នៅកម្ពុជា ការបោះឆ្នោតឃុំសង្កាត់ ក៏ដូចជាការបោះឆ្នោតតំណាងរាស្រ្តដែរ គឺជាការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ។ ពលរដ្ឋកម្ពុជាមិនបោះឆ្នោតជ្រើសរើសបេក្ខជនណាមួយឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នោះទេ ក៏ប៉ុន្តែ បោះឆ្នោតជ្រើសរើសបញ្ជីឈ្មោះបេក្ខជននៃគណបក្សមួយ។ ចេញពីចំនួនស្លឹកឆ្នោតសរុបដែលបោះឲ្យគណបក្សនីមួយៗនេះ ទើបគេយកទៅគណនារកចំនួនអាសនៈ ដែលគណបក្សនីមួយៗទទួលបាន នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់។ តើការកំណត់ចំនួនអាសនៈនេះ ត្រូវធ្វើឡើងដោយរបៀបណា?
តាមច្បាប់បោះឆ្នោតឃុំសង្កាត់ ចំនួនអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវបែងចែកទៅឲ្យគណបក្សនយោបាយណាមួយ នៅក្នុងការបោះឆ្នោត ត្រូវគណនា ដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ហើយការបែងចែកអាសនៈ ត្រូវធ្វើឡើងនៅតាមឃុំសង្កាត់នីមួយៗ ដោយមិនធ្វើទៅតាមចំនួនសន្លឹកឆ្នោតសរុប នៅទូទាំងប្រទេសនោះទេ។
ជំហានទី១៖ កំណត់ចំនួនកូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ
មុននឹងចាប់ផ្តើមធ្វើការបែងចែកចំនួនអាសនៈ ជាដំបូង គេត្រូវគណនាឲ្យឃើញសិនអំពីចំនួនកូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ (មានន័យថា ចំនួនសន្លឹកឆ្នោត ដែលគណបក្សមួយត្រូវទទួលបាន ដើម្បីទទួលបានអាសនៈមួយ)។ ដើម្បីគណនា គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប នៅក្នុងឃុំសង្កាត់មួយ ចែកនឹងចំនួនអាសនៈសរុបនៅក្នុងឃុំសង្កាត់នោះ ដោយមិនគិតពីសំណល់ចែក។
សន្លឹកឆ្នោតបានការសរុបក្នុងឃុំសង្កាត់
កូតាសន្លឹកឆ្នោតក្នុងមួយអាសនៈ = ————————————————————–
អាសនៈសរុបក្នុងឃុំសង្កាត់
គួរបញ្ជាក់ថា សន្លឹកឆ្នោតបានការសរុប ខុសពីចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលមិនទៅបោះឆ្នោត ឬទៅបោះឆ្នោតដែរ ប៉ុន្តែ គូសសន្លឹកឆ្នោតមិនត្រឹមត្រូវ ជាសន្លឹកឆ្នោតមិនបានការ មិនត្រូវរាប់បញ្ចូលនៅក្នុងចំនួនសន្លឹកឆ្នោតបានការសរុបទេ។
ឧទាហរណ៍៖ ឧបមាថា នៅសង្កាត់ផ្សារថ្មីទី១ ក្រុងភ្នំពេញ ដែលមានចំនួនអាសនៈសរុប ៧អាសនៈ មានសន្លឹកឆ្នោតបានការសរុប ចំនួន ២ ៧៥៩សំឡេង។ ដូច្នេះគណបក្សមួយចាំបាច់ត្រូវទទួលបានសន្លឹកឆ្នោតគាំទ្រ ៣៩៤សំឡេង (២ ៧៥៩ ចែកនឹង ៧) ទើបអាចទទួលបាន១អាសនៈ។
ជំហានទី២៖ កំណត់ចំនួនអាសនៈបឋម
ក្រោយពីបានកំណត់ចំនួនកូតាសន្លឹកឆ្នោតក្នុងមួយអាសនៈហើយ ជំហានទីពីរ គេត្រូវធ្វើការកំណត់ចំនួនអាសនៈបឋម សម្រាប់គណបក្សនីមួយៗ ដោយយកចំនួនសំឡេងឆ្នោតសរុប ដែលគណបក្សនីមួយៗទទួលបាន នៅក្នុងឃុំសង្កាត់មួយ ចែកឲ្យចំនួនកូតាសន្លឹកឆ្នោតក្នុងមួយអាសនៈ (ដែលគណនាឃើញក្នុងជំហានទី១) ដោយមិនគិតពីសំណល់ចែក។
ចំនួនសំឡេងឆ្នោតដែលគណបក្សមួយទទួលបាន
អាសនៈបឋម = ————————————————————————
កូតាសន្លឹកឆ្នោតក្នុងមួយអាសនៈ
