គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ២៧ ឧសភានេះ បានប្រកាសធ្វើមហាបាតុកម្ម ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា។ នេះគឺជាលទ្ធផលនៃកិច្ចប្រជុំពេញមួយព្រឹករបស់ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។ ក្រៅពីប្រកាសធ្វើមហាបាតុកម្ម គណបក្សនេះ នឹងចាប់ផ្តើមធ្វើសកម្មភាពមួយចំនួនទៀត ដើម្បីឆ្លើយតបនឹងសភាពការណ៍នយោបាយបច្ចុប្បន្ន។

គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ២៧ ឧសភានេះ បានប្រកាសធ្វើមហាបាតុកម្ម ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្រ្គោះជាតិ ដែលបានធ្លាក់មកនៅរសៀលថ្ងៃទី ២៧ ឧសភានេះ គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បានប្រកាសរក្សាសិទ្ធិធ្វើមហាបាតុកម្មនៅពេលខាងមុខនេះ ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា។ នេះគឺជាវិធានការឆ្លើយតប ទៅនឹងស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ននេះ។
គួរជម្រាបជូនថា គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី ២៧ ឧសភានេះ បានកោះប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សជាបន្ទាន់ ដោយផ្តោតទៅលើស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន។ កិច្ចប្រជុំ ដែលមានការចូលរួមពីលោក សម រង្ស៊ី និងលោក កឹម សុខា បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ បានសម្រេច៤ចំណុច ហើយក្នុងចំណុចទី៣ នៃសេចក្តីសម្រេចនេះ គឺគណបក្សបានរក្សាសិទ្ធិក្នុងការធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
ក្រៅពីនេះ គណបក្សប្រឆាំង ក៏បានដាក់ចេញនូវសកម្មភាពមួយចំនួន ក្នុងនោះ ទី១.សម្រេចឲ្យថ្នាក់ដឹកនាំគណបក្សមូលដ្ឋានរបស់ខ្លួននៅគ្រប់រាជធានី-ខេត្ត ចាប់ផ្តើមដង្ហែញត្តិមកកាន់រាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ, និងទី២.គាំទ្រឲ្យអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងទាំងអស់ ធ្វើញត្តិទៅកាន់ប្រធានរដ្ឋសភា ដើម្បីប្រកាសថា ពួកគេមិនអាចទៅបំពេញការងារជូនរដ្ឋសភាបានទេ ក្នុងកាលៈទេសៈមានការរំលោភបំពានអភ័យឯកសិទ្ធិសភាជាបន្តបន្ទាប់។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងចំណុចទី៤នៃសេចក្តីប្រកាសនេះ គណបក្សបានសម្រេចបន្តអនុវត្ត “វប្បធម៌ សន្ទនា” ជាមួយនឹងគណបក្សកាន់អំណាចជាបន្តទៀត ដើម្បីធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយក្នុងពេលបច្ចុប្បន្នឲ្យវិលមករកប្រក្រតីភាពឡើងវិញ នោះក៏ដើម្បីធានានូវការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សូមជម្រាបជូនថា នៅមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ ចាប់តាំងពីព្រឹកថ្ងៃទី២៧ ឧសភានេះ សកម្មជនគណបក្សសង្រ្គោះជាតិរាប់សិបនាក់ បានបន្តជួបជុំគ្នានៅមុខទីស្នាក់ការគណបក្ស ដើម្បីឃ្លាំមើលចំណាត់ការរបស់អាជ្ញាធរ ដែលប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។ ក្រុមអ្នកគាំទ្រ ដែលភាគច្រើន បានធ្វើដំណើរមកពីតាមបណ្តាខេត្តនានា។
គួររំលឹកថា តាំងពីល្ងាចថ្ងៃទី ២៦ ឧសភាមក លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលអាចជាប់ពន្ធនាគារពី ១ ខែទៅ ៦ ខែ បន្ទាប់ពីលោកមិនបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការក្រុងភ្នំពេញចំនួន២លើក។ កាលពីថ្ងៃទី ២៦ ឧសភា សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏បានទៅឡោមព័ទ្ធទីស្នាក់ការគណបក្ស និងឃាត់រថយន្តរបស់លោក កឹម សុខា ដើម្បីឃាត់ខ្លួនផងដែរ តែមិនបានសម្រេច។
ក្រៅពីសេចក្តីសម្រេចទាំងនេះ គណបក្សប្រឆាំងក៏ទំនងជាចាប់ផ្តើមធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំ ដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស បរិស្ថាន មន្រ្តី គជប និងអ្នកនយោបាយ ដែលកំពុងជាប់ឃុំផងដែរ។ ផ្ទាំងប៉ាណូ ដែលមានរូបថតរបស់អ្នកទោស មនសិការទាំងនោះ ត្រូវបានគណបក្សសង្រ្គោះជាតិដាក់បង្ហាញនៅមុខទីស្នាក់ការបក្សកាលពីព្រឹកមិញនេះ៕