តើស៊ុតមាន់ និងមាន់ មួយណាកើតមុន ? នេះគឺជាសំណួរតែងត្រូវបានទស្សនវិទូ ក៏ដូចជាអ្នកវិទ្យាសាស្ត្រលើកឡើង និងស្វែងរកចម្លើយអស់ច្រើនសតវត្សមកហើយ ។ មាន់កើតមកពីពង ហើយពងត្រូវបានបង្កើតដោយមាន់… វិលវល់ៗ ពេលមុនពុំបកស្រាយបាន ក៏ឆ្លើយលំៗថា ចក្រវាឡនេះវាពុំដឹងក្បាលនៅណា កន្ទុះនៅណា ព្រោះទំហំស្មើពីដកអណន្ត ទៅបូកអណន្ត…។ល។
ប៉ុន្តែ ឥឡូវនេះ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ គេអាចសន្មត់ចម្លើយបានហើយ គឺៈមាន់មានមុនពង! ។
បំណកស្រាយគឺៈ ក្រុមអ្នកវិទ្យាសាស្ត្របានស្វែងរកឃើញនូវសារធាតុប្រូតេអ៊ីនសំខាន់មួយ ដែលបង្កើតឡើងជាសំបកពងមាន់ ហើយសំខាន់គឹគេរកឃើញសារធាតុនេះមានតែក្នុងក្រពេញអូវែរ (Ovary) របស់មាន់ញីប៉ុណ្ណោះ ។
ផ្តើមពីរបកគំហើញនេះគឺបញ្ចាក់បានថាៈ មុនមានវត្តមានជាពងមាន់ ដែលយើងសម្លឹងឃើញជាក់ស្តែងនោះ វាចាំបាច់ត្រូវស្ថិតនៅក្នុង «មាន់» ។
សារធាតុប្រូតេអ៊ីននេះមានឈ្មោះថា Ovodedidin-17 ឬ OC-17 ដែលដើរតួនាទីជាកាតាលីករ (Catalysts) ជំរុញឲ្យសំបកពងលូតលាស់បានលឿន ។ សំបកពងរឹងនេះជា «លំនៅឋាន» រឹងមាំការពារផ្នែក្រហមនៃស៊ុត និងការរីកលូតលាស់បន្តិចម្តងៗរបស់កូនមាន់ដែលស្ថិតនៅពីក្នុង ។
លទ្ធផលនៃការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ២ គឺសកលវិទ្យាល័យ Sheffield និង Warwick របស់អង់គ្លេស ក្រោមជំនួយពីកុំព្យូទ័រឋាមពលខ្លាំងមួយឈ្មោះថា HECToR អាចពង្រីករចនាសម្ព័ន្ធស៊ុតបានយ៉ាងធំ ទើបរកឃើញសារធាតុ OC-17 ដែលវាមានតួនាទីជាកាតាលីករបំផ្លែង Calceun Carbonate ឲ្យទៅជា Calcite -វត្ថុធាតុដើមបង្កើតសំបកស៊ុត ។ ហេតុនេះ បណ្ឌិត Colin Freeman មកពីសកលវិទ្យាល័យ Sheffield បញ្ជាក់បន្ថែមថា ថ្វីត្បិតយើងតែងគិតថា ពងមាន់មានមុនមាន់ក្តី ក៏វិទ្យាសាស្ត្រទំនើបបច្ចុប្បន្ន បានផ្តល់ចម្លើយបញ្ច្រាស់វិញគឺៈ មាន់មានមុនពង! ៕