ឭកដល់លោកអតីតអភិបាលសាលារាជធានីភ្នំពេញម្នាក់ដែលទទួលបានការកោតសរសើរពីសំណាក់ប្រជាជនទាំងជិត និងឆ្ងាយនៅក្នុងប្រទេសកម្ពុជា ដោយសារលោកមានបទពិសោធការងារខ្ពស់ក្នុងវេទិការនយោបាយ និងយុត្តិធម៌។
លោកបានគ្រប់គ្រងទីក្រុងភ្នំពេញយ៉ាងមុតមាំពីចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ប៉ុន្តែការដឹកនាំរបស់លោក ក៏មានលក្ខណៈធូររលុង មានការប្រតិបត្តិជាក់ស្តែង និងប្រកបដោយមនុស្សធម៌។
ប្រព័ន្ធផ្សព្វផ្សាយបានពណ៌នាលោកថា ជាមនុស្សម្នាក់ដែលមានគេចូលចិត្តច្រើន ប៉ុន្តែលោកក៏មានភាពចម្រូងចម្រាសផងដែរ។
លោកត្រូវបានគេសម្លឹងឃើញថា ជាជនម្នាក់ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមអភិបាលរាជធានីភ្នំពេញ ហើយលោកក៏ត្រូវបានគេបញ្ចប់តំណែងនៅឆ្នាំ ២០០៣ ដោយលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកម្ពុជា នៅប្រទេស មីយ៉ាន់ម៉ា មូលហេតុគឺដោយសារតែប្រជាប្រិយភាពរបស់លោក និងការតាំងចិត្តក្នុងការសម្រេចនូវគោលដៅផ្សេងៗរបស់លោក ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
ខណៈពេលដែលលោកកាន់កាប់តំណែងជាអភិបាលក្រុង លោកមិនរួញរានៅក្នុងគម្រោងផែនការរបស់លោកដើម្បីបង្កើនសោភណភាព និងអភិវឌ្ឍទីក្រុងភ្នំពេញឡើយ។
នៅឆ្នាំ២០០២ លោកបានដឹកនាំឲ្យមានការដាំដើមឈើថ្មីចំនួន ៣ម៉ឺនដើម ជំនួស ឲ្យដើមឆត្រដែលលោកយល់ថា បានធ្វើឲ្យមានការកកស្ទះតាមប្រព័ន្ធលូក្រោមដីនៅក្នុងទីក្រុង។
ស្ត្រីឈ្មោះ អ៊ីម ម៉ាប់ អាយុជាង ៤០ឆ្នាំ ជាអាជីវករលក់គ្រឿងចាប់ហួយ រស់នៅក្បែរផ្សារចាស់ បានរំឭកឲ្យដឹងថា ៖ «ខ្ញុំនៅចាំបានខ្លះៗ សម័យលោក ជា សុផារ៉ា នៅធ្វើជាចៅហ្វាយក្រុងភ្នំពេញ នៅតាមផ្លូវនៅម្តុំផ្សារចាស់នេះ ផ្លូវមិនសូវស្អាតមែន ប៉ុន្តែអ្នករកស៊ីលក់ដូរតូចតាចអាចលក់ដូរនៅតាមផ្លូវក្បែរផ្សារនេះពេលល្ងាចៗគេអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបាន។ ប៉ុន្តែបើប្រៀបធៀបទៅនឹងបច្ចុប្បន្ននេះអ្នកលក់ដូរតូចតាច ដូចជារកប្រាក់សម្រាប់តែបង់ថ្លៃផាស៊ីផ្សេងៗអ៊ីចឹង»។
[img]
បុរសវ័យជាង៣០ឆ្នាំ ឈ្មោះ ស៊ុក ធឿន ជាអ្នករត់ម៉ូតូឌុបនៅម្តុំផ្សារដីហុយ បានរំឭកថា៖ «បើសិនជាលោក ជា សុផារ៉ា នៅធ្វើជាអភិបាលក្រុងភ្នំពេញ បន្តមកទៀត ប្រហែលជាអត់មានការបណ្តេញប្រជាជនចេញពីតំបន់បឹងកក់ទេ ហើយក្រុមគ្រួសាររបស់ពួកយើង និងប្រជាជនរាប់ម៉ឺននាក់ផ្សេងទៀតនោះក៏អាចរស់នៅបឹងកក់ដដែលដោយសុខសាន្តដែរ»។
