថាព្រះរាជអាជ្ញាសួរកូនក្តីរបស់លោកតែរឿងសញ្ចារកម្មប៉ុណ្ណោះ និងបានបញ្ជាក់ថារឿងដែល ស្រីមុំ បានចោទលោក កឹម សុខា កន្លងមកជារឿងពិត។

លោកថា៖ «និយាយតែពាក់ព័ន្ធសញ្ចារកម្មទេអត់មានរឿងអីលើសពីរឿងនេះទេហើយតុលាការនឹងកោះហៅសួរបន្តទៀតតែខ្ញុំមិនអាចនិយាយលើសពីហ្នឹងទេនិយាយតែរឿង កឹម សុខា តុប វ៉ាន់ចាន់ និងលោក ពិន រតនា ព្រោះគាត់ (ស្រីមុំ) ជាជនរងគ្រោះក្នុងសំណុំរឿងនេះ»។

នៅពេលទៅតុលាការកាលពីម្សិលមិញគេឃើញឡានទំនើបឡិចស៊ីស ៤៧០ បានដឹក ស្រីមុំ និងមេធាវីរបស់នាងយកទៅដាក់នៅតុលាការហើយនៅពេលនាងចេញពីតុលាការគេឃើញឡានដដែលនោះមកដឹកនាងទៅវិញ។

កាលពីថ្ងៃទី ២២ ខែមេសា ស្រីមុំ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីដោយប្តឹងលោក កឹម សុខា ទារសំណងជំងឺចិត្ត ៣០ ម៉ឺនដុល្លារដោយនាងយល់ថាលោក កឹម សុខា ធ្វើឲ្យរូបនាងខាតបង់ពេលវេលាបាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូរ។ នាងក៏បានចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សអាដហុក ៤ នាក់ដែលជួយជ្រោមជ្រែងផ្លូវច្បាប់ដល់នាងថាពួកគេបានញុះញង់នាងឱ្យនិយាយកុហកទៅតុលាការដែលធ្វើឱ្យមន្ត្រីទាំងនោះត្រូវបានចាប់ឃុំក្នុងពន្ធនាគាររហូតមកដល់ពេលនេះ។

ទាក់ទងករណី ស្រីមុំ អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងសាលាដំបូងរាជធានីលោក លី សុផាណា ថ្លែងថាការហៅសួរ ស្រីមុំ នេះវាមានសារៈសំខាន់ក្នុងដំណាក់កាលអយ្យការ។

លោកថា៖ «វាជាការសាកសួរបន្ថែមសម្រាប់ការស៊ើបអង្កេតនៅដំណាក់កាលអយ្យការហើយការសាកសួរនេះជាវិធានការស្រាវជ្រាវនៅក្នុងការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាហើយបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់បន្តចំណាត់ការរឿងក្តីនេះ»៕

ប្រភពៈ ភ្នំពេញ់ប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>