រយៈពេលមួយសប្ដាហ៍ក្រោយការរកឃើញថា មន្ត្រី និងអាជ្ញាធរកម្ពុជា និងវៀតណាម បានអនុញ្ញាតឲ្យកាប់ឈើក្នុងតំបន់ព្រៃការពារកម្ពុជា និងនាំចេញទៅប្រទេសវៀតណាម បើទោះជាមានការហាមប្រាម អាជ្ញាធរកម្ពុជា បញ្ជាក់ថា ខ្លួនកំពុងបន្តសិក្សាពីព័ត៌មានលម្អិតក្នុងរបាយការណ៍នេះ។
សកម្មភាពប្រមូលឈើក្នុងតំបន់អូរតាង ប្រទេសកម្ពុជា ដើម្បីនាំយកទៅប្រទេសវៀតណាម កាលពីខែមករា ឆ្នាំ២០១៧។ Photo courtesy of EIA
ទាក់ទងនឹងរឿងនេះដែរ តំណាងប្រតិភូសហភាពអឺរ៉ុប នៅការិយាល័យកណ្ដាលនាទីក្រុងប្រ៊ុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium) អំពាវនាវយ៉ាងខ្លាំងដល់អាជ្ញាធរនៃប្រទេសកម្ពុជា និងវៀតណាម ឲ្យស៊ើបអង្កេតជាបន្ទាន់នូវសកម្មភាពជួញដូរឈើខុសច្បាប់ ដែលបានរកឃើញដោយក្រុមអ្នកស៊ើបអង្កេតនៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អ៊ី.អាយ.អេ (EIA)។
អ្នកស្រី ម៉ាចា កូជីជានឆីក (Maja Kocijancic) អ្នកនាំពាក្យរបស់គណៈប្រតិភូសហភាពអឺរ៉ុប គូសបញ្ជាក់ថា សហភាពអឺរ៉ុប យកចិត្តទុកដាក់ខ្លាំងលើរបាយការណ៍ដែលស៊ើបអង្កេតដោយអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដោយប្រុងប្រយ័ត្នបំផុត។
ថ្លែងប្រាប់អាស៊ីសេរីតាមអ៊ីមែលពីទីក្រុងប្រ៊ុចសែល (Brussels) អ្នកស្រីបញ្ជាក់ថា សហភាពអឺរ៉ុប កំពុងសិក្សាពីខ្លឹមសារនៃរបាយការណ៍នេះ៖ «យើងជំរុញមែនទែន (strongly encourage) ដល់អាជ្ញាធរនៃប្រទេសកម្ពុជា និងវៀតណាម ស៊ើបអង្កេតជាបន្ទាន់នូវសកម្មភាពខុសច្បាប់ ដែលបានរកឃើញនៅក្នុងរបាយការណ៍នេះ ហើយចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនដែលត្រូវបានស៊ើបអង្កេតឃើញថា បានពាក់ព័ន្ធក្នុងសកម្មភាពកាប់ឈើខុសច្បាប់ ព្រមទាំងត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីការពារកុំឲ្យសកម្មភាពខុសច្បាប់កើតឡើងនាពេលអនាគត»។
កាលពីថ្ងៃទី៨ ឧសភា សប្ដាហ៍មុន អ៊ី.អាយ.អេ (EIA) ដែលជាអង្គការអន្តរជាតិផ្នែកតាមដានឧក្រិដ្ឋកម្មបរិស្ថាន និងការពារធនធានធម្មជាតិ បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយ ដោយរកឃើញថា មន្ត្រី និងអាជ្ញាធរ ទាំងកម្ពុជា និងវៀតណាម យកលុយសំណូករាប់លានដុល្លារសហរដ្ឋអាមេរិកពីឈ្មួញឈើ ដែលនាំឲ្យមានការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារកម្ពុជា ដូចជាឧទ្យានជាតិវីរជ័យនៅខេត្តរតនគិរី ហើយត្រូវដឹកចេញទៅប្រទេសវៀតណាម បើទោះជារដ្ឋាភិបាលកម្ពុជា បានហាមការនាំឈើចេញទៅប្រទេសជិតខាងមួយនេះក៏ដោយ។
សកម្មភាពដឹកជញ្ជូនឈើពីក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of EIA Photo courtesy of EIA
ក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរី លោក ចាហ្គូ វ៉ាធ្លី (Jago Wadley) មន្ត្រីយុទ្ធនាការជាន់ខ្ពស់ផ្នែកព្រៃឈើនៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អ៊ី.អាយ.អេ (EIA) បានថ្លែងថា អាជ្ញាធរពុករលួយកម្ពុជា ដែលអនុញ្ញាតឲ្យមានការកាប់ឈើក្នុងតំបន់អភិរក្ស បានរំលោភច្បាប់ព្រៃឈើកម្ពុជា។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធថា មិនមានការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារនោះទេ។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងកំពុងពិនិត្យសិក្សាពីលទ្ធផលរកឃើញក្នុងរបាយការណ៍របស់អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អ៊ី.អាយ.អេ (EIA)។
សារព័ត៌មានវៀតណាមញូវ (Vietnam News) បានរាយការណ៍ថា សហភាពអឺរ៉ុប គឺជាអ្នកទិញឈើ និងផលិតផលឈើពីប្រទេសវៀតណាម លំដាប់ទី៤ បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន និងចិន។
