តាម Shanghaiist បុរសអាយុ ៥៥ ឆ្នាំ ម្នាក់រស់នៅខេត្ត ជៀសស៊ូ ប្រទេសចិន ឈ្មោះ Yang Yikui ឲ្យដឹងថា លោកមានអារម្មណ៍ហាក់ដូចជាមានអ្វីបុកចំភ្នែកខាងឆ្វេង ពេលប្រើម៉ាស៊ីនកាត់ឥដ្ឋការ៉ូនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ តែគិតស្មានថាវាជាធូលី រួចក៏ពុំចាប់អារម្មណ៍ទៅ ។
ប៉ុន្តែ ថ្ងៃស្អែក ស្រាប់តែភ្នែករបស់លោកឡើងហើមស្ពុរ ហើយក៏ប្រញាប់ទៅមន្ទីរពេទ្យភ្នែកនៅ ណានជីង ។ ពិតជាស្មានពុំដល់ថា បន្ទាប់ពីថតស្កែនមើល ក៏ឃើញវត្តមានដែកគោលប្រវែងដល់ទៅ ៨ សង់ទីម៉ែត្របានជាប់គាំងក្នុងប្រអប់ខួរក្បាលរបស់លោក ដោយចូលតាមប្រអប់ភ្នែកមក ។
ពិតជាពិបាកនឹងជឿថា លោក Yang ពុំបានដឹងពីករណីដែកគោលប៉ុននោះបានទម្លុះប្រអប់ភ្នែករបស់លោក ចូលដល់ប្រអប់ខួរឡើយ ។ អ្នកជំងឺរូបនេះឲ្យដឹងថាៈ «តាមមើលទៅដែកគោលមួយនេះបានជាប់គាំងនៅម៉ាស៊ីនកាត់ថ្ម រួចពេលខ្ញុំបើកម៉ាស៊ីន វាក៏បាញ់ចេញទម្លុះចូលក្បាលខ្ញុំ ដោយបន្សល់ទុករន្ធដ៏តូចមួយប៉ុណ្ណោះ» ។
បន្ទាប់ពីវះកាត់ទទួលជោគជ័យរួចមក ក្រុមវេជ្ជបណ្ឌិតខួរក្បាលនិងភ្នែក ឲ្យដឹងថាៈ លោក Yang ពិតជាសំណាងល្អណាស់! ព្រោះភ្នែក និងខួរក្បាលរបស់លោក ពុំមានរងរបួសធ្ងន់ធ្ងរអ្វីសោះឡើយ ៕