កំពត៖ ស្នងការដ្ឋាននគរបាល ខេត្តកំពត បានជូនដំណឹងអំពីស្ថានភាពទឹកជំនន់ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ប្រកាសអោយពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនឹងអាចកើតមាន។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសតាមបណ្តាញសង្គមថា នៅម៉ោង៨:០០ នាទី ស្ថានភាពទឹកភ្លៀង បានឡើងបណ្តាលឲ្យលិចភូមិចំនួន ០២ គឺ ភូមិម៉ាក់ប្រាង្គ និងភូមិអណ្តូងជីមុឺន ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ (កន្លែងខ្លះកម្ពស់ ៧ តឹក និងកន្លែងខ្លះចំនួន ០១ ម៉ែត្រ)។
ទឹកជំនន់នេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៣០០ គ្រួសារ។ យ៉ាងនេះក្តី គិតមកដល់វេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដា កម្ពស់ទឹកបានស្រកចុះជាបណ្តើរៗ ប្រមាណ ៣ តឹក ទៅ ៤ តឹក។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានអោយដឹងថា ទឹកជំនន់នេះ បានចាប់ផ្តើមជន់ឡើងចំនួន ៥ ថ្ងៃនេះ ហើយៗ ពេលនេះ ទឹកភ្លៀង បានបន្តធ្លាក់រហូត ធ្វើឲ្យកម្ពស់ទឹកនៅ វ៉ារីអគ្គីសនីកំចាយបានជន់ឡើងជិតដល់កម្រិតប្រកាសអាសន្ន ហើយខាងក្រុមហ៊ុនបានបើកបង្ហៀរទឹកខ្លះ ស្របពេលទឹកសមុទ្រជោផង បណ្តាលឲ្យកម្ពស់ទឹកជន់ឡើង។
យ៉ាងនេះក្តី ជំនន់ទឹកភ្លៀងនេះមិនទាន់ប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈ របស់ប្រជាពលរដ្ឋនៅឡើយទេ។
បច្ចុប្បន្នកម្លាំងនគរបាលខេត្តកំពត បានពង្រាយកម្លាំងឈរជើងនៅតាមគោលដៅមានជំនន់ទឹកភ្លៀង ដើម្បីត្រៀមជួយអន្តរាគមន៍នៅគោលដៅទាំងពីរភូមិ ដោយយកចិត្តទុក្ខដាក់៕ ប្រភព៖ ស្នងការនគរបាលខេត្តកំពត