កាលពីថ្ងៃទី១២កក្កដានេះផលិតកម្ម សាស្តា បានបញ្ឈប់តារាចម្រៀងស្រីពីរដួង មុនចប់កុងត្រា ដោយសារពួកគេពិបាកគ្រប់គ្រង និងបំពានលើកកិច្ចសន្យាជាច្រើនលើក ឈានដល់ដំណាក់កាលមិនអាចលើកលែង។ ស្រីស្អាតទាំងដួងមានកញ្ញា កន ចិន្តា ហៅ Yuti និងកញ្ញា ធីណាន់ រតនា ដែលជាតារាចម្រៀងកំពុងឡើងកូនខ្លាំងប្រចាំផលិតកម្មផងដែរ។
អ្នកគ្រប់គ្រងផលិតកម្ម សាស្តា បានប្រាប់អ្នកសារព័ត៌មានជាច្រើនរូបកាលពីថ្ងៃម្សិលមិញថា កាលពីថ្ងៃទី១២កក្កដាថ្មីៗនេះផលិតកម្ម សាស្តា បានសម្រេចបញ្ឈប់តារាចម្រៀងស្រីពីរដួងមានកញ្ញា កញា កន ចិន្តា ហៅ Yuti និងកញ្ញា ធីណាន់ រតនា ដែលតារាចម្រៀងទាំងពីរបានចូលធ្វើកុងត្រាមានរយៈពេលជិតមួយឆ្នាំហើយ ដោយម្នាក់ៗបានចុះកុងត្រារយៈពេល៥ឆ្នាំ ។
លោកបន្តថា មូលហេតុដែលផលិតកម្មសម្រេចបញ្ចប់កុងត្រាតារាចម្រៀងទាំងពីរដួង គឺមកពីពួកគេបំពានលើកិច្ចសន្យាការងារ។ ព្រោះក្នុងកុងត្រាផលិតកម្មមិនអនុញ្ញាតឲ្យតារាចម្រៀងចេញច្រៀងដោយមិនជូនដំណឹងទេ ព្រោះការងារនេះធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុន។ លោកពន្យល់ថា តម្លៃខ្លួនចេញច្រៀងរបស់តារាម្នាក់ៗ គឺក្រុមហ៊ុនបានកំណត់ច្បាស់ តែពួកគេបែរជាលួចទៅច្រៀងតាមខនសឺតដោយមិនឲ្យក្រុមហ៊ុនដឹង និងថែមទាំងយកតម្លៃទាបជាងក្រុមហ៊ុនកំណត់ក្រោម៥០ភាគរយទៅទៀត មិនតែប៉ុណ្ណោះរឿងខាងលើនេះ ខាងក្រុមហ៊ុនបានណែនាំ និងផ្ដល់ឱកាសជាច្រើនលើក តែពួកគេនៅតែបំពាន និងមិនធ្វើតាមកិច្ចសន្យាទៀត។
អ្នកគ្រប់គ្រងរូបនេះបន្ថែមថា ព័ត៌មាននេះគឺជាការជូនដំណឹងដល់ទស្សនិកជន អ្នករៀបចំកម្មវិធីជ្រាបជាព័ត៌មាន ហើយប្រសិនបើតារាចម្រៀងទាំងពីរធ្វើអ្វីមួយប៉ះពាល់ កិត្តិយស កម្មសិទ្ធិបញ្ញា អ្នកដទៃ ផលិតកម្មមិនទទួលខុសត្រូវឡើយ ចាប់ពីថ្ងៃជូនដំណឹងនេះ ហើយផលិតកម្ម ក៏មិនអនុញ្ញាតឲ្យតារាចម្រៀងទាំងពីរយកបទចម្រៀងរបស់ផលិតកម្ម សាស្តា ទៅធ្វើអាជីវកម្មឡើយ៕