ការរលាយផ្ទាំងទឹកកក មិនថានៅប៉ូលខាងជើង ឬប៉ូលខាងត្បូង កំពុងធ្វើឲ្យអ្នកវិទ្យាសាស្ត្រ ព្រួយបារម្ភកាន់តែខ្លាំង ព្រោះវានឹងជះឥទ្ធិពលអាក្រក់ មកដល់កត្តាអាកាសធាតុ។ ពោលគឺវានឹងប៉ះពាល់ ដល់ជីវិតមនុស្ស សត្វ និងជីវចម្រុះទាំងមូលតែម្តង។ យោងតាមការចុះផ្សាយ របស់ BBC អ្នកវិទ្យាសាស្ត្រជាច្រើននាក់ កំពុងស្ថិតនៅលើកោះហ្គ្រោអិនឡង់ ដែលជាកោះធំបំផុត គ្របពាសពេញដោយផ្ទាំងទឹកកក។ អ្នកវិទ្យសាស្ត្រកំពុងតែបារម្ភ អំពីផ្ទាំងទឹកកកនៅទីនោះ ដែលមានពណ៌កាន់តែខ្មៅ ហើយពណ៌ខ្មៅនេះ អាចពន្លឿនល្បឿននៃការរលាយ កាន់តែរហ័ស។
ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដឹកនាំដោយ លោកសាស្ត្រាចារ្យ Martyn Tranter នៃសកលវិទ្យាល័យប្រ៊ីស្តូល របស់អង់គ្លេស (Bristol University) កំពុងធ្វើការស្រាវជ្រាវពីល្បឿន និងមូលហេតុ នៃការរលាយទឹកកក ក្នុងតំបន់ហ្រ្គោអិនឡង់។ គម្រោងនេះ មានឈ្មោះថា Black and Bloom ដែលមាន រយៈពេល៥ឆ្នាំ។ មកដល់ពេលនេះ គឺជាដំណាក់កាលចុងក្រោយនៃគំរោងហើយ ដែលអ្នកវិទ្យាសាស្ត្រកំពុងប្រមូលទិន្ន័យ ដើម្បីធ្វើការសន្និដ្ឋាន ហើយឈានទៅចុះផ្សាយរបាយការណ៍រួម។
សារ៉ាយតូចល្អិតក្នុងទឹកកក ធ្វើឲ្យទឹកកកប្រែពណ៌ក្រម៉ៅ
ឆ្លងកាត់ការតាមដាន អ្វីដែលគេបានសង្កេតឃើញនោះ គឺថា មួយរយៈចុងក្រោយនេះ ផ្ទាំងទឹកកក នៅតំបន់ហ្រ្គោអិនឡង់ មានពណ៌កាន់តែក្រម៉ៅទៅៗ។ ពណ៌ក្រម៉ៅនេះ គឺដោយសារ មានសារ៉ាយតូចល្អិតៗ កាន់តែច្រើននៅក្នុងផ្ទាំងទឹកកក។
ដូចយើងដឹងហើយថា រវាងពណ៌ស និងពណ៌ខ្មៅ គឺវាស្រូវកំដៅមិនដូចគ្នាទេ។ តាមធម្មតា ទឹកកកពណ៌ស អាចជះពន្លឺព្រះអាទិត្យត្រលប់ទៅវិញ ប្រមាណជា៩០% ដែលមានន័យមានតែ១០%ទេ ដែលនៅងំជាកំដៅ។ តែទឹកកកពណ៌ក្រម៉ៅវិញ គឺវាអាចជះពន្លឺព្រះអាទិត្យ តែប្រមាណជា៣៥%ប៉ុណ្ណោះ។ មានន័យថា កំដៅអាចនៅងំដល់ ជាង៦០%។ ត្រង់នេះហើយដែលចោទជាបញ្ហា ព្រោះថាបើទឹកកកកាន់តែខ្មៅ គឺវារលាយកាន់តែឆាប់រហ័ស ព្រោះវាស្រូវកំដៅខ្លាំង។
