មន្រ្តីក្រសួងការបរទេសកម្ពុជាម្នាក់ ដែលជាប់សង្ស័យថា បានប្រព្រឹត្តិអំពើពុករលួយ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២មេសានេះ ពីបទ វិតិក្រម ដែលមានន័យថា អ្វីដែលខ្លួនមិនត្រូវទាមទារ តែបុរសនេះបានទាមទារហួសពីអ្វីដែលច្បាប់បានកំណត់ពីក្រុមហ៊ុនបរទេសមួយ។ ជនសង្ស័យដែលមានតួនាទីជាប្រធានការិយាល័យរូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចូលទៅចាប់ខ្លួនដល់ការិយាល័យធ្វើការនៅក្នុងក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ៣១ មិនា ដែលនាំឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ជនសង្ស័យរូបនេះ មានឈ្មោះ អ៊ា សែ អាយុ៤២ឆ្នាំ មានតួនាទីជាប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់ ដែលបំរើការនៅនាយកដ្ឋានអាស៊ី២ នៃក្រសួងការបរទេសកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយបញ្ចូនខ្លួនទៅសាកសួរនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមេសានេះ ពីបទវិតិក្រមតាមមាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌ។ រូបថតៈអង្គភាពប្រឆាំងអំពើពុករលួយ បទចោទវិតិក្រម ដែលមានន័យថា អ្វីដែលខ្លួនមិនត្រូវទាមទារ តែបែរជាបុរសរូបនេះ បានទាមទារហួសពីអ្វីដែលច្បាប់បានកំណត់។ ពោលគឺ បុរសរូបនេះ ត្រូវបានរកឃើញថា បានទាមទារលុយពីក្រុមហ៊ុនបរទេសមួយ ជាថ្នូរនឹងការប្រថាប់ត្រាបញ្ជាក់លើឯកសាររបស់ក្រុមហ៊ុន។ គួរជំរាបជូនថា ជនសង្ស័យដែលមានតួនាទីជាប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់ នៅនាយកដ្ឋានអាស៊ី២ នៃក្រសួងការបរទេសកម្ពុជានេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចូលទៅចាប់ខ្លួនដល់ការិយាល័យធ្វើការតែម្តង កាលពីព្រឹកថ្ងៃទី៣១មិនាឆ្នាំ២០១៦ ដែលបណ្តាលឲ្យមានការភ្ញាក់ផ្អើលពីបុគ្គលិកនៃក្រសួងការបរទេសកម្ពុជាជាខ្លាំង។ ប៉ុន្តែភ្លាមៗនោះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ហោ ណាំហុង បានចេញសេចក្តីជូនដំណឹងមួយថា ការចាប់ខ្លួនបុគ្គលិករូបនេះ គឺដោយសារតែមានភស្តុតាងច្បាស់លាស់ អំពីការទទួលលុយពីក្រុមហ៊ុនបរទេសមួយ ដើម្បីទទួលបានការប្រថាប់ត្រាបញ្ជាក់លើឯកសារដែលមិនពាក់ព័ន្ធនឹងក្រសួងការបរទេសកម្ពុជាទេ និងបានអំពាវនាវកុំឲ្យបុគ្គលិកផ្សេងទៀត មានការភ្ញាក់ផ្អើល។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ កំពុងស្ថិតនៅក្រោមការសាកសួររបស់ព្រះរាជអាជ្ញារង លោក លី សុផាណា នៃអយ្យការអមតុលាការសាលាដំបូងក្រុងភ្នំពេញ។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា សំណុំរឿង វិតិក្រម គឺជាសំណុំរឿងដែលអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យបណ្តឹងច្រើនជាងគេ ហើយថា តាមរយៈសំណុំរឿងនេះ លោកសង្ឃឹមថា នឹងក្លាយទៅជាស្នូជួងមួយ ដើម្បីរំលឹកទៅដល់បុគ្គលិកនៅតាមបណ្តាក្រសួងស្ថាប័នរដ្ឋឯទៀត កុំឲ្យទាមទារប្រាក់កំរៃបន្ថែម លើសពីអ្វីដែលបានកំណត់ដោយច្បាប់។ សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍អំពើពុករលួយចុងក្រោយ ដែលចេញផ្សាយ ដោយអង្គការតម្លាភាពអន្តរជាតិ កាលពីថ្ងៃទី២៧កុម្ភៈឆ្នាំ២០១៦ បានចាត់ថ្នាក់អំពើពុករលួយរបស់កម្ពុជា ស្ថិតនៅលេខ១៥០លើ ១៦៨ ប្រទេស ដែលមានអំពើពុករលួយច្រើនជាងគេ នៅលើពិភពលោក៕ ប្រភពៈ RFI
↧