រយៈពេលចុងក្រោយនេះសមាជិកគជប និងអគ្គលេខាធិការរងនៃស្ថាបន័នេះត្រូវចោទប្រកាន់ដោយតុលាការ។ សម្រាប់អ្នកឃ្លាំមើលសំណុំរឿងនយោបាយបញ្ហានេះអាចជាដំណោះស្រាយផ្លូវច្បាប់ផង។ ហើយក៏អាចជាវិបាកនៃនយោបាយកម្ពុជាផងដែរ។
បទវិភាគរបស់គង់ សុឋានរិទ្ធ៖
សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបគឺលោករ៉ុង ឈុន និងអគ្គលេខាធិការរងគណកម្មាធិការនេះមួយរូបគឺលោកនី ចរិយា កំពុងជាប់កុកសំណុំរឿងតុលាការ។ មន្ត្រីរៀបចំការបោះឆ្នោតទាំងពីររូបរងការចោទប្រកាន់ដោយឡែកៗពីគ្នាទាក់ទិននឹងព្រឹត្តិការណ៍នយោបាយ និងទាក់ទិននឹងសំណុំរឿងរបស់មេដឹកនាំនយោបាយប្រឆាំង។ សម្រាប់ខ្សែភ្នែកអ្នកឃ្លាំមើលសភាពការណ៍នយោបាយ ការណ៍នេះអាចទាញការសន្និដ្ឋានលើរូបភាពយ៉ាងហោចណាស់ចំនួនបី។

លោក រ៉ុង ឈុន និងលោក នី ចរិយា មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលកំពុងជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងផ្លូវច្បាប់។ Faceboook
គឺទី១ ជារូបភាពនៃការអនុវត្តច្បាប់សុទ្ធសាធ។ ទី២ ជារូបភាពនៃអនាគតប្រសិទ្ធិភាពរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) និងទី៣ រូបភាពនៃផលវិបាកនៃដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។
មិនខុសទេពាក្យខ្មែរពោលថាកាលណា«មានភ្លើងទើបមានផ្សែង»ដូចនេះចំណាត់ការតាមផ្លូវតុលាការប្រឆាំងនឹងមន្ត្រីគជប ទាំងពីររូបអាចស្តែងចេញពីហេតុការណ៍ណាមួយដែលគែអាចយកមកសំអាងបាន។ នេះជាមូលហេតុមួយនៃការចាប់ខ្លួនលោកនី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមន៍ការពារសិទ្ធិមនុស្សអាដហុក ដែលជាសមាគមន៍ការពារ សិទ្ធិមនុស្សនាំមុខនៅកម្ពុជានិងមូលហេតុនៃការប្តឹងប្រឆាំងលោករ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យដែលបានដឹកនាំការតវ៉ាយ៉ាងខ្លាំងក្លាដើម្បីឲ្យមានការតម្លើងប្រាក់ខែមន្ត្រីរាជការនិងគ្រូបង្រៀន។ ប៉ុន្តែរូបភាពនៃចំណាត់ការតាមផ្លូវច្បាប់នេះត្រូវគេមើលឃើញថាគ្រាន់តែជាភាគល្អិតមួយនៃសំណុំរឿងនេះតែប៉ុណ្ណោះ។
ដោយឡែករូបភាពទី២ នោះគឺការស្តែងចេញចំពោះអនាគតរបត់ការងាររបស់គជប។ ក្រោយពីវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ បក្សប្រឆាំងទាមទារឲ្យធ្វើកែទម្រង់ការបោះឆ្នោត និងកែទម្រង់គជប ក្នុងន័យនេះសមាសភាពនៃគជប ចំនួន៨រូបក្នុងចំណោមសមាសភាពសរុបចំនួន៩ រូបត្រូវតែងតាំងដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។ គឺបក្សនីមួយៗតែងតាំងសមាជិកគជប ចំនួនបួនរូប។ មួយវិញទៀត បើផ្អែកតាមច្បាប់ស្តីពីការបង្កើតនិងប្រព្រឹត្តិទៅរបស់គជប សមាជិក គជប នឹងត្រូវបាត់បង់តួនាទីជាស្វ័យប្រវត្តិប្រសិនបើសមាជិករូបនោះត្រូវផ្តន្ទាទោសដោយតុលាការ។
ដូច្នេះប្រសិនបើលោករ៉ុង ឈុន ត្រូវផ្តន្ទាទោសដោយតុលាការកម្ពុជានោះ បេក្ខជនដែលតែងតាំងដោយបក្សប្រឆាំងរូបនេះនឹងត្រូវបាត់បង់កៅអីជាសមាជិកគជប ដោយមិនអាចប្រកែកបាន។ បើស្ថានការណ៍វិវត្តន៍ទៅជាអាក្រក់ដូច្នេះ ជញ្ជីងកូតាក្នុងសមាសភាពគជប នឹងត្រូវផ្អៀងតែម្ចាង ហើយទម្ងន់របស់បក្សប្រឆាំងនឹងមានទម្ងន់ស្រាលជាងមុនដោយសារបាត់បង់សមាសភាពគជប។ ភាពឃ្លីងឃ្លោងនេះក៏អាចរំលេចចេញពីអវត្តមានរបស់លោកនី ចរិយា ដែលជាកោសិកាសំខាន់មួយរូបរបស់គជប និងជាបុគ្គលមួយរូប ដែលធ្លាប់ចូលរួមជំរុញឲ្យមានការកែទម្រង់គជប និងកែទម្រង់ការបោះឆ្នោត។
បើទោះជាមានហេតុផលខាងលើ ប៉ុន្តែបើគេពិនិត្យជារួមនេះជាផលវិបាកនៃដំណោះស្រាយនយោបាយខ្មែរ។ គឺជាដំណោះស្រាយសម្រាប់តែកាលៈទេសៈទាល់ច្រកប៉ុណ្ណោះ។ បន្ទាប់មកត្រូវដើរត្រឡប់ថយក្រោយមកវិញ។ គឺមានន័យថាគណបក្សប្រឆាំងបានជំរុញឲ្យគូប្រជែងរបស់ខ្លួនគឺ គណបក្សប្រជាជនកម្ពុជាយល់ព្រមធ្វើកំណែទម្រង់ការបោះឆ្នោត និងកំណែទម្រង់គជប ប៉ុន្តែគណបក្សទាំងពីរមិនបានរកដំណោះស្រាយល្អបំផុតដែលមានចីរភាពនិងចៀសផុតពីការត្រឡប់មករកភាពល្អក់កករឡើងវិញ។ ហើយបើសិនជាបណ្តែតបណ្តោយស្ថានការណ៍សព្វថ្ងៃរំកិលទៅមុខកាន់តែជ្រៅ នោះស្ថាប័នរៀបចំការបោះឆ្នោតជាតិ (គជប) នឹងមិនអាចរឹងមាំដូចការរំពឹងទុកបានទេ៕
ប្រភពៈ RFI