អ្នកស្រាវជ្រាវ កំពុងខិតខំស្វែងយល់ថា តើសារ៉ាយតូចល្អិតៗ ដែលមាននៅក្នុងផ្ទាំងទឹកកកនេះ វាអាចរីកសាយភាព កើនឡើងក្នុងល្បឿនកំរិតណា ហើយថាតើ ក្នុងករណីសារ៉ាយតូចល្អិតនេះ មានកាន់តែច្រើន ដែលធ្វើឲ្យទឹកកកកាន់តែខ្មៅ តើកម្រិតស្រូបកំដៅព្រះអាទិត្យ និងកើនឡើងដល់កំរិតណាដែរ។ បរិមាណនៃសារ៉ាយល្អិតនេះ នឹងជះឥទ្ធិពលដោយផ្ទាល់ ទៅដល់ល្បឿននៃការរលាយទឹកកកនៅតំបន់ ហ្គ្រោអិនឡង់នេះ។
ផែនដីឡើងកំដៅ អាចជំរុញ ឲ្យទំរង់ជីវិតក្នុងទឹកកក រីកសាយភាយកាន់តែខ្លាំង
ជាបឋម ប្រភពចំបងនៃការរលាយទឹកកក នៅមហាសមុទ្រអាកទិក និងអង់តាល់ទិក គឺដោយសារតែផែនដីយើងឡើងកំដៅខ្លាំង។ ហើយបើតាមការសន្និដ្នាន គឺកំដៅកាន់តែខ្លាំងនេះឯង ដែលបានជម្រុញឲ្យទំរង់ជីវិតតូចល្អិត ដែលរស់នៅក្នុងផ្ទាំងទឹកកក រាប់ពាន់ឆ្នាំមកហើយនោះ ចាប់ផ្តើមរីកធំធាត់កាន់តែធំ។ ទំរង់ជីវិតតូចល្អិត ដែលភាសាបច្ចេកទេសគេហៅថា Micro-organisme គឺយើងមិនអាចមើលឃើញនឹងភ្នែកទេ។ តែឥឡូវនេះ ទំរង់ជីវិតតូចល្អិតទាំងនោះ បានបំលែងខ្លួនចេញជាសារ៉ាយតូចៗ។ នៅតាមតំបន់ខ្លះសារ៉ាយនោះ ធ្វើឲ្យទឹកកកមានពណ៌ប្រផេះ ពណ៌បៃតង ពណ៌ខ្មៅ ឬពណ៌ក្រហមក៏មានដែរ។
អ្នកវិទ្យាសាស្ត្រ បានសង្កេតឃើញថា ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ផ្ទាំងទឹកកក មានពណ៌កាន់តែក្រម៉ៅទៅៗ។ គេកំពុងចោទសួរថា តើបើផែនដី នៅតែបន្តឡើងកំដៅ ជាពិសេសនៅតាមតំបន់ប៉ូល ដែលមានផ្ទាំងទឹកកក តើទំរង់ជីវិតតូចល្អិតទាំងនោះ អាចនឹងឡើងពណ៌កាន់តែខ្មៅបន្ថែមទៀត ដល់កំរិតណា? ឬមួយ ក៏ក្នុងករណីខ្លះ កំដៅកាន់តែក្តៅខ្លាំង វាអាចសម្លាប់ទំរង់ជីវិតតូចល្អិតទាំងនោះ ដែរឬទេ? ជាគោលការណ៍ កាលណាកាន់តែក្តៅ សរីរាង្គ មិនថាសារ៉ាយ ឬមីក្រុបទាំងអស់ តែងតែវិវឌ្ឍន៍ពណ៌សំបុរទៅកាន់តែក្រម៉ៅ ដើម្បីទប់ទល់ជាមួយនឹងកម្លាំង Ultraviolet នៃកាំរស្មីព្រះអាទិត្យ។
