ជីវិតមនុស្សម្នាក់ ពុំអាចប្រឆាំងនឹងភាពចាស់ជរាបានទេ ។ កើតចាស់ ឈឺស្លាប់ វាច្បាប់ធម្មជាតិ ។ ហេតុនេះ ពេលនៅក្មេង ជាបឋមអ្នកត្រូវចេះអធ្យាស្រ័យដល់អ្នកមានគុណ…. ព្រោះថា ជាមនុស្សបើគ្មានចិត្តកត្តញូទេ តើជីវិតរបស់អ្នកមានន័យអ្វីទៅ? ។ ខាងក្រោមជាមេរៀនមួយនៃជីវិត ។
នារាត្រីមួយ បុរសម្នាក់បានបណ្តើរឪពុកវ័យចំណាស់របស់ខ្លួន ចូលទៅក្នុងហាងលក់មីមួយ ។ គាត់បានសួរឪពុកពីអ្វីដែលគាត់ចង់បាន រួចកូម្ម៉ង់ប្រាប់អ្នកបំរើ ។
ឪពុករបស់គាត់អង្គុយស្ងៀម ហាក់ដូចជាគាត់នឿយហត់ ព្រោះវ័យចាស់ជរារបស់ខ្លួន ។ អ្នកបំរើក៏លើកមី២ចានមក បុរសជាកូនក៏ជូតស្លាបព្រា ចង្កឹះ រួចយករបស់ទាំង២នេះដាក់ក្នុងដៃឪពុក ហើយអញ្ជើញឪពុកឲ្យហូបទាន់នៅក្តៅ ។
បុរសជាឪពុកកាន់ចង្កឹះចាប់មីទាំងរញីរញ័រ ប្រៀបដូចជាក្មេងទើបរៀនកាន់ចង្កឹះ -បុរសជាកូនប្រៀបមកខ្លួនឯង ហើយគាត់ក៏យកចង្កឹះជួយទ្រ ។ ទោះយ៉ាងណា សសៃមីបានជ្រុះធ្លាក់ពេញតុ ។ រាល់ពេលសសៃមីធ្លាក់ចុះ គាត់សើចដាក់ឪពុកទាំងភ្នែករលីងរលោង ។ គាត់អង្គុយយ៉ាងអំណត់ ហើយប្រើចង្កឹះរបស់ខ្លួនជួយឪពុកបរិភោគមីទាល់តែអស់ពីចាន ទើបបែរមកបរិភោគមីរបស់ខ្លួន ។
ខណៈពេលនោះ មនុស្សមួយចំនួនអង្គុយតុក្បែរ មានអាកប្បកិរិយាធុញទ្រាន់ ព្រោះតែឃើញមីធ្លាក់រប៉ាត់រប៉ាយជាប់មាត់ ជាប់ដៃ… ធ្វើឲ្យគេស៊ីលែងឆ្ងាញ់ ។
ទោះបីយ៉ាងនេះក្តី បុរសជាកូនធ្វើព្រងើយពុំអើពើអ្វីទាំងអស់ ថែមទាំងបង្ហាញទឹកមុខប្រកបដោយមោទនភាព ។ រួចរាល់ គាត់នាំឪពុកទៅបន្ទប់ទឹក ដើម្បីសម្អាតសម្លៀកបំពាក់ សិតសក់ ហើយពាក់វែនតាឲ្យលោកស្រួលបួលវិញ ។
ពេលដើរចេញពីបន្ទប់ទឹក អ្នកក្នុងហាងងាកមកសម្លឹងគ្រប់ៗគ្នាក្នុងសភាពស្ងប់ស្ងាត់ ។ ពួកគេហាក់ពុំយល់ថា ហេតុអ្វីបុរសរូបនេះពុំមានបង្ហាញនូវភាពទើសទាស់ អៀនខ្មាស….!?
ស្រាប់តែពេលនោះ មានបុរសចំណាស់ម្នាក់ងើបឈរឡើង ហើយស្រែកខ្លាំងៗថាៈ អ្នកកំលោះ! ឯងមានដឹងថា ឯងបានភ្លេចអ្វីដែរ ឬទេ? គាត់ឆ្លើយតបៈ បាទលោក ពុំមានទេ! ។
បុរសចំណាស់ដដែលស្រែកកាន់តែខ្លាំងៗ៖ មាន! មានណា ។ អ្នកកំលោះបានបន្សល់ទុកនូវមេរៀនមួយឲ្យមនុស្សធ្វើជា «កូន» ទាំងឡាយ ក៏ដូចជាក្តីសង្ឃឹមសំរាប់មនុស្សជាឪពុក ឬ នឹងក្លាយជាឪពុកទាំងឡាយផងដែរ! ។
ប្រិយមិត្ត! ជីវិតមនុស្សម្នាក់ខ្លីណាស់! ១ឆ្នាំតែ១ប៉ប្រិចភ្នែកប៉ុណ្ណោះ! ហេតុនេះ គប្បីអ្នកចេះប្រើពេលវេលាដែលមានវត្តមានលើភពផែនដីនេះឲ្យបានល្អ ពិសេសចំពោះអ្នកមានគុណ និងមនុស្សដែលអ្នកស្រឡាញ់អាណិត! ។
អ្វីៗមកដល់ចាស់ព្រឹទ្ធាចារ្យនេះ វានឹងមានដល់អ្នកនៅថ្ងៃស្អែក!