លោក គង់ សង្វារ វ័យជាង ៦០ឆ្នាំ អតីតមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ៖ «មិនមែនមានតែខ្ញុំទេ ដែលបានដឹងអំពីគម្រោង និងបានឃើញអំពីសមិទ្ធផលមួយចំនួនរបស់លោក ជា សុផារ៉ា ក្នុងអំឡុងពេលគាត់កាន់តំណែងជាអភិបាលក្រុងភ្នំពេញ ដូចជា សួនច្បារពីមុខព្រះបុរមរាជវាំងទៅដល់សួនច្បារផ្សារចាស់ និងគម្រោងសាងសង់ជាសាលសន្និសីទជាតិ នៅជ្រោយចង្វារជាដើម»។
«បើសិនជាសាលសន្និសីទជាតិនោះវាកើតឡើងមែននោះ វាគឺល្អអស្ចារ្យណាស់សម្រាប់មុខមាត់ប្រទេសយើង ព្រោះវាស្ថិតនៅលើទីតាំងល្អបំផុតតែម្តង»។ នេះបើតាមប្រសាសន៍របស់លោក សង្វារ។
«ទីតាំងសួនច្បារមុខព្រះបុរមរាជវាំងទៅដល់សួនច្បារផ្សារចាស់ ជាអតីតឃ្លាំងទំនិញ ជាកន្លែងយោធា និងកំពង់ផែ(កសិផលកសិកម្ម)ជាដើម ប៉ុន្តែលោក សុផារ៉ា បានព្យាយាមធ្វើវាឲ្យទៅជាសួនច្បារសម្រាប់សាធារណៈជនទូទៅ និងដើម្បីលម្អមុខ មាត់ទីក្រុងផងដែរ»។
គួររំឭកថា គម្រោងទីតាំងសួនច្បារមុខព្រះបរមរាជវាំងទៅដល់សួនច្បារផ្សារចាស់នេះ គឺបានចាប់ផ្តើមឡើងតាំងសម័យអតីតអភិបាលសាលារាជធានីភ្នំពេញ គឺលោក ឈឹម ស៊ាកឡេង ក្នុងរវាងឆ្នាំ១៩៩៣-៩៨ ដែលកាលនោះ លោក ជា សុផារ៉ា ជាអភិបាលរងនៅឡើយ។
ក្រោយមកទៀតលោក សុផារ៉ា បានរៀបចំគម្រោងទីតាំងជាសាលសន្និសីទជាតិនៅជ្រោយចង្វារ ក៏ត្រូវបានរៀបចំរួចរាល់ ព្រមទាំងមានសាងសង់ជាសំណង់ផ្ទះឈើធំៗ តាមរចនាប័ទ្មផ្ទះខ្មែរ ផ្ទះកឹង ផ្ទះប៉ិត និងផ្ទះកាតាំង ជាច្រើនខ្នងនៅទីនោះ។ ប៉ុន្តែបច្ចុប្បន្នទីតាំងនោះបែជាក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសូគីម៉ិច ដែលមានសណ្ឋាគារសុខានៅទីនោះជំនួសវិញ។
ការដកតំណែងជាអភិបាលក្រុងពីលោក ជា សុផារ៉ា នៅឆ្នាំ២០០៣ បានធ្វើឲ្យមានការរំជើបរំជួលខ្លះៗនៅក្នុងប្រទេស ដោយអតីតអភិបាលខណ្ឌទួលគោលលោក ឃ្លាំង ហួត បានបដិសេធមិនចូលរួមពិធីបញ្ចប់ការងាររបស់លោក ជា សុផារ៉ា ដោយការគោរពរបស់លោកចំពោះលោក សុផារ៉ា។
លោក ហួត បានថ្លែងថា ការធ្វើការរបស់លោក សុផារ៉ា គឺមិនបានពឹងផ្អែកទៅលើគណបក្សនយោបាយណាមួយឡើយ ដោយលោកធ្វើការគឺដើម្បីតែផលប្រយោជន៍របស់ប្រជាជន និងផលប្រយោជន៍របស់ទីក្រុងតែប៉ុណ្ណោះ។
លោក សុផារ៉ា មិនបានក្លាយទៅជាឯកអគ្គរដ្ឋទូតកម្ពុជានៅប្រទេសមីយ៉ាន់ម៉ានោះទេ ដោយលោកបែរជាបានក្លាយទៅជាទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។