ឧទាហរណ៍៖ នៅក្នុងសង្កាត់ផ្សារថ្មីទី១ គណបក្ស “ក” ទទួលបានសំឡេងគាំទ្រ ១ ៤៧០សំឡេង ចំណែកគណបក្ស “ខ” ទទួលបាន ១ ២៨៩សំឡេង។ ដើម្បីកំណត់ចំនួនអាសនៈបឋមរបស់គណបក្ស “ក” គេត្រូវយក ១ ៤៧០ ទៅចែកនឹង ៣៩៤ (កូតាសន្លឹកឆ្នោតដែលគណនាឃើញក្នុងជំហានទី១)។ ដោយមិនគិតពីសំណល់ចែក គណបក្ស “ក” ត្រូវទទួលបានអាសនៈបឋមចំនួន ៣។ ចំណែកគណបក្ស “ខ” ទទួលបានអាសនៈបឋមចំនួន ៣ដែរ (១ ២៨៩សំឡេង ចែកនឹង ៣៩៤)។
ជំហានទី៣៖ ការបែងចែកចំនួនអាសនៈដែលនៅសល់ក្នុងឃុំសង្កាត់
បន្ទាប់ពីការកំណត់ចំនួនអាសនៈបឋមរបស់គណបក្សនីមួយៗរួចរាល់ហើយ ប្រសិនបើមាននៅសល់អាសនៈក្នុងឃុំសង្កាត់ គេត្រូវធ្វើការបែងចែកអាសនៈដែលនៅសេសសល់នេះជាបន្តទៀត ដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ពោលគឺ គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប ដែលបោះឲ្យគណបក្សនីមួយៗ ចែកនឹងចំនួនអាសនៈបឋម ដែលគណបក្សនោះទទួលបាន តាមការគណនាខាងលើ ដោយបន្ថែមមួយអាសនៈពីលើ។
ចំនួនសន្លឹកឆ្នោតដែលគណបក្សមួយទទួលបាន
មធ្យមភាគខ្ពស់បំផុត = ———————————————————————–
អាសនៈបឋម + ១
បន្ទាប់ពីបានអនុវត្តរូបមន្តនេះ សម្រាប់គ្រប់គណបក្សហើយ គេត្រូវធ្វើការប្រៀបធៀបលទ្ធផល រវាងគណបក្សនីមួយៗ។ គណបក្សណា ដែលទទួលបានផលចែកខ្ពស់ជាងគេបង្អស់ (មធ្យមភាគខ្ពស់បំផុត) គឺជាអ្នកទទួលបានអាសនៈមួយបន្ថែមទៀត។
ឧទាហរណ៍៖ នៅក្នុងសង្កាត់ផ្សារថ្មីទី១ ដែលមានអាសនៈសរុប ៧អាសនៈ គណបក្ស “ក” ដែលទទួលបានសំឡេងគាំទ្រ ១ ៤៧០សំឡេង មានចំនួនអាសនៈបឋម ៣អាសនៈ ចំណែកគណបក្ស “ខ” ដែលបានសំឡេងគាំទ្រ ១ ២៨៩សំឡេង មានចំនួនអាសនៈបឋម ៣អាសនៈ។ ដូច្នេះ នៅសល់អាសនៈចំនួន១ ដែលត្រូវបែងចែកបន្ត។
នៅក្នុងការបែងចែកចំនួនអាសនៈ ដែលនៅសល់នេះ សម្រាប់គណបក្ស “ក” គេត្រូវយក ១ ៤៧០ ចែកនឹង ៤ (អាសនៈបឋម ៣ + ១) = ៣៦៧។ ចំណែកគណបក្ស “ខ” ត្រូវយក ១ ២៨៩ ចែកនឹង ៤ (អាសនៈបឋម ៣ + ១) = ៣២២។ តាមការគណនានេះ គេឃើញថា គណបក្ស “ក” មាន”មធ្យមភាគខ្ពស់បំផុត” ខ្ពស់ជាងគណបក្ស “ខ” ដូច្នេះ គណបក្ស “ក” ជាអ្នកដែលត្រូវទទួលបាន អាសនៈ ១ ដែលនៅសល់។
ក្រោយពីអាសនៈមួយថ្មីនេះត្រូវបានបែងចែកទៅឲ្យគណបក្ស ដែលមានមធ្យមភាគខ្ពស់បំផុត រួចហើយ ប្រសិនបើមាននៅសល់អាសនៈក្នុងឃុំសង្កាត់នេះទៀត គេត្រូវធ្វើការបែងចែកអាសនៈសេសសល់នេះបន្តទៀត ដោយអនុវត្តរូបមន្តដដែល ដោយលើកនេះ គណបក្សដែលទើបនឹងបានអាសនៈបន្ថែមក្នុងការគណនាខាងលើ ត្រូវយកអាសនៈថ្មីបន្ថែមនេះ មកគិតបញ្ចូល ក្នុងការគណនាមធ្យមភាគខ្ពស់បំផុតលើកទី២ (ក្នុងឧទាហរណ៍ខាងលើ គណបក្ស “ក” ត្រូវមានអាសនៈ ៥ ក្នុងការគណនាមធ្យមភាគខ្ពស់បំផុតលើកទី២)។
ការគណនាបែបនេះត្រូវធ្វើជាបន្តបន្ទាប់ រហូតទាល់តែចំនួនអាសនៈ ដែលនៅសេសសល់ ក្នុងឃុំសង្កាត់ ត្រូវធ្វើការបែងចែកអស់។
ជាទូទៅ គេសង្កេតឃើញថា ការគណនាដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ចំនួនអាសនៈដែលនៅសេសសល់ក្នុងឃុំសង្កាត់ ច្រើនតែបានទៅគណបក្ស ដែលទទួលបានសំឡេងឆ្នោតសរុបច្រើនជាងគេ ក្នុងឃុំសង្កាត់នេះ។ ហេតុដូច្នេះហើយបានជាមានការរិះគន់ថា រូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ផ្តល់ផលប្រយោជន៍ដល់តែគណបក្សធំៗ៕ ប្រភព៖ RFI