សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ពុទ្ធិកសមាគមខ្មែរនៅកម្ពុជា រួមនឹងយុវជនជាង ៤០នាក់ ជួបពិភាក្សាគ្នានៅថ្ងៃទី៣១ ឧសភា អំពីសារសំខាន់នៃការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ពួកគាត់យល់ថា យុវជននៅតែមានភាពប្រឈម។
ក្រុមយុវជនលើកទស្សនៈរបស់ខ្លួននៅក្នុងកិច្ចពិភាក្សាគ្នានៅព្រឹកថ្ងៃទី៣១ ឧសភា ថា យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នៅខែមិថុនា ខាងមុខនេះ។
មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា ភី.ឌី.ភី (PDP) លោក ហេង គឹមហុង ថ្លែងថា យុវជនមានតួនាទីសំខាន់ ព្រោះចលនាយុវជនជាឋាមពលជំរុញល្បឿនអភិវឌ្ឍន៍ប្រទេស៖ «យើងដឹងហើយថានៅសង្គមណាក៏ដោយ កាលណាកម្លាំងយុវជនខ្លាំង កម្លាំងយុវជនពោរពេញទៅដោយឋាមពល និងចំណេះដឹងនោះ សង្គមក៏រុញទៅរកការអភិវឌ្ឍហ្នឹងមានល្បឿនលឿនដែរ។ តែកាលណាបើយុវជននៅមានលក្ខណៈអាត្មានិយម រស់នៅក្នុងសង្គមមួយអវិជ្ជា រស់នៅក្នុងស្ថានភាពមួយដែលមានចំណេះដឹងនៅទាប នោះសង្គមក៏ត្រូវបានងាយស្រួលអូសទាញដោយអ្នកនយោបាយ ហើយការអភិវឌ្ឍក៏មានល្បឿនយឺតដែរ»។
លោកមើលឃើញថា បច្ចុប្បន្ននេះ យុវជនបានជ្រើសរើសតំណាងរបស់ខ្លួនសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត និងអភិវឌ្ឍ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ជាពិសេសការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ត្រឹមត្រូវ។
ដូចគ្នានេះដែរ ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទនៃ គ.ជ.ប លោក កែវ ផល្លា ឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិទី៤ នេះ អាចនឹងមានយុវជនជាប់ជាមេឃុំច្រើនជាងអាណត្តិមុន ព្រោះក្នុងចំណោមបេក្ខជនឈរឈ្មោះពីលេខរៀងទី១ ដល់លេខ៥ ជិត ១០ម៉ឺននាក់ មានចំនួនពាក់កណ្ដាលជាយុវជនអាយុចាប់ពី ២៥ឆ្នាំ ដល់ ៣៥ឆ្នាំ។ លោកថា យុវជនកាន់តែយល់អំពីតួនាទីរបស់ខ្លួន៖ «ចំនួនយុវជនដែលជាបេក្ខជនពេញសិទ្ធិក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា យុវជនចាប់ផ្ដើមយល់ច្បាស់អំពីសិទ្ធិអំណាចរបស់ខ្លួនក្នុងសង្គមប្រជាធិបតេយ្យហើយ»។
ទោះជាយ៉ាងនេះក្ដី យុវជនខ្លះនៅតែមិនទាន់គិតគូរល្អិតល្អន់អំពីបេក្ខជនឈរឈ្មោះបោះឆ្នោតទេ។ ដូចគ្នានេះដែរ និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាស្ថានសេដ្ឋកិច្ច កញ្ញា កុប ច័ន្ទណាំ យល់ថា យុវជនមួយក្រុមបានត្រៀម និងយល់រួចហើយអំពីសមាសភាពបេក្ខជនបក្សឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់។ ប៉ុន្តែយុវជនមួយក្រុមទៀតជួបការលំបាក ព្រោះតែគាត់ជាកម្មករចំណាកស្រុក និងខ្វះការបញ្ជាក់អត្តសញ្ញាណ៖ «»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (ភី.ឌី.ភី) លោក យង់ គិមអេង ថ្លែងថា កិច្ចពិភាក្សាគ្នានេះ គឺចង់ឲ្យយុវជនចូលរួមកាន់តែច្រើនក្នុងនយោបាយ និងគ្រប់ដំណាក់កាលនៃការបោះឆ្នោត៖ «»។
ទន្ទឹមគ្នានេះ លោក យង់ គិមអេង ផ្ដល់យោបល់ថា គណបក្សនយោបាយនានាគួរតែគិតគូរគោលនយោបាយរបស់ខ្លួនសម្រាប់ទាក់ទាញយុវជន ព្រោះការបោះឆ្នោតរបស់យុវជនអាចធ្វើឲ្យមានការប្រែប្រួលធំនៅក្នុងគណបក្សនយោបាយទាំងនោះ៕ ប្រភព៖ rfa