ក្នុងពេលបច្ចុប្បន្ននេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា កំពុងតែបន្តការងារ ដែលលោកបានធ្វើកាលពីមុនបន្ទាប់ពីមានការផ្លាស់ ប្តូរគណៈរដ្ឋមន្ត្រី ដោយលោកត្រូវបានជំនួសមុខតំណែងរបស់លោក អ៊ីម ឈុនលីម ជាអតីតរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បន្ទាប់ពីកាន់តំណែងថ្មីនេះបានរយៈពេលជាង១ខែ លោក សុផារ៉ា បានធ្វើការយ៉ាងមមាញឹកដើម្បីធានាថា ទីក្រុងដែលលោកធ្លាប់បានដឹកនាំនេះ នឹងត្រូវបានរៀបចំយ៉ាងណាឲ្យបានរៀបរយ និងមានភាពស្រស់ស្អាតដូចជាអ្វី ដែលលោកធ្លាប់បានស្រមៃ។
ចាប់តាំងពីការចូលកាន់តំណែងកាលពីថ្ងៃទី៥ ខែមេសា លោក សុផារ៉ា បានចាត់ចំណាត់ការលើសំណង់ខុសច្បាប់ផ្សេងៗ ជាពិសេសសំណង់ NagaWorld ដែលបានសាងសង់លយចូលមកដល់ទីលានសាធារណៈ។
សហគ្រាសកាស៊ីណូនេះបានគោរពតាមការណែនាំក្នុងការរុះរើដំបូលបាំងទឹកភ្លៀង ដែលបានលយ ចេញមកលើផ្លូវសាធារណៈ ហើយ ក៏ត្រូវបានណែនាំឲ្យជួសជុលផ្លូវដើរនៅខាងមុខ NagaWorld ដែលបានរំលោភផ្លូវសាធារណៈផងដែរ។
លោក សុផារ៉ា បានសរសេរយ៉ាងម៉ឺងម៉ាត់នៅក្នុងទំព័រ Facebook ដែលលោកបានសរសេរស្ទើរតែរាល់ថ្ងៃនោះថា ៖ «សំណង់ណាហ្កាកាន់តែហ៊ាន កាន់តែផ្គើន កាន់តែលយចេញមកផ្លូវសាធារណៈវាយចោលសិនកុំឲ្យធ្លាប់»។
ការព្រមានរបស់លោកបានចេញមកក្នុងខណៈពេលដែលការវិនិយោគមួយចំនួនបានបន្តសាងសង់ដោយខុសច្បាប់ ឬដោយគ្មានលិខិតអនុញ្ញាតច្បាស់លាស់ ដែលខុសពីការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា កន្លងមក។
នៅក្នុងការសម្ពោធខុនដូ The Park កាលពីថ្ងៃទី៣ ខែឧសភា លោក សុផារ៉ា បានព្រមានទុកជាមុនថា ប្រសិនបើសំណង់ណាមួយរំលោភបំពានស្តង់ដារ ក្រុមហ៊ុននោះនឹងទទួលបានលទ្ធផលពិបាកហើយ។
លោកបានថ្លែងថា ៖ «ចាប់ពីថ្ងៃនេះទៅ ក្នុងនាមជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខ្ញុំនឹងធ្វើការឲ្យមានប្រសិទ្ធភាពតាមតែខ្ញុំអាចធ្វើបាន ដើម្បីរារាំងគម្រោងវិនិយោគទាំងអស់ កុំឲ្យមានបញ្ហាបច្ចេកទេស ឬរំលោភនីតិវិធីស្តង់ដារ»។
នៅថ្ងៃទី១១ ខែឧសភា លោក សុផារ៉ា បានសរសេរលិខិតផ្លូវការមួយ ដែលបានបញ្ជាក់ពីការបញ្ចប់ភារកិច្ចប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប គឺលោក សែ សាមុត ដោយប្រជាជនបានសង្ស័យថា ការផ្លាស់ប្តូរតំណែងនេះ គឺបណ្តាលមកពីលោកជាប់ពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ។