អ្នកស្រី ម៉ាចា កូជីជានឆីក (Maja Kocijancic) អ្នកនាំពាក្យរបស់គណៈប្រតិភូសហភាពអឺរ៉ុប មានប្រសាសន៍ថា របាយការណ៍នានា ពិសេសរបាយការណ៍ដែលចេញផ្សាយដោយអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អ៊ី.អាយ.អេ (EIA) បានផ្តល់នូវព័ត៌មានដែលមានសារប្រយោជន៍ ដោយមើលជ្រុងនៃច្បាប់ឈើរបស់សហភាពអឺរ៉ុប ដែលបានហាមឃាត់រាល់ការនាំចូលឈើដែលកាប់ខុសច្បាប់ទៅក្នុងទីផ្សារសហភាពអឺរ៉ុប និងអំពាវនាវឲ្យប្រតិបត្តិការនៅសហភាពអឺរ៉ុប ប្រយ័ត្នប្រយែងធ្វើយ៉ាងណាធានាថា មានតែក្រុមហ៊ុន ឬប្រទេសផ្គត់ផ្គង់ឈើស្របច្បាប់ប៉ុណ្ណោះ ដែលអាចធ្វើការរកស៊ីជាមួយសហភាពអឺរ៉ុប បាន៖ «សហភាពអឺរ៉ុប ចាត់ទុកថា របាយការណ៍របស់ អ៊ី.អាយ.អេ (EIA) បានលាតត្រដាងឲ្យឃើញពីសារសំខាន់នៃការចរចាស្ដីពីកិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្តសហភាពអឺរ៉ុប-វៀតណាម ស្ដីពីការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម ឬ FLEGT (Forest Law Enforcement, Governance and Trade) ដែលមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងវៀតណាម ក្នុងការកម្ចាត់ការកាប់ឈើខុសច្បាប់ ពង្រឹងអភិបាលកិច្ចព្រៃឈើ និងលើកកម្ពស់ពាណិជ្ជកម្មឈើ ដែលបានមកដោយស្របច្បាប់»។
អ្នកស្រីឲ្យដឹងថា នាពេលបច្ចុប្បន្ន ការចរចារវាងសហភាពអឺរ៉ុប និងវៀតណាម បានចប់សព្វគ្រប់ហើយ ហើយភាគីទាំងពីរនឹងចាប់ផ្ដើមបោះជំហានជាផ្លូវការទៅមុខ ទៅរកការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។
អ្នកស្រី ម៉ាចា កូជីជានឆីក (Maja Kocijancic) បន្ថែមថា សហភាពអឺរ៉ុប នឹងត្រូវរង់ចាំសេចក្តីសម្រេចពីក្រុមប្រឹក្សាសហភាពអឺរ៉ុប បន្ទាប់ពីសភាអឺរ៉ុប បានពិនិត្យមើលខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ៖ «ប្រតិភូសហភាពអឺរ៉ុប នឹងតាមដានដោយយកចិត្តទុកដាក់បំផុតពីរបៀបដែលកិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសវៀតណាម និងបន្តសហការកាន់តែកៀកជាមួយរដ្ឋាភិបាលវៀតណាម ក្នុងអនុវត្តកិច្ចព្រមព្រៀងនេះ»។
លក្ខខណ្ឌថ្មីនៃកិច្ចព្រមព្រៀងនេះ តម្រូវឲ្យអ្នកនាំចូលវៀតណាម ទាំងឡាយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីធានាថា រាល់ឈើដែលគេទិញ ត្រូវបានកាប់ ផលិត និងនាំចេញដោយស្របច្បាប់ ដោយអនុលោមទៅតាមប្រទេសដែលត្រូវគេកាប់ឈើនោះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យប្រតិភូសហភាពអឺរ៉ុប នៅការិយាល័យទីក្រុងប្រ៊ុចសែល។ ក៏ប៉ុន្តែអ្នកស្រីមិនទាន់បញ្ជាក់ពីអ្វីដែលអាចកើតឡើង ប្រសិនបើសហភាពអឺរ៉ុប រកឃើញថា ភាគីវៀតណាម បន្លំយកឈើខុសច្បាប់លក់ឲ្យសហភាពអឺរ៉ុប។
គំនរឈើដែលដឹកពីប្រទេសកម្ពុជា ទៅស្តុកទុកនៅប្រទេសវៀតណាម កាលពីខែមីនា ឆ្នាំ២០១៧។ Photo courtesy of EIA Photo courtesy of EIA
របាយការណ៍របស់អង្គារទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អ៊ី.អាយ.អេ (EIA) បានរកឃើញថា ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតក្នុងរយៈពេលនៃបម្រាមរបស់រដ្ឋាភិបាលកម្ពុជា ឈើខុសច្បាប់ចំនួនប្រមាណ ៣០ម៉ឺនម៉ែត្រគូប ត្រូវបានវៀតណាម នាំចូលពីប្រទេសកម្ពុជា។ អ្នកស៊ើបអង្កេតរបស់អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អ៊ី.អាយ.អេ (EIA) ស្រាវជ្រាវឃើញថា អាជ្ញាធរវៀតណាម ដែលពុករលួយ បានប្រែរូបឈើខុសច្បាប់ពីកម្ពុជា ទៅជាឈើស្របច្បាប់វិញ ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ពិសេសនៅសហភាពអឺរ៉ុប។
លោក អ៊ូច ឡេង សកម្មជនបរិស្ថានកម្ពុជា និងជាម្ចាស់ពានរង្វាន់ពិភពលោកផ្នែកការពារបរិស្ថាន Goldman បានសង្កត់ធ្ងន់ថា ប្រសិនបើសហភាពអឺរ៉ុប តាមដានការអនុវត្តកិច្ចព្រមព្រៀងជួញដូរឈើស្របច្បាប់រវាងសហភាពអឺរ៉ុប និងវៀតណាម ឲ្យបានដិតដល់ នោះនឹងគ្មានឈើដែលកាប់ចេញពីតំបន់ព្រៃការពារ ត្រូវបាននាំចេញពីកម្ពុជា ទៅវៀតណាម នោះទេ៕ ប្រភព៖ RFA