ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង ៣៦គ្រួសារ និងកំណាត់ផ្លូវលំ១ខ្សែប្រវែងជាង ១០០ម៉ែត្រ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានលិចលង់។ បើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក ភ្លៀងធា្លក់បែបនេះ អាចនឹងបន្តរហូតដល់ថ្ងៃទី ៤ ខែមិថុនា ដែលចំថ្ងៃបោះឆ្នោតឃុំ សង្កាត់។ យ៉ាងណាក៏ដោយលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ប្រសិនបើមានករណីជន់លិចកើតឡើង, គ.ជ.ប អាចនឹងពន្យាពេលបោះឆ្នោត ទៅតាមសភាពជាក់ស្តែងនៃភូមិសាស្ត្រមូលដ្ឋាននីមួយ។
ជំនន់ទឹកភ្លៀងមិនរំខានដល់ដំណើរការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់នាថ្ងៃទី ៤ ខែមិថុនា ខាងមុខនោះទេ! នេះជាការលើកឡើង របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការរៀបចំការបោះឆ្នោត (គជប) ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI។ លោកលើកឡើងថា ជាទូទៅប្រជាពលរដ្ឋពិតជាបានត្រៀមលក្ខណៈរួចរាល់ចំពោះបញ្ហានេះ ព្រោះពួកគាត់បានដឹងច្បាស់ពីរដូវប្រាំង និង រដូវវស្សាដែលមានកម្ពុជា។ តែយ៉ាងណាប្រសិនបើមានឃុំសង្កាត់ណា រងគ្រោះដោយសារទឹកជំនន់ គជប នឹងពិចារណា ពន្យាពេលយ៉ាងយូរពីរឬបីថ្ងៃ នៅតាមទីកន្លែងដែលជន់លិចទាំងនោះ។ ហើយប្រសិនបើមានការជន់លិចធ្ងន់ធ្ងរខ្លាំង យើងនឹងអាចប្តូរទីតាំងការិយាល័យបោះឆ្នោតតែម្តង។
គួរជំរាបជូនថា មកទល់នឹងថ្ងៃទី ២៩ ឧសភានេះ សម្ភារៈដែលបម្រើឱ្យការបោះឆ្នោត បានទៅគោលដៅហើយក្នុង ឃុំ-សង្កាត់ចំនួន ១ពាន់៦រយ៤៦ ទូទាំង២៥រាជធានី-ខេត្ត។
សម្ភារៈទាំងនោះដែលមានដូចជា សន្លឹកឆ្នោត ទឹកខ្មៅ ត្រាសម្ងាត់ បញ្ជីឈ្មោះបោះឆ្នោត បន្ទប់សំងាត់ និងសម្ភារៈផ្សេងៗទៀត។ សម្ភារៈទាំងនោះ ត្រូវបានរក្សាទុក និងការពារយ៉ាងត្រឹមត្រូវនៅឯគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ស្រុក មុនពេលត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យបោះឆ្នោតនៅថ្នាក់ឃុំនិងសង្កាត់នៅថ្ងៃបោះឆ្នោតខាងមុខ។
លើកលែងតែវគ្គបណ្តុះបណ្តាលមន្ត្រីដែលបំពេញការងារនៅតាមការិយាល័យបោះឆ្នោតនីមួយៗប៉ុណ្ណោះ ដែលមិនទាន់បានបញ្ចប់រួចរាល់។
គម្រាបជូនថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណតិ្តទី ៤ នៅថ្ងៃទី ៤ ខែមិថុនាខាងមុខ មានគណបក្សនយោបាយចំនួន ១២គណបក្សនឹងចូលរួមប្រកួតប្រជែងដណ្តើមបេក្ខភាពមេឃុំ នៅក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ ទូទាំង ២៥រាជធានី-ខេត្ត។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ប្រភព៖ RFI