ត្រង់នេះហើយ ដែលជាការព្រួយបារម្ភធំរបស់អ្នកសា្រវជ្រាវ។ ព្រោះបើតាមការសង្កេតសន្និដ្ឋានរបស់លោក Stefan Hofer ដែលជាអ្នកស្រាវជ្រាវនៅ Bristol University ដោយយោងលើរូបភាពផ្កាយរណប ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្រាស់ពពក ដែលហោះកាត់ពីលើតំបន់ ហ្រ្គោអិនឡង់ បានថយចុះ ដល់ទៅ១៥%។ ដូច្នេះមានន័យថា មេឃកាន់តែស្រលះនៅពីលើតំបន់ហ្រ្គោអិនឡង់ អញ្ចឹងគឺកាំរស្មីព្រះអាទិត្យជះទៅលើផ្ទាំងទឹកកកនៅតំបន់នោះ មានកាន់តែខ្លាំង ដែលនេះអាចជាប្រភពដែលជំរុញ ឲ្យទំរង់ជីវិតនានា រីកសាយភាពកាន់តែលឿន និងឡើងពណ៌កាន់តែក្រម៉ៅ។
តែយ៉ាងណា អ្នកវិទ្យាសាស្ត្រទទួលស្គាល់ថា កម្រិតពណ៌ក្រម៉ៅរបស់ទឹកកក មិនមែនមកពីសារ៉ាយតូចល្អិតទាំងស្រុងទេ។ ពណ៌ខ្មៅទាំងនោះ ក៏មានប្រភពមកពីផ្សែង ល្អងធុរលី ដែលហោះតាមខ្យល់មក។ ធុរលីទាំងនោះ កើតចេញពីភ្លើងឆេះព្រៃនៅកាណាដា ព្រមទាំងផ្សែងដែលហោះចេញពីរោងចក្រនៅចិន និងនៅអាមេរិក ជាដើម។ ការកើនឡើងនូវកំដៅផែនដី បូកផ្សំជាមួយនឹងពណ៌ទឹកកកកាន់តែក្រម៉ៅ គឺវាបានរូមផ្សំជំរុញឲ្យទឹកកករលាយកាន់តែលឿនរហ័ស។
នៅឆ្នាំ២១០០ ទឹកសមុទ្រអាចឡើងកំពស់បន្ថែម១ម៉ែត្រ
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ នៅតំបន់ហ្រ្គោអិនឡង់ ទឹកកករលាយក្នុងមួយឆ្នាំ ច្រើនជាងទឹកកកដែលធ្លាក់។ កម្រាសទឹកកកនៅទីនោះអាចមានកម្រាសប្រមាណ៣គីឡូម៉ែត្រ។ ដូច្នេះបើរលាយ ច្រើនជាងទឹកកកដែលធ្លាក់ មានន័យថា កម្រាសទឹកកកនឹងថយចុះកាន់តែខ្លាំង។ ក្នុងមួយឆ្នាំ ទឹកកកតំបន់ហ្រ្គោអិនឡង់ រលាយចូលសមុទ្រ ធ្វើឲ្យទឹកសមុទ្រកើនកំពស់១មីលីម៉ែត្រ។ នេះជាកម្រិតរលាយធម្មតា ចុះទម្រាំតែរលាយយ៉ាងរហ័សទៀតនោះ?
