សោកនាដកម្មបង្កឡើងដោយសារ….ញៀនហ្គេម Online ។ ១៤ ឆ្នាំមុន Xiao Yun បានបាត់ខ្លួន គ្រានោះនាងទើបមានអាយុ ១៤ ឆ្នាំ ។ ឪពុកម្តាយបានខិតខំតាមស្វែងរកអស់រយៈពេលច្រើនឆ្នាំ តែពុំមានព័ត៌មានអ្វីទាំងអស់ ។ ពួកគេបង្ខំចិត្តទទួលយកថានាបានស្លាប់…១០ឆ្នាំហើយ ។ ទោះយ៉ាងណា នាងជាកូន ហេតុនេះ ឪពុកម្តាយតែងបួងសួងឲ្យបានជួបនាងវិញ ក្នុងសភាព «អស់សង្ឃឹម» ក្តី ។ ស្មាពុំដល់ថាការបួងសួងនេះ បាននាំឲ្យពួកគេជួបកូនស្រីឡើងវិញម្តងទៀត ក្រោយការឃ្លាតឆ្ងាយរយៈពេល…. ១០ ឆ្នាំ ។
រឿងហេតុនេះ ចាប់ផ្តើមមានពន្លឺ ក្រោយពេលដែល Xiaoyun បានត្រូវប៉ូលីសរកឃើញនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ពេលនាងកំពុងលេងហ្គេម Online ក្នុងហាងកាហ្វេអ៊ីនធើរណេតនៅសង្កាត់ Kangjao ទីក្រុង Hangzhou ភាគបូព៌ានៃប្រទេសចិន ។
គេរកឃើញនាង ព្រោះពេលឆែកឆេរទៅ ក៏ដឹងថា នាងបានប្រើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ ។ ការស៊ើបអង្កេតអត្តសញ្ញាណប័ណ្ណនោះដឹងថា វាជារបស់ក្មេងវ័យជំទង់ម្នាក់បានបាត់ខ្លួនមុននេះប្រមាណ ១០ ឆ្នាំ ស្ថិតនៅជិតទីក្រុង Dongyang ។ នាង Xiao Yun បង្ខំចិត្តត្រូវឆ្លើយប្រាប់ពីអត្តសញ្ញាណរបស់ខ្លួន ។
នាងថាៈ ម្តាយរបស់នាងបានស្តីបន្ទោសខ្លាំងៗ ពីរឿងគេចសាលាចូលលេងហ្គេម ហើយនាងបានសុំលុយឪពុក តែក៏ត្រូវស្តីបន្ទោស ។ ក្រោយមក នាងពុំត្រលប់មកផ្ទះទៀតទេ ធ្វើឲ្យឪពុកម្តាយគិតថានាងបានស្លាប់បាត់ហើយ ។
អំឡុងពេល១០ឆ្នាំនោះ Xiao Yun បានដើរពនេចរតាមទីក្រុងនៅប្រទេសចិន យកហាងហ្គេមជាផ្ទះសំរាប់ដេកស៊ីដោយលេងហ្គេម ។ នាងរកលុយបានដោយសារ «រៀបចំ» ហ្គេមឲ្យអ្នកដទៃលេង ។ អតិថិជន និងម្ចាស់ហាងតែផ្តល់អ្វីៗគ្រប់គ្រាន់សំរាប់នាងរស់បាន ។
ជំនួបក្រោយការព្រាត់ប្រាស់ ១០ ពិតជាជោគជាំដោយទឹកភ្នែក ។ ម្តាយរបស់នាងពោលថាៈ «ខ្ញុំជាមនុស្សឆាប់ខឹង និងតឹងរ៉ឹង ។ មុននេះ ខ្ញុំច្រើនជេរស្តីឲ្យកូន ។ ប៉ុន្តែ ១០ ឆ្នាំកន្លងហើយៗ កូនក៏ពេញវ័យដែរ ។ ខ្ញុំលែងជេរស្តីវាទៀតហើយ! » ។
Xiao Yun បានរងការពិន័យ ១០០០ យន់ ពីបទប្រើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ ។ ពុំដឹងថា នាងនឹងរស់នៅជាមួយឪពុកម្តាយ ឬ បន្តរស់នៅបែបពនេចរនេះតទៅទៀតទេ គ្រាដែលហ្គេម- គ្រឿងញៀនម្យ៉ាងបានចូលក្នុងសាច់ឈាមរបស់នាងទៅហើយនោះ! ៕