គណនីធនាគារចំនួន ៧របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវរដ្ឋាភិបាលសឹកបិទផ្អឹប មិនឲ្យប្រើប្រាស់ នៅថ្ងៃអង្គារទី ២៥កក្កដា។ របបសឹកថៃបានចាត់វិធានការស៊ីវិលប្រឆាំងលោកស្រីយីងឡាក់ ដែលកំពុងរងការចោទប្រកាន់ ថា បានធ្វេសប្រហែលធ្វើឲ្យរដ្ឋខាតបង់ប្រាក់ចំណូល ដោយសារតែកម្មវិធី ឧបត្ថម្ភអង្ករ នៅក្នុងអាណត្តិដឹកនាំរបស់លោកស្រី។
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត ជាប្រមុខរដ្ឋាភិបាលដំបូងគេ នៅក្នុងប្រវត្តិសាស្រ្តថៃ ដែលត្រូវតុលាការ បើកការជំនុំជម្រះ សម្រាប់ការអនុវត្តនយោបាយ នៅក្នុងអាណត្តិដឹកនាំរបស់ខ្លួន។ នៅថ្ងៃសុក្រសប្តាហ៍មុន លោកស្រីយីងឡាក់ ដែលត្រូវរបបសឹកថៃ ធ្វើរដ្ឋប្រហារ ផ្តួលពីអំណាច នៅឆ្នាំ ២០១៤ បានលេចមុខនៅក្នុងសវនាការចុងក្រោយរបស់តុលាការ ដែលបានចោទលោកស្រីពីបទធ្វេសប្រហែល នៅក្នុងការដឹកនាំរដ្ឋាភិបាលកន្លងមក។
ក្រៅតែពីប្រឈមទៅនឹងការជាប់ទោសពន្ធនាគារ លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្តីស៊ីវិលរបស់ថៃ កំពុងរងគ្រោះផងដែរ នឹងការប្រមាញ់របស់រដ្ឋាភិបាលសឹក ដែលកំពុងដាក់សម្ពាធលើលោកស្រី ក្នុងផ្នែកហិរញ្ញវត្ថុ។ នៅក្នុងសារTwitter នៅថ្ងៃអង្គារនេះ លោកស្រីយីងឡាក់បានសរសេរថា របបសឹកបានបង្កកគណនីធនាគាររបស់លោកស្រីចំនួន ៧ និងកំពុងត្រៀមរឹបអូស ទ្រព្យសម្បត្តិ ផ្សេងទៀត របស់លោកស្រី។
ទៅតាមការប្រកាសទ្រព្យសម្បត្តិរបស់លោកស្រី នៅឆ្នាំ ២០១៥ លោកស្រី យីងឡាក់ បានបង្ហាញថា កាលលោកស្រី នៅកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ លោកស្រីមានគណនីធនាគារចំនួន ១៦ ផ្សេងៗគ្នា ចំណែកទ្រព្យសម្បត្តិរបស់លោកស្រីមានសរុប ៦១២លានបាត ស្មើនឹង ១៥,៧លានអឺរ៉ូ។ នៅថ្ងៃចន្ទ ម្សិលមិញ ក្រសួងហិរញ្ញវត្ថុថៃ បានប្រកាសពីចេតនាចង់បង្កកគណនីធនាគារចំនួន ១២របស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត។ អាជ្ញាធរថៃ បានបង្ហាញថា ចំណាត់ការស៊ីវិលរបស់រដ្ឋាភិបាល ធ្វើឡើង នៅក្នុងក្របខ័ណ្ឌ ទាមទារសំណងជម្ងឺចិត្ត ប្រមាណ ១លានដុល្លារ ដែលរដ្ឋាភិបាលបានទាមទារឲ្យលោកស្រីយីងឡាក់ សង ដោយសារតែ កម្មវិធីនយោបាយផ្គត់ផ្គង់ ឧបត្ថម្ភទៅលើស្រូវអង្ករ នៅក្នុងអាណត្តិរបស់លោកស្រី។
នៅថ្ងៃសុក្រ នៅមុនពេលចូលទៅតុលាការ លោកស្រី យីងឡាក់បានបញ្ជាក់ម្តងទៀត ថា លោកស្រីនៅត្រៀមខ្លួនដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោកស្រី។ លោកស្រី យីងឡាក់នៅតែការពារនយោបាយឧបត្ថម្ភអង្ករ ដែលលោកស្រីវាយតម្លៃថា ជាជំនួយដ៏សំខាន់ សម្រាប់ទ្រទ្រង់ កសិករក្រីក្រថៃ ដែលធ្លាប់ទទួលបានតែជំនួយតិចតួចពីរដ្ឋាភិបាលកន្លង។ កម្មវិធីនយោបាយរបស់លោកស្រីយីងឡាក់ ក្នុងការទិញអង្ករ ពីកសិករថៃ ទទួលបានប្រជាប្រិយភាពខ្លាំងណាស់នៅតាមទីជនបទ ប៉ុន្តែ កម្មវិធីនេះ បានធ្វើឲ្យរដ្ឋាភិបាលខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ ព្រោះថា រដ្ឋាភិបាលបានចំណាយលុយទិញអង្ករពីកសិករ ក្នុងម្លៃខ្ពស់ជាងទីផ្សារ ចំណែក អង្ករ ត្រូវស្តុកទុកចោល មិនអាចលក់ចេញទៅក្រៅបាន៕ ប្រភព៖ RFI