បើទឹកកកតំបន់ហ្រ្គោអិនឡង់រលាយអស់ទាំងស្រុង មានន័យថា ទឹកសមុទ្រអាចនឹងឡើងកំពស់ដល់ទៅ៧ម៉ែត្រ។ តែវាមិនមែនរលាយអស់ភ្លាមទេ អាចក្នុងរយៈពេលច្រើនសតវត្សទៅមុខទៀត។ តែបើក្នុងល្បឿនដូចសព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា នៅរវាងឆ្នាំ ២១០០ ទឹកសមុទ្រនឹងឡើងកំពស់ប្រហែល១ម៉ែត្រ។
អាស៊ី ជាតំបន់ប្រឈមមុខខ្លាំងជាងគេ
ការកើនឡើងនូវកំពស់ទឹកសមុទ្រ គឺជាគ្រោះថា្នក់ធំ សម្រាប់ប្រទេសកូនកោះតូចៗ និងតំបន់មួយចំនួន ដែលកន្លែងខ្លះ មានកំពស់ស្ថិតក្រោមកំពស់ទឹកសមុទ្រ។ ឧទាហរណ៍ ប្រទេសហូឡង់ ប្រទេសបង់ក្លាដែស ទីក្រុងញូយ៉ក ទីក្រុងបាងកក ទីក្រុងសៀងហៃ ទីក្រុងឡុងដ៍ ទីក្រុងម៉ៃអាមី ជាដើម។ បើទឹកសមុទ្រឡើងកំពស់ កុំថាឡើយ១ម៉ែត្រ សូម្បីតែ១០សង់ទីម៉ែត្រ គឺវាជាគ្រោះថ្នាក់បាត់ទៅហើយ ហើយតំបន់ទាំងនោះ ត្រូវតែត្រៀមខ្លួន រកដំណោះស្រាយ។
កំពស់ទឹកសមុទ្រឡើង ទីមួយវានឹងធ្វើឲ្យកម្រិតជាតិអំបិលក្នុងសមុទ្រថយចុះ ដែលអាចប៉ះពាល់ ដល់ជីវៈចំរុះក្នុងសមុទ្រ។ ទីពីរ វានឹងធ្វើឲ្យប្រែប្រួល ដល់ចរន្តទឹកសមុទ្រ។ កាលណាចរន្តសមុទ្រប្រែប្រួល គឺវានឹងធ្វើឲ្យប្រែប្រួលនូវ ចរន្តចំហាយសមុទ្រ។ ចំហាយសមុទ្រនេះហើយ ដែលជាប្រភពនៃកំដៅ ដែលបង្កជាដុំពពក។ តាមការប៉ាន់ស្មាន ការប្រែប្រួលនៃចរន្តសមុទ្រ ព្រមទាំងចំហាយសមុទ្រនេះ នឹងធ្វើឲ្យមានភាពក្រឡាប់ចាក់ កើតជាបាតុភូតធម្មជាតិធ្ងន់ធ្ងរ ដូចជាភ្លៀងធ្លាក់ខ្លាំង បង្ករជាទឹកជំនន់ ខ្យល់ព្យុះកាន់តែសាហាវ កាន់តែញឹកញាប់។ ហើយតាមការព្យាករណ៍ តំបន់ដែលរងគ្រោះបំផុតនោះ គឺតំបន់អាស៊ីយើងនេះតែម្តង។
ការកើនឡើងនូវកំដៅផែនដី ការរលាយទឹកកក ការកើនឡើងនូវកំពស់ទឹកសមុទ្រ បំរែបំរួលអាកាសធាតុ បាតុភូតធម្មជាតិ ទាំងអស់នេះ គឺវាជាប់ពាក់ព័ន្ធគ្នាជាបណ្តាញ ហើយជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក។ មនុស្សលោក សត្វ និងជីវៈចំរុះ ដែលរស់រំពឹងនឹងបរិយាកាសរួម នៃភពផែនដីនេះ គឺ ជាអ្នករងគ្រោះមុនគេ។ វាគឺជាបញ្ហារួម មិនមែនមានន័យថា រលាយទឹកកក នៅតំបន់ហ្រ្គោអិនឡង់ ប៉ះពាល់ តែប្រជាជន ឬសត្វដែលនៅតំបន់នោះទេ។ បញ្ហាអាកាសធាតុ នេះ គឺជាបញ្ហារួម ដែលគ្រប់គ្នាត្រូវតែស្វែងយល់ និងចូលរួមដោះស្រាយ៕ ប្រភព៖ RFI