ភ្នំពេញ: នៅក្នុងវេទិកាអបអរសាទរការទទួលស្គាល់ប្រាសាទសំបូរព្រៃគុកដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃម្សិលមិញលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងដោយសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរត្រូវចាំបាច់មើលឲ្យឃើញអំពីកត្តាដឹកនាំរបស់គណបក្សនយោបាយដែលអវត្តមានមិនហ៊ាននិយាយស្វាគមន៍នូវអ្វីដែលជាសមិទ្ធផលរបស់ជាតិ។
លោក ហ៊ុន សែន បានថ្លែងថា៖ «តើបក្សនយោបាយណាទៅដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការទាំងអស់នេះពេលសន្តិភាពត្រូវបាត់បង់ អ្វីៗក៏ត្រូវបំផ្លាញ។ នយោបាយមើលស្រាលចំពោះវប្បធម៌សូម្បីពាក្យមួយម៉ាត់ស្វាគមន៍នូវកិច្ចចូលរួមនៃវត្តមានតំបន់សំបូរព្រៃគុកក្លាយជាបេតិកភណ្ឌពិភពលោកមិនព្រមធ្វើផងនោះតើវាស័ក្តិសមជាបក្សដែលគួរកាន់អំណាច ឬដឹកនាំប្រជារាស្ត្រខ្មែរឬទេ? ត្រូវចងចាំចំណុចមិនត្រឹមពូកែនិយាយទេតែត្រូវធ្វើសកម្មភាពជាក់ស្ដែង។ មិនមែនខ្ញុំយកវេទិកានេះវ៉ៃប្រហារនរណាទេ មានបក្សនយោបាយជាច្រើនដែលបានបញ្ជូនសារ មានការបញ្ជូនសារដោយឡែកមកកាន់វ៉ាត្សអាប់ របស់ខ្ញុំ និងមានការបញ្ជូនសារមកជូន ប៉ុន្តែក៏អវត្តមាននៃបក្សនយោបាយ ឬសង្គមស៊ីវិលខ្លះដែលគេមិនហ៊ានទាំងនិយាយនូវអ្វីដែលជាសមិទ្ធផលរបស់ជាតិផងនោះក្នុងចំណុចនេះខ្ញុំសុំឲ្យមើលឲ្យច្បាស់នូវតួនាទីនៃបក្សដឹកនាំរដ្ឋតើមានលទ្ធភាពធ្វើកិច្ចការបែបនេះឬទេ?»។
លោកថ្លែងថា៖ «យើងមានការគាំទ្រពីប្រជាជនដោយការបោះឆ្នោតជូនគណបក្សប្រជាជនឲ្យដឹកនាំប្រទេសរៀងរហូតមក ដូច្នេះនៅក្នុងអាណត្តិទី ៤ ការបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ពិភពលោកនៅក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោតឆ្នាំ ២០០៨ អាណត្តិទី ៥ នេះយើងទទួលជោគជ័យសាជាថ្មីម្ដងទៀតទៅលើការដាក់តំបន់ប្រាសាទសំបូរព្រៃគុកទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនេះគឺជាការគាំទ្ររបស់ប្រជាជនចំពោះគណបក្សប្រជាជនដែលកំពុងដឹកនាំរាជរដ្ឋាភិបាល»។
យោងតាម Fresh News ដែលបានចេញផ្សាយពីម្សិលមិញបានឲ្យដឹងថា ក្រោយមានការរិះគន់ខ្លាំងៗពីមហាជន ជាពិសេសបុរសខ្លាំងតេជោ សែន នៅថ្ងៃទី ១៧ កក្កដា ២០១៧ នេះលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារគាំទ្រចំពោះការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាលក្ខណៈបុគ្គលលោកផ្ទាល់ដោយមិនបង្ហាញជំហរនៃគណបក្សសង្គ្រោះជាតិឡើយ។
ចំណុចនេះត្រូវបានអ្នកវិភាគលើកឡើងថាអាចជាការផ្គាប់ចិត្តចៅហ្វាយនាយរបស់លោកតែប៉ុណ្ណោះនោះគឺបុរសខ្លាំងតេជោ សែន ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញផងដែរតែមិនអាចទាក់ទងបានក្នុងការសុំអត្ថាធិប្បាយនោះទេ។
លោក ហ៊ុន សែន រួមជាមួយមន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជាប្រមាណជាងមួយម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីម្សិលមិញដើម្បីអបអរសាទរដោយមានការលើកទង់ជាតិ និងទង់យូណេស្កូដោយមោទនភាពក្នុងការទទួលស្គាល់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ទន្ទឹមនឹងនេះផងដែរ លោកនាយករដ្ឋមន្ត្រីបានឲ្យពិនិត្យបន្តទៀតនូវប្រាសាទបន្ទាយឆ្មារ ភ្នំគូលែននិងកន្លែងដទៃទៀត។