លោក សាមុត ត្រូវបានតែងតាំងឲ្យមកធ្វើការនៅក្រសួងមួយនៅទីក្រុងភ្នំពេញ ប៉ុន្តែ ភ្នំពេញ ប៉ុស្តិ៍អចលនទ្រព្យ ពុំអាចទាក់ទងលោកដើម្បីបំភ្លឺបានទេ។
ក្រៅពីបានចុះទស្សនកិច្ចទៅស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីជជែកជាមួយនឹងប្រជាជនពីបញ្ហាកង្វះទឹកនៅក្នុងគ្រោះរាំងស្ងួត លោក សុផារ៉ា ក៏បានប្រជុំជាមួយនឹងរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំ អាល់ ដើម្បីចាត់ចែង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ ដែលនេះបានបង្ហាញថា លោក សុផារ៉ា ខិតខំប្រឹងប្រែង មិនដកដៃក្នុងការចាត់ចែង និងកែលម្អសម្រស់របស់ប្រទេសកម្ពុជា។
លោក សេង វណ្ណៈ អនុប្រធានផ្នែកគ្រប់គ្រងទីក្រុងនៅសាលារាជធានីភ្នំពេញ បានសរសើរលោកទេសរដ្ឋមន្ត្រីរូបនេះមិនដាច់ពីមាត់ ហើយលោកបានបន្ថែមថា លោក សុផារ៉ា បានធ្វើការចាត់ចែងយ៉ាងល្អ នៅពេលដែលលោកធ្វើជាអភិបាលក្រុងភ្នំពេញ។
«លោករដ្ឋមន្ត្រី សុផារ៉ា មានបទពិសោធច្រើនណាស់ក្នុងផ្នែកនគរូបនីយកម្ម និងការអភិវឌ្ឍ។ នៅពេលនេះ យើងត្រូវចាំមើល ថាតើការអភិវឌ្ឍដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកនឹងទៅជាបែបណា? ហើយខ្ញុំសប្បាយរីករាយណាស់ដែលបានធ្វើការសហការជាមួយនឹងអ្នកដែលមានមហិច្ឆតា និងការស្រឡាញ់មោះមុតទៅលើទីក្រុងបែបនេះ»។
លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាឲ្យលុបបំបាត់ការិយាធិបតេយ្យនៅក្នុងក្រសួង ហើយអគ្គនាយកដ្ឋានសំណង់ និងអគ្គនាយកដ្ឋានដែនដី កំពុងធ្វើការងារនេះ ជាក់ស្តែងគិតក្នុងអំឡុងខែមេសា មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តមបានអនុម័តគម្រោងជាង ២០០ ដែលមិនទាន់បានអនុម័តនាពេល កន្លងមក។
លោក សុភ័ណ្ឌ បន្តថា ៖ «យើងគាំទ្រគោលនយោបាយរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលលោកធ្លាប់ជាអភិបាលក្រុងភ្នំពេញ។ លោកធ្វើការងារយ៉ាងសកម្មណាស់ ច្បាស់លាស់ណាស់ មិនធ្វើអ្វីផ្តេសផ្តាសនោះទេ»។
លោកបន្តថា ៖ «យើងគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យការងារស្ថាបត្យកម្ម នគរូបនីយកម្មទីក្រុង មានការអភិវឌ្ឍប្រកបដោយតម្លាភាព ចីរភាព និងភាពជឿនលឿន»៕ ប្រភព៖ m.postkhmer