អង្គការសហប្រជាជាតិ ទើបចាប់ផ្តើមបើកសន្និសីទស្តីពីសមុទ្រ ដែលមានរយៈពេលសប្តាហ៍នៅទីក្រុងញូយ៉ក។ សន្និសីទនេះ នឹងបើកឱកាស ឲ្យមានការជជែកដេញដោល ដោះដូរយោបល់ ពីសំណាក់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ដើម្បីរិះរកមធ្យោបាយស្រោចស្រង់សមុទ្រ និងធនធានក្នុងទឹកសមុទ្រ ដែលកាន់តែរងការខូចខាត និងបាត់បង់។ សមុទ្រគឺជាប្រភព នៃជីវចំរុះ ដ៏សំខាន់សម្រាប់ជីវិតមនុស្សលោកយើង។ ការបាត់បង់ធនធានក្នុងសមុទ្រ ការកើនឡើងនូវចំនួនកាកសំណល់ប្លាស្ទីកចោលទៅក្នុងសមុទ្រ ការកើនឡើងកំពស់ទឹកសមុទ្រ ទាំងអស់នេះ កំពុងតែយាយីអាយុជីវិតមនុស្សជាតិ។
នេះគឺជាសន្និសីទដ៏ពិសេស ដែលដឹកនាំដោយអង្គការសហប្រជាជាតិ ផ្តោតសំខាន់អំពីកិច្ចព្រមព្រាងរួមគ្នា ជាសកល ដើម្បីការពារធនធានសមុទ្រ ការពារបរិស្ថាន និងកាត់បន្ថយការកើនឡើងនូវកំដៅផែនដី។ ពិសេស ត្រង់ថា វាធ្វើឡើងនៅទីក្រុងញូយ៉ក ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលលោកដូណាល់ ត្រាំ បានប្រកាសដកខ្លួនសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។
លោក Peter Thomson ប្រធានអង្គសន្និបាទអង្គការសហប្រជាជាតិ បានថ្លែងថា ពេលដែលយើងឃើញចំនួនធនធានក្នុងទឹកសមុទ្រថយចុះយ៉ាងគំហុក ពេលដែលយើងឃើញកំរិតជាតិអាស៊ីតរបស់ទឹកសមុទ្រកើនឡើងកាន់តែខ្លាំង ពេលដែលយើងឃើញកាកសំណល់ប្លាស្ទិក អណ្តែតក្នុងសមុទ្រកាន់តែច្រើនទៅៗ គឺយើងពិតជាមិនអាចឱបដៃឈរមើលបានទេ យើងត្រូវតែរួមគ្នា រកដំណោះស្រាយ ជាបន្ទាន់។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ត្រីសមុទ្រ គឺជាប្រភពនៃប្រូតេអ៊ីនចំនួន១៧% សម្រាប់មនុស្សទូទាំងសកលលោក។ កម្រិតប្រូតេអ៊ីន បានមកពីត្រីនេះ អាចកើនឡើងដល់ទៅ៥០% សម្រាប់ប្រទេសក្រីក្រ។ ការនេសាទ ការធ្វើកសិកម្ម វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម ដែលរំពឹងនឹងទឹកសមុទ្រ គឺជាប្រភពនៃប្រាក់ចំណូលរបស់មនុស្សរាប់ពាន់លាននាក់។
ក្នុងមួយឆ្នាំៗ ប្រព័ន្ធជីវចំរុះសមុទ្រ បានចូលរួមបង្កើតប្រាក់កំរៃចំនួនពី៣០០០ ទៅ៦០០០ពាន់លានដុល្លារ ដែលស្មើរនឹងប្រមាណជា២៦០លានការងារ ទូទាំងសកលលោក។ កំរិតនេះ កាន់តែមានសារៈសំខាន់ទៅទៀត នៅតាមប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រជាជនរស់នៅ រំពឹងទាំងស្រុង នឹងរបរនេសាទ ដើម្បីបរិភោគ ឬលក់យកប្រាក់កំរៃ។
ភពផែនដីយើង ដែលគ្របដណ្តប់ដោយផ្ទៃទឹកសមុទ្រប្រមាណ៧២% ត្រូវការជាចាំបាច់ នូវចរន្តទឹកសមុទ្រ ដែលមានតួនាទីផលិតអុកស៊ីសែន នឹងស្រូបយកឧស្ម័នកាបូនិក។ ការកើនឡើងកំដៅផែនដី ក៏បានចូលរួម ធ្វើឲ្យរលាយមហាសមុទ្រទឹកកក ធ្វើឲ្យទឹកសមុទ្រឡើងកំដៅ និងឡើងកំពស់។ បញ្ហាទាំងនេះ គឺជាប្រភពនៃបាតុភូតធម្មជាតិ កាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប្រទេសកូនកោះ និងប្រជាជនរស់នៅតាមឆ្នេរ គឺជាជនរងគ្រោះដំបូងបំផុត។
ជាមួយនឹងការនេសាទហួសហេតុ ធ្វើឲ្យបាត់បង់តុល្យភាពនៃជីវចំរុះបាតសមុទ្រ សកម្មភាពមនុស្សគឺជាប្រភពចំបង ដែលបំផ្លាញធនធានសមុទ្រ។ ក្រៅពីនេះ នៅមានការចោលកាកសំណត់ប្លាស្ទីក ដែលបានចូលរួមបំពុលទឹកសមុទ្រ និងសម្លាប់សត្វសមុទ្រប្រមាណជា ៨លានតោន ក្នុងមួយឆ្នាំៗ។ អង្គការសហប្រជាជាតិ បានសន្និដ្ឋានថា បើគ្មានវិធានការទេនោះ នៅរវាងឆ្នាំ២០៥០ សំណល់សំរាមប្លាស្ទីកក្នុងសមុទ្រ នឹងមានចំនួនច្រើន លើសត្រីសមុទ្រទៅទៀត៕ ប្រភព៖ RFI