ពលរដ្ឋចូលរួមក្នុងពិធីអបអរការដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិ បេតិកភណ្ឌពិភពលោកកាលពីយប់មិញ។ ហុង មិនា
លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមដោយបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធចូលរួមការពារសម្បត្តិវប្បធម៌ ដែលបន្សល់ទុកដោយបុព្វបុរសជំនាន់មុន ហើយភាពស៊ីចង្វាក់រវាងខាងក្នុង និងខាងក្រៅគឺជាបញ្ហាសំខាន់ខ្លាំងណាស់ដែលផ្ដល់ឱកាសសម្រាប់ការចូលជាបេតិកភណ្ឌពិភពលោកមិនមែនដោយសារតែពូកែខាងឡបប៊ីទេ។
លោកថ្លែងថា៖ «សង្ឃឹមថាអ្វីដែលយើងបានធ្វើនេះគឺដោយសារដូនតាយើងបន្សល់ទុកឲ្យយើង ដូនតាយើងបានប្រឹងកសាង ព្រះរាជាគ្រប់ជំនាន់បានដឹកនាំកសាងជាមួយ និងបុព្វបុរសជាតិរបស់យើង យើងជាអ្នកជំនាន់ក្រោយការពារមិនបានគឺជាកូនអកតញ្ញូ យើងទាំងអស់គ្នាត្រូវធ្វើជាកូនកតញ្ញូ។ ហេតុអ្វីដែលយើងបានទទួលជោគជ័យក្នុងការងារដែលយើងបានរួមគ្នាធ្វើពិធីអបអរសាទរនៅទីនេះប្រទេសមួយចំនួនបានដាក់ស្នើយូណេស្កូ ២០ ឬ ៣០ ឆ្នាំរួចមកហើយតែមិនទាន់បានអនុម័តទទួលស្គាល់នោះទេ ក៏ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាដាក់មួយបានមួយដាក់ពីរបានពីរ ដាក់បីបានបី ខ្ញុំសុំលើកនៅទីនេះដោយសង្កត់ធ្ងន់លើចង្កោមបញ្ហានៃទិដ្ឋភាពនយោបាយ សង្គមផងដែរ ដំបូងបំផុតវត្តមាននៃសន្តិភាព និងឯកភាពទឹកដីជំនួសឲ្យសង្គ្រាម និងការបែកបាក់ពីអតីតកាល ចំណុចនេះវាមានសារៈសំខាន់ខ្លាំងណាស់ ដែលបានផ្ដល់ឲ្យយើងនៅក្នុងប្រវត្តិសាស្ត្រ វាបានផ្ដល់ឱកាសបែបនេះសម្រាប់យើង»។
លោកនាយករដ្ឋមន្ត្រីបានអះអាងថាបញ្ហាបេតិកភណ្ឌ វប្បធម៌ និងសិល្បៈមិនមែនជាបញ្ហាដាច់ដោយឡែកទេ ក៏ប៉ុន្តែជាប់ពាក់ព័ន្ធជាមួយបញ្ហាសេដ្ឋកិច្ចសង្គមផងដែរ ដែលរាជរដ្ឋាភិបាលបានខិតខំបង្កើតឲ្យមានស្ថានភាពពីសូន្យទេសចរមកដល់ជាង ៥ លានទេសចររួចស្រេចទៅហើយតាមរយៈការប្រើប្រាស់នូវសម្បត្តិដែលដូនតាបានបន្សល់ទុកហើយកំណើនសេដ្ឋកិច្ចដ៏ធំធេងក៏បានមួយភាគធំមកពីទេសចរដែលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ បង្កើតការងារ និងមុខរបរសម្រាប់ប្រជាពលរដ្ឋជាការរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។
ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួននៅក្រុង Krakow ប្រទេស ប៉ូឡូញ កាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ ដែលជាប្រាសាទទី ៣ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោកបន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។
តំបន់ប្រាសាទសំបូរព្រៃគុកគឺជាតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយ ២៥ គីឡូម៉ែត្រពីទីរួមខេត្តនេះ។ ខេត្តនេះមានទីតាំងនៅចំណុចកណ្ដាលនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តប្រាំដែលព័ទ្ធជុំវិញបឹងទន្លេសាប៕ ប្រភព៖ m.postkhmer