កម្មករសំណង់មួយក្រុមនៅក្នុងប្រទេសវៀតណាម បានមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រទះឃើញផ្នូរចំនួន៥ ផ្ទុកសុទ្ធតែឆ្អឹងមនុស្សជិត ២០០ ខណៈពេលពួកគេកំពុងជីកគ្រឹះធ្វើផ្ទះរបស់បុរសម្នាក់ ។
យោងតាមសារព័ត៌មានវៀតណាមបានឲ្យដឹងថា ឆ្អឹងមនុស្សដែលមានសភាពរាយប៉ាយ និងត្រូវពុកផុយទៅហើយ ស្ថិតនៅខាងក្រោមផ្ទះចាស់របស់បុរសម្នាក់ឈ្មោះ Duong Van Phong រស់នៅក្នុងភូមិ Tho Ngoa ឃុំ Quang Thau ស្រុក Ba Don ខេត្តក្វាងប៊ិញ ប្រទេសវៀតណាម ។
បុរសម្ចាស់ផ្ទះរូបនេះបាននិយាយថា ឆ្អឹងទាំងនោះ ស្ថិតនៅក្នុងដីក្រោមផ្ទះរបស់គាត់ជម្រៅប្រមាណ ២ ម៉ែត្រ ដោយឆ្អឹងខ្លះត្រូវកប់ក្នុងក្រឡថ្ម ហើយគាត់ក៏ជូនដំណឹងដ៏ភ្ញាក់ផ្អើលនេះទៅអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យពួកគេមកពិនិត្យ ក៏ដូចជាធ្វើការវិភាគថាតើឆ្អឹងទាំងនោះជាឆ្អឹងរបស់មនុស្សតាំងពីសម័យណាមក ។
អ្នកភូមិចំណាស់ម្នាក់ជាអ្នកជិតខាងលោក Phong បានប្រាប់អ្នកសារព័ត៌មានថា ផ្ទះរបស់ Phong បានសង់លើផ្នូរបូរាណដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលត្រូវបានគេអះអាងថា អាចជាឆ្អឹងរបស់ទាហានវៀតណាម ដែលបានស្លាប់ក្នុងការវាយប្រយុទ្ធជាមួយពួកអាណានិគមបារាំង ក្នុងអំឡុងចុងសតវត្សទី១៩ ។
យ៉ាងណាមិញ បើតាមការធ្វើតេស្តសំណាកឆ្អឹងរបស់មជ្ឈមណ្ឌលពិសោធន៍ឆ្អឹង នៅវិទ្យាស្ថានវិទ្យាសាស្ត្រឧក្រិដ្ឋកម្មរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បង្ហាញថា ឆ្អឹងខ្មោចទាំងនោះមានអាយុកាលជាង ១៥០ ឆ្នាំ មកហើយ ៕