លោក Jared Kushner ដែលជាកូនប្រសារនិងទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃចន្ទម្សិលមិញ បានសារភាពទទួលស្គាល់ថា លោក បានជួបប្រាស្រ័យជាមួយតំណាងរបស់រដ្ឋាភិបាលរុស្ស៊ីចំនួន៤ដងនៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត តែលោកបានបដិសេធរាល់ការឃុបឃិតក្នុងគោលដៅដើម្បីអោយលោក Donald Trump ឱពុកក្មេករបស់ខ្លួន បានឈ្នះឆ្នោតនោះឡើយ។
“ខ្ញុំពុំបានប្រព្រឹត្តការឃុបឃិតដោយសម្ងាត់ណាមួយឡើយនិងក៏ពុំស្គាល់មនុស្សណាផ្សេងទៀតនៅក្នុងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានប្រព្រឹត្តការឃុបឃិតជាមួយនឹងរដ្ឋាភិបាលបរទេសខ្លះៗនោះឡើយ”-នេះជាសំណេររបស់លោក Jared Kushner នៅក្នុងលិខិតណែនាំមួយដែលមានកម្រាស់១១ទំព័រ ដែលលោកត្រូវអាននៅចំពោះមុខគណៈកម្មការមួយរបស់ព្រឹទ្ធសភាអាមេរិកកាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។
“សំណុំរឿងរុស្ស៊ី”នេះ បានធ្វើឲ្យប្រធានាធិបតីអាមេរិក មានការតានតឹងក្នុងចិត្តជាខ្លាំង ចាប់តាំងពីលោកបានឡើងកាន់មុខតំណែងជាប្រធានាធិបតីអាមេរិករួចមក ដោយហេតុតែមានការសង្ស័យខ្លាំងថា”សមាជិកនៃក្រុមរបស់លោក ដែលភាគច្រើនជាអ្នកមានឥទ្ធិពល បានខកខាននៅក្នុងសេចក្តីរាយការណ៍មួយ ស្តីពីទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមអ្នកតំណាងនៃរដ្ឋាភិបាលរុស្ស៊ី។ ម្យ៉ាងទៀត ភាពមិនច្បាស់លាស់របស់លោកប្រធានាធិបតីត្រំខ្លួនឯងផ្ទាល់នៅក្នុងសំណុំរឿងនេះ រឹតតែជម្រុញ ឲ្យ កិច្ចការពារសហការីរបស់លោក កាន់តែធ្លាក់ចុះខ្សោយ។
ដោយហេតុថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នាយកថ្មីខាងផ្នែកទំនាក់ទំនង លោកAnthony Scaramucci បានគូសបញ្ជាក់ប្រាប់ផងដែរថា “លោកប្រធានាធិបតីត្រំ” នៅតែពុំជឿទេ នៅលើការជ្រៀតជ្រែករបស់ទីក្រុងម៉ូស្គូ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ទោះបីជាក្រសួងស៊ើបការសម្ងាត់របស់អាមេរិក បានពិនិត្យរកឃើញថាជាការពិតក្តី។
នៅក្នុងលិខិតរបស់លោក Jared Kushnerដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន នៅប៉ុន្មានម៉ោងនាមុនពេលសវនាការដោយបិទទ្វារ នៅចំពោះមុខគណៈកម្មាការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា លោក Kushner បានរៀបរាប់ អំពីទំនាក់ទំនងរបស់ខ្លួនជាមួយលោក Serguei ¨Kisliak ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន និង អ្នកតំណាងរុស្ស៊ីផ្សេងៗទៀត។ ចំពោះរូបលោកKushner ទំនាក់ទំនងជាមួយអ្នកតំណាងបរទេសទាំងនេះ គឺ ជាផ្នែកមួយ នៃភារៈកិច្ចជាប្រចាំថ្ងៃរបស់លោក នៅពេលដែលលោក ទទួលបន្ទុកកាន់ការងារខាងផ្នែកទំនាក់ទំនងជាមួយរដ្ឋាភិបាលបរទេស នៅក្នុងរង្វង់ នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រំ៕ ប្រភព៖ RFI