ចិនទំនងចង់បង្កើតមូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងទឹកដីប៉ាគីស្ថាន។ នេះបើតាមរបាយការណ៍របស់មន្ទីរបញ្ចកោន ចេញផ្សាយនៅថ្ងៃអង្គារទី ៦មិថុនា។ នៅថ្ងៃពុធទី ៧មិថុនា ទីក្រុងប៉េកាំងបានវាយបកវិញ ទាត់ចោលរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក ដែលបានចោទទីក្រុងប៉េកាំងថា កំពុងពង្រីកកម្លាំងយោធារបស់ខ្លួន នៅក្នុងពិភពលោក។
ទីក្រុងប៉េកាំងនៅថ្ងៃពុធម្សិលមិញ បានចាត់ទុករបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងការពារជាតិអាមេរិកថា ធ្វើឡើងដោយគ្មានការទទួលខុសត្រូវ និងជាមួយព័ត៌មានមិនពិត។ តាមរបាយការណ៍ប្រចាំឆ្នាំ របស់មន្ទីរបញ្ចកោន ចេញផ្សាយនៅថ្ងៃអង្គារ ប្រទេសចិនកំពុងបង្កើនវត្តមានទ័ពរបស់ខ្លួន នៅក្នុងពិភពលោក តាមរយៈ ការសាងសង់មូលដ្ឋានទ័ព នៅទឹកដីបរទេស នៅក្នុងបណ្តាប្រទេសដែលចិនរាប់ជាមិត្ត និងដែលចិនកំពុងមានទំនាក់ទំនងសេដ្ខកិច្ច ដូចជាប្រទេសប៉ាគីស្ថានជាដើម ដែលមានយុទ្ធសាស្រ្តយោធាស្រដៀងចិន។
ចិនមិនកំពុងរៀបចំផែនការពង្រីកដែនយោធា និងដែនឥទ្ធិពលរបស់ខ្លួនឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន។ នៅថ្ងៃពុធម្សិលមិញ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកស្រីហួ ឈុនយីង បាននិយាយថា រដ្ឋាភិបាលចិនប្រឆាំងដាច់ខាតនឹងខ្លឹមសារចុះផ្សាយរបស់របាយការណ៍អាមេរិក និងថា កិច្ចសហការជាមិត្តភាពរវាងចិន និងប៉ាគីស្ថាន គឺមិនបានសំដៅដល់បុគ្គលទី៣នោះទេ។
សូមបញ្ជាក់ថា នៅក្នុងគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់របស់ចិន ដែលមានឈ្មោះថា ខ្សែក្រវ៉ាត់ និងផ្លូវ ចិននិងប៉ាគីស្ថានកំពុងរួមគ្នាសង់តំបន់សេដ្ឋកិច្ច ដែលជាស្ពានតភ្ជាប់រវាងភាគពាយ័ព្យរបស់ចិនទៅសមុទ្រអារ៉ាប់។ ឥណ្ឌាបានបញ្ចេញសំឡេងមិនពេញចិត្ត ព្រោះថា ផ្លូវដែលចិន និងប៉ាគីស្ថានកំពុងគ្រោងបង្កើតឡើង ត្រូវឆ្លងកាត់តំបន់ជម្លោះកាស្មៀរ ដែលឥណ្ឌាកំពុងទាមទារឈ្លោះដណ្តើមគ្នាជាមួយប៉ាគីស្ថាន។
ប៉ាគីស្ថានអាចជាដែនដីថ្មីរបស់ចិន បន្ទាប់ពីជីប៊ូទី ប្រទេសតូចមួយ នៅអាហ្វ្រិក ដែលចិនបានចាប់សាងសង់មូលដ្ឋានទ័ពលើកដំបូងរបស់ខ្លួន នៅទឹកដីបរទេស។ នៅខែកុម្ភៈ ឆ្នាំ ២០១៦ ចិនបានសាងសង់មូលដ្ឋានទ័ពបរទេសនៅជីប៊ូទី គឺនៅតែប៉ុន្មានគីឡូម៉ែត្រ ពីមូលដ្ឋានទ័ពអាមេរិកដែលមានរួចហើយ នៅជីប៊ូទី។ ទីក្រុងប៉េកាំងធ្លាប់លើកឡើងថា កំពង់ផែរបស់ចិន នៅជីប៊ូទីមិនមែនជាមូលដ្ឋានទ័ព នោះទេ ប៉ុន្តែ ជាកន្លែងសម្រាប់ទទួលសម្ភារៈយោធា ក្នុងក្របខ័ណ្ឌ បេសកកម្មរបស់កងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ សម្រាប់ដឹកជញ្ជូនជនជាតិចិន ក្នុងករណីមានអាសន្ន និងដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ នៅសូម៉ាលី។
ចិននៅប៉ុន្មានឆ្នាំចុងក្រោយនេះបានពង្រឹង និងបង្កើនវត្តមានយោធារបស់ខ្លួន ជាពិសេស នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនកំពុងឈ្លោះដណ្តើមជាមួយប្រទេសមួយចំនួនរបស់អាស៊ាន។ តាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក កោះសិប្បនិមិត្តចំនួន៣ដែលចិនកំពុងសង់ និងបំពាក់សព្វាវុធ នៅសមុទ្រចិនខាងត្បូង នឹងអាចដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗ បន្ទាប់ពីចិនដំឡើងចប់សព្វគ្រប់ ទីតាំងកាំភ្លើង និងកងទ័ពរបស់ចិន។ ចិនដែលមានកងទ័ពច្រើនជាងគេ នៅក្នុងពិភពលោកបានបង្កើនថវិកាសម្រាប់វិស័យយោធា រហូតដល់ប្រមាណ ១៨០ពាន់លានដុល្លារ នៅឆ្នាំ២០១៦ គឺច្រើនជាងថវិកាយោធា ដែលប្រកាសឡើងជាផ្លូវការ ដោយដ្ឋាភិបាលចិន ដែលមានប្រមាណតែ ១៤០ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់មន្ទីរបញ្ចកោន។ យ៉ាងណាក៏ដោយ ថវិកាយោធារបស់ចិននៅតិច ឆ្ងាយណាស់បើប្រៀបធៀបនឹងថវិកាយោធារបស់អាមេរិកដែលមានដល់ទៅ ៦០០ពាន់លានដុល្លារ៕ ប្រភព៖ RFI