គេហទំព័រសារព័ត៌មាន Independent របស់អង់គ្លេសផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅថ្មីៗដោយដកស្រង់ពីប្រភពរបស់អតីតភ្នាក់ងារស៊ើបការណ៍ពិសេស FBI បានឲ្យដឹងថា កូនប្រុសម្នាក់របស់សព Osama bin Laden អតីតមេដឹកនាំក្រុមភេរវករ Al-Qaeda បានប្រកាសសាជាថ្មីក្នុងការរៀបចំថែនការវាយប្រហារទៅលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តសងសឹកឲ្យឪពុករបស់ខ្លួន ព្រមជាមួយនឹងការត្រៀមខ្លួនក្លាយជាមេដឹកនាំថ្មីនៃក្រុម Al-Qaeda តែម្តង ។
យុវជនដែលជាទាហាន និងត្រូវជាកូនប្រុសរបស់សព Osama bin Laden អតីតមេដឹកនាំក្រុម Al-Qaeda ឈ្មោះ Hamza bin Laden អាយុ២៨ឆ្នាំ ធ្លាប់ត្រូវបានឪពុករបស់ខ្លួនកាលនៅរស់រានមានជីវិតប្រកាសថា នឹងក្លាយជាអ្នកដឹកនាំបន្តវេនក្រុមភេរវករ Al-Qaeda ។ Hamza bin Laden ធ្លាប់បានបង្ហាញមុខមាត់ជាច្រើនដងតាមរយៈ Video Clip របស់ក្រុម Al-Qaeda ជាមួយនឹងការកាន់អាវុធជាប់ខ្លួនតាំងពីនៅវ័យក្មេងមកម្ល៉េះ ។
សំឡេងរបស់ Hamza bin Laden ត្រូវបានគេអះអាងថា មានភាពស្រដៀងគ្នាខ្លាំងទៅនឹងសំឡេងរបស់ Osama bin Laden ដែលជាឪពុក ។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខ្សែអាត់សំឡេងចំនួន៤របស់ Hamza bin Laden ត្រូវបានក្រុម Al-Qaeda បញ្ចេញឲ្យដឹងអំពីផែនការវាយប្រហារទៅលើបណ្តាប្រទេសលោកខាងលិច ដើម្បីសងសឹកឲ្យឪពុករបស់ខ្លួន ។
Osama bin Laden កើតមកក្នុងត្រកូលមហាសេដ្ឋីមួយនៅអារ៉ាប៊ីសាអូឌីត និងបានក្លាយជាមេដឹកនាំក្រុម Al-Qaeda តាំងពីឆ្នាំ១៩៨៨ ប៉ុន្តែក្រោយមកត្រូវបានសម្លាប់ដោយកងកម្លាំងទាហានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅប្រទេសប៉ាគីស្ថាននាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១១ ក្នុងជន្មាយុ៥៤ឆ្នាំ ៕
ប្រភព៖ dtn7