ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយចំៗថា កាតា ជាប្រទេសមួយដែលគាំទ្រក្រុមភេរវករ ពួក ISIS ជាហេតុធ្វើឲ្យមានការវាយប្រហារ ការកាប់សម្លាប់មនុស្ស និងអសន្តិសុខមួយចំនួនទៀត នៅក្នុង និងក្រៅតំបន់។ រូបលោកថែមគំរាមកាតាថា ឲ្យឈប់ធ្វើអាក្រក់ និងឈប់សម្លាប់មនុស្សតទៅទៀត។
ក្នុងសន្និសីទសារព័ត៌មានមួយរួមគ្នាជាមួយប្រធានាធិបតី រ៉ូម៉ានី លោកត្រាំលើកឡើងថា កាតាសមនឹងទទួលការដាក់ទណ្ឌកម្ម ពីសំណាក់អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសជិតខាងផ្សេងទៀត តាមរយៈការផ្ដាច់ទំនាក់ទំនងការទូត ដើម្បីព្រមានដែលប្រទេសមួយនេះ គាំទ្រ និងផ្ដល់ ថវិកា ថ្នាំពេទ្យ… ទៅឲ្យក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។ ក្នុងនោះផងដែរលោកបានប្រាប់ឲ្យរដ្ឋាភិបាលទីក្រុងដូហា “ត្រូវតែឈប់! ការផ្ដល់ជំនួយ ការបង្រៀនឲ្យស្អប់គ្នា និងការសម្លាប់មនុស្ស”។
ជាចុងក្រោយមេដឹកនាំប្រទេសមហាអំណាចមួយនេះ បានអំពាវនាវឲ្យប្រទេសទាំងអស់ឈប់គាំទ្រអំពើភេរវកម្ម និងថែមទាំងថ្លែងអំណរគុណទៅដល់ស្ដេច អារ៉ាប៊ីសាអ៊ូឌីត ដែលប្រកាន់ភ្ជាប់នូវគោលការណ៍ ប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ។ អាមេរិកសង្ឃឹមថា ជាង ៥០ប្រទេសផ្សេងទៀតនឹងចូលរួមធ្វើសកម្មភាព បញ្ចប់អំពើភេរវកម្ម ដ៏ឃោរឃៅនេះ៕
ប្រភព៖ Sputnik
ដកស្រង់ពី៖ Kqube