លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងលោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានដំឡើងសម្លេងដាក់គ្នាមួយកម្រិតទៀតនាថ្ងៃអង្គារ ទី៣០ ឧសភា។ អ្នកដែលបានចាប់ផ្តើមបន្ថែមសាំងប្រឆាំងលោកស្រីមែរកិលមុនគេ គឺលោកដូណាល់ ត្រាំ។ ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរអាមេរិក អាល្លឺម៉ង់ពេលនេះត្រូវបានគេមើលឃើញថា បានឡើងដល់កម្រិតមួយយ៉ាងខ្ពស់ដែលមិនធ្លាប់មានទេក្នុងរយៈពេលចុងក្រោយនេះ។
ក៏ដូចជាសព្វមួយដង លោកដូណាល់ ត្រាំបានប្រើបណ្តាញសង្គម Twitter របស់លោកដើម្បីបញ្ចេញប្រតិកម្មជាផ្លូវការ។ លោកបានសរសេរវាយប្រហារអាល្លឺម៉ង់នៅព្រលឹមស្រាងៗនាថ្ងៃអង្គារ ទី៣០ ឧសភាថា អាមេរិកមានឱនភាពពាណិជ្ជកម្មសម្បើមណាស់ជាមួយអាល្លឺម៉ង់ និងថា អាល្លឺម៉ង់បានបង់វិភាគទានតិចតួចមែនទែនឲ្យអង្គការអូតង់។ សម្រាប់លោកត្រាំ អាល្លឺម៉ង់ជាប្រទេសអាក្រក់ខ្លាំងណាស់របស់អាមេរិក រួចថា លោកនឹងមិនទុកបណ្តោយឲ្យអាល្លឺម៉ង់បន្តធ្វើរបៀបនេះតទៅមុខទៀតឡើយ។
សារវ៉ៃប្រហារអាល្លឺម៉ង់តាម Twitter របស់លោកត្រាំជាការឆ្លើយតបនឹងប្រតិកម្មរបស់លោកស្រីមែរកិលដែលថា វាជារឿងសំខាន់ខ្លាំងណាស់ដែលអឺរ៉ុបក្លាយខ្លួនជាតួឯកនៅលើឆាកអន្តរជាតិក្នុងពេលដែលនយោបាយអាមេរិកាំងមានការផ្លាស់ប្តូរ។ តាមលោកស្រីមែរកិល អឺរ៉ុបត្រូវតែផ្តើមគិតគូរពីអនាគតរបស់ខ្លួនដោយខ្លួនឯង។ ចំណែករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់វិញបាននិយាយដោយមិនបញ្ឆិតបញ្ឆៀងថា សកម្មភាពរបស់លោកដូណាល់ ត្រាំបានធ្វើឲ្យបស្ចិមលោកចុះខ្សោយ និងចង្អុលមុខលោកត្រាំពីបានអនុវត្តន៍នយោបាយផ្ទុយពីផលប្រយោជន៍សហភាពអឺរ៉ុប។
គួរជម្រាបជូនថា ការដំឡើងសរសៃ ក ដាក់គ្នារវាងលោកត្រាំ និងលោកស្រីមែរកិលពេលនេះមិនមែនជាថ្មីទេ។ នៅក្នុងថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក លោកស្រីមែរកិលធ្លាប់បានប្រដៅលោកត្រាំឲ្យគោរពតម្លៃប្រជាធិបតេយ្យបស្ចិមលោក ក្រោយពីលោកត្រាំបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតពោរពេញដោយរឿងអាស្រូវជាច្រើន។ ចំណែកលោកត្រាំវិញក៏មិនបានទុកឲ្យសម្តីវ៉ែប្រហាររបស់លោកស្រីមែរកិលកន្លងផុតដែរ។ តែអ្វីដែលគ្រប់គ្នាកំពុងរង់ចាំពេលនេះគឺថា តើសង្រ្គាមពាក្យសម្តីរវាងប្រទេសមហាអំណាចទាំងពីរបន្តមានដល់ពេលណា និងបង្កចេញនូវផលវិបាកអ្វីខ្លះ។ តាមគម្រោង លោកត្រាំ និងលោកស្រីមែរកិលត្រូវជួបមុខគ្នាជាថ្មីនាជំនួបកំពូល G២០ ក្នុងប្រទេសអាល្លឺម៉ង់នៅដើមខែកក្កដាខាងមុខ៕ ប្រភព